website_news:2021200404

សង្គមស៊ីវិល អំពាវនាវអាជ្ញាធរបង្កើនការទប់ស្កាត់ការរំលោភបំពានផ្លូវភេទនិងហិង្សានៅតំបន់បិទខ្ទប់

https://thmeythmey.com/ 18, Apr 2021 , 8:59 pm ដោយ: ឡាយ សុភាវតី

ភ្នំពេញ៖ សង្គមស៊ីវិលជាង២០ស្ថាប័ន បានអំពាវនាវឲ្យអាជ្ញាធរបង្កើនការយកចិត្តទុកដាក់ និងលើកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយលើករណីរំលោភបំពានផ្លូវភេទ ហិង្សាលើស្រ្តី កុមារ និងស្រលាញ់ភេទដូចគ្នា នៅតំបន់បិទខ្ទប់និងអំឡុងពេលធ្វើចត្តាឡីស័ក។ លើសពីនេះ គឺពិនិត្យលើកន្លែងស្នាក់នៅរួមរបស់អ្នកពាក់ព័ន្ធកូវីដ-១៩ ដើម្បីជៀសផុតពីការបៀតបៀននិងហិង្សា។

ការចេញសេចក្ដីអំពាវនាវរួមរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស(CCHR), សម្ព័ន្ធជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ(LICADHO), អង្គការក្លាហាន (Klahaan) និងសង្គមស៊ីវិលជាង២០ទៀតនៅថ្ងៃទី១៦មេសានេះ គឺដោយសារសង្កេតឃើញចាប់តាំងពីថ្ងៃទី៩មេសា រដ្ឋាភិបាលបានសម្រេចបិទខ្ទប់តំបនមួយចំនួន ហើយក៏បានរៀបចំទីតាំងចត្តាឡីស័ករួម ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ ប៉ុន្តែស្ថានភាពនេះ ក៏បានបង្កជាបញ្ហាប្រឈមនៃផលវិបាកផ្លូវចិត្តនិងបញ្ហាសង្គមផងដែរ។ សង្គមស៊ីវិលហៅស្ថានភាពនេះថា ប្រតិកម្មនៃការធ្វើចត្តាឡីស័ក ដែលអាចនឹងបង្កឲ្យមានករណីហិង្សាប្រឆាំងនឹងយេនឌ័រ និងការរំលោភបំពានផ្លូវភេទជាដើម។ ទន្ទឹមនឹងនេះ បណ្ដាញអង្គការក្រៅរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា កត្តាមួយចំនួនដែលនាំឲ្យមានការកើនឡើងនូវអំពើហិង្សានិងការបៀតបៀនផ្លូវភេទ គឺភាពមិននឹងនរនៃសេដ្ឋកិច្ចគ្រួសារ និងរបៀបនៃការរស់នៅបែបថ្មី។ ការអះអាងនេះ អង្គការសង្គមស៊ីវិលធ្វើឡើង ដោយផ្អែកតាមបទនៃប្រទេសជាច្រើន ដែលកំពុងរងការរាលដាលកូវីដ-១៩ធ្ងន់ធ្ងរ។

«…ទាមទារឲ្យមានការបន្សាំខ្លួនយូរដែលប៉ះពាល់ដល់អារម្មណ៍និងផ្លូវចិត្ត ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងឱកាសអំណោយផលក្នុងការប្រព្រឹត្តនៅក្នុងតំបន់ ឬទីតាំងធ្វើចត្តាឡីស័ក ឬទីតាំងសម្រាកព្យាបាលរួម ឬតំបន់បិទខ្ទប់ដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងតែមានភាពមមាញឹកក្នុងការជួយសង្គ្រោះ និងអន្តរាគមន៍ប្រឆាំងនឹងកូវីដ-១៩ជាដើម»។

ទាំងនេះជាបញ្ហាប្រឈមនៃប្រទេសដែលឆ្លងកូវីដ-១៩ធ្ងន់ធ្ងរជួបប្រទេះ ដោយបានលើកឡើងពីបណ្ដាញសង្គមស៊ីវិល។ កុមារ ស្រី្ត និងក្រុមអ្នកប្ដូរយេនឌ័រ/ភេទ គឺជាក្រុមងាយរងគ្រោះជាងគេក្នុងអំឡុងពេលរាតត្បាតនេះ។ អង្គការស្គមស៊ីវិលបានអំពាវនាវឲ្យរដ្ឋាភិបាលនិងអាជ្ញាធរទាំងអស់បង្កើនការការពារ និងទប់ស្កាត់ការបៀតបៀន ការរំលោកបំពានផ្លូវភេទ និងអំពើហិង្សាប្រឆាំងនឹងយេនឌ័រ។ ជាមួយគ្នាដែរ គឺស្នើឲ្យរដ្ឋទុកការគាំទ្រលើការទប់ស្កាត់នេះ ជាអទិភាពបន្ទាប់ពីការទប់ស្កាត់កូវីដ-១៩ ពិសេសក្នុងតំបន់ចត្តាឡីស័ករួម និងតំបន់បិទខ្ទប់។

«បន្តធានាឲ្យមានទីធ្លាសុវត្ថិភាពនិងឯកជនភាបគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងអស់នៅតាមទីតាំងធ្វើចត្តាឡីស័ករួម ឲ្យមានភាបដាច់ដោយឡែក ដូចជាកន្លែងគេង ដែលកំណត់សម្រាប់ស្រី្តបុរសម្នាក់ៗ ឬក្រុមគ្រួសារ» នេះបើតាមអំពាវនាវដល់រដ្ឋាភិបាលរបស់អង្គការសង្គមស៊ីវិញ ដោយបន្ថែមស្នើឲ្យមានការបង្កើតវិធីសាស្រ្តថ្មីៗ ក្នុងការរាយការអំពីករណីហិង្សានិងរំលោភបំពាន។ ក្រៅពីនេះត្រូវធ្វើការផ្សព្វផ្សាយរួមគ្នា ដើម្បីលុបបំបាត់ការរើសអើង ការមាក់ងាយនិងឧបសគ្គដែលនាំឲ្យជនរងគ្រោះមិនព្រមរាយការណ៍ពីករណីបៀតវៀនឬហិង្សាដែលកើតមានលើខ្លួន។

website_news/2021200404.txt · Last modified: 2021/04/20 11:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki