website_news:2021191002

ពលរដ្ឋខ្មែរ១៣នាក់ចាញ់បោកមេខ្យល់ដឹកទៅប្លុងចោល យកថ្លៃឈ្នួលម្នាក់ ៦,០០០បាត ដើម្បីទៅថៃតែមិនបានសម្រេច

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ១៦ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ០៩:១៨

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរ១៣នាក់ បានចាញ់បោកមេខ្យល់ដឹកទៅប្លុងចោលក្នុងចំការដំឡូងមីមូយកន្លែង យកថ្លៃឈ្នួលទៅថៃម្នាក់៦,០០០បាត មិនបានសម្រេច ក៏ត្រូវកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ ល្បាតប្រទះឃើញ និងធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងកើតផ្លូវលេខ៥៨ក្រវាត់ព្រំដែនប្រហែល៥០ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រួចបញ្ជូនឲ្យនគរបាលស្រុកថ្មពួក ដើម្បីមានវិធានការបន្ត ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ពលករខ្មែរទាំង១៣នាក់ ក្នុងនោះមានស្រី០៥នាក់ និងកុមារ០១នាក់ រស់នៅភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល ខេត្តឧត្តរមានជ័យ ។

បើយោងតាមការបំភ្លឺរបស់ពលរដ្ឋខ្មែរទាំង១៣នាក់ ប្រាប់ថា ពួកខ្លួនពិតជាមានបំណងចង់ឆ្លងដែនទៅធ្វើការនៅប្រទេសថៃមែន ហើយបានទាក់ទងបងប្អូនដែលធ្វើការនៅប្រទេសថៃ ដើម្បីទៅរកការងារធ្វើ បន្ទាប់មកពួកខ្លួនក៏បានទាក់ទងមេខ្យល់(មិនស្គាល់មុខ) ដោយគេយកថ្លៃឈ្នួលក្នុងម្នាក់៦,០០០បាត បន្ទាប់មកមេខ្យល់បានឲ្យរថយន្តម៉ាកតូរីសពណ៌ស១២កៅអីមិនចាំស្លាកលេខ ទៅយកពួកខ្លួននៅផ្ទះ ។ ពេលធ្វើដំណើរដល់ទីរួមស្រុកថ្មពួក ម្ចាស់រថយន្តនោះបានសុំលុយពួកខ្លួនម្នាក់១,៥០០បាត ប្រាប់ថាយកឲ្យថ្លៃអ្នកជូនផ្លូវឆ្លងដែន ។

ក្រោយយកលុយរួច ម្ចាស់រថយន្តបានឲ្យរថយន្តចំនួន០២គ្រឿងទៀតម៉ាកនីសាន់មួយគ្រឿង ពណ៌ត្រេអ៊ី(ឡានទាហ៊ាន)០១គ្រឿង និង០១គ្រឿងទៀត ម៉ាកកាមរី ពុំចាំស្លាកលេខ មកសាងដឹកបន្តទៅច្រកបឹងត្រកួន ហើយបានដឹកទៅលាក់ទុកក្នុងចំការដំឡូងមីមួយកន្លែងឲ្យរង់ចាំមេខ្យល់មកទទួលយកទៅបន្ត ។ ដោយនៅចាំមេខ្យល់យូរពេក មិនឃើញមានអ្នកមកទទួល ម្យ៉ាងមេឃភ្លៀងផងនោះពួកខ្លួនក៏បាននាំគ្នាចេញមកលើផ្លូវក៏ត្រូវសមត្ថកិច្ចឃាមឃាត់សួរនាំតែម្តង។

លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីធ្វើការអប់រំ ណែនាំពួកគាត់កុំឲ្យចាញ់បោកមេខ្យល់ នាំឲ្យខាតបង់ប្រាក់កាស ព្រោះបច្ចុប្បន្នទាំងថៃនិងកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ និងទប់ស្កាត់ឆ្លងដែនខុសច្បាប់ ។ ទន្ទឹមនោះ ពេលនេះបងប្អូនកំពុងចាញ់បោកមេខ្យល់ ធ្វើឲ្យខាតបង់ទាំងថវិកា និងពេលវេលាទៀត ។ ក្រោយពីបានធ្វើការអប់រំ និងកិច្ចសន្យារួច ពលរដ្ឋទាំងនោះត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ តាមបញ្ជារបស់លោក អែម សុខា អភិបាលស្រុកថ្មពួក ៕

website_news/2021191002.txt · Last modified: 2021/10/19 09:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki