website_news:2021200401

សមត្ថកិច្ចឃាត់ខ្លួនពលរដ្ឋ ០៤ នាក់ ដែលចាញ់បោកមេខ្យល់ បំរ៉ុងលួចឆ្លងដែនទៅប្រទេសថៃ បញ្ជូនទៅធ្វើចត្តាឡីស័ក

https://www.gntimes.com/news/ 18 Apr 2021

ខេត្តបន្ទាយមានជ័យ៖ កម្លាំងចម្រុះដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន បានឃាត់ខ្លួនប្រជាពលរដ្ឋ ៤ នាក់ បំរុងលួចឆ្លងដែនចូលទៅប្រទេសថៃ តាមរយៈការអូសទាញពីសំណាក់មេខ្យល់ ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោងជិត ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០២១ នៅចំណុចស្តារវីឡា ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ កម្លាំងចម្រុះដែលចូលរួមប្រតិបត្តិការណ៍នេះមាននគរបាលការពារព្រំដែនគោកលេខ៩១១ កម្លាំងកងពលតូចថ្មើរជើង ៥១ និង កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត។

លោក រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោក លេខ៩១១ បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ប្រជាពលរដ្ឋខ្មែរ ៤នាក់ ក្នុងនោះ មានយុវតីម្នាក់ និង កុមារី ម្នាក់ ចំណែក២នាក់ជាអ្នកនាំផ្លូវ បំរុងនាំពលរដ្ឋលួចឆ្លងដែនទៅធ្វើការនៅប្រទសថៃ បានរត់គេចខ្លួន ។ ចំពោះពលរដ្ឋចំនួន ០៤នាក់ ដែលកម្លាំងសមត្ថកិច្ចបានចុះឃាត់ រួមមាន ៖ ទី១/ឈ្មោះ ជាវ ការ៉ាន់ ភេទប្រុស អាយុ ៣៥ ឆ្នាំ (លក់ដូរនៅផ្សាររុងក្លឿ) មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ។ ទី២/ឈ្មោះ ឈិត ពន្លឺ ភេទប្រុស អាយុ ៣២ ឆ្នាំ (លក់ដូរនៅផ្សាររុងក្លឿ), មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ។ ទី៣/ឈ្មោះ អេង មិនា ភេទស្រី អាយុ ១៤ ឆ្នាំ(សិស្ស) មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ។ ទី៤/ឈ្មោះ អេង ចាន់ណា ភេទស្រី អាយុ 6 ឆ្នាំ (សិស្ស) មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។ ដោយឡែកអ្នកនាំផ្លូវទាំង ២ នាក់(ប្រុស) មិនស្គាល់អត្តសញ្ញាណ ដែលរត់គេចខ្លួន ដែលមានលេខទូរស័ព្ទ090689960។

ក្រោយពីបានឃាត់ខ្លួននឹងសួរនាំរួចមក កម្លាំងសមត្ថកិច្ចបានបញ្ជូនបងប្អូនពលរដ្ឋទាំង៤នាក់ ទៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យនិមិត្ត ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដើម្បីធ្វើការតាមដានសុខភាព ។ ចំណែកជនទាំង២នាក់ ដែលជាមេខ្យល់សមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួន ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ៕

website_news/2021200401.txt · Last modified: 2021/04/20 11:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki