website_news:2021191005

សមត្ថកិច្ច ឃាត់ខ្លួនពលករខ្មែរ ៥៧នាក់ ដែលមានបំណងលួចឆ្លងដែន ចូលប្រទេសថៃ

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ១៧ តុលា ២០២១ដោយ sopheak khoun

សមត្ថកិច្ចកម្ពុជា បានសហការជាមួយយោធាថៃ បង្រ្កាបមុខសញ្ញានាំពលករចេញ ដោយមិនស្របច្បាប់ ដើម្បីឆ្លងដែនចូលក្នុងប្រទេសថៃ ១ករណី។ កិច្ចប្រតិបត្តិការនេះ គឺបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ:៨១៩ និងលោកវរសេនីយ៍ត្រី លី ឡង់ដែន មេបញ្ជាការរង ដឹកនាំកម្លាំងចំនួន ៩នាក់ រួមជាមួយកម្លាំងយោធា សហការជាមួយទាហានឈុតខ្មៅថៃកងរយលេខ ៥២៣ ធ្វើការទប់ស្កាត់ពលករលួចឆ្លងដែន ដោយមិនស្របច្បាប់ ចូលក្នុងប្រទេសថៃ នៅចំណុចចន្លោះបង្គោលសីមាលេខ ៥៣ និង៥៤ ក្នុងភូមិសាស្រ្តភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

កម្លាំងចម្រុះ បានឃាត់ខ្លួនពលករចំនួន ៥៧នាក់ ដែលក្នុងនោះស្រី ២៣នាក់ និងក្មេង ៥នាក់ផងដែរ។ ក្រោយពីសួរនាំ គឺបានកំណត់មុខសញ្ញាជនសង្ស័យ ជាមេខ្យល់ម្នាក់ មានឈ្មោះ ឈន ត្រាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រោយសាកសួរ ក៏បានធ្វើកំណត់ហេតុប្រគល់ទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង អនុវត្តតាមនីតិវិធីច្បាប់៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021191005.txt · Last modified: 2021/10/19 10:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki