website_news:2021200502

តុលាការខេត្តឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការនាំពលករ ៨ ម្នាក់បម្រុងឆ្លងដែនចូលប្រទេសថៃ

https://m.postkhmer.com/ គឹម សារុំ 17 May 2021 | 18:17 ICT

បន្ទាយមានជ័យ៖ បុរសជាមេខ្យល់ម្នាក់ដែលនាំពលករឆ្លងដែនទៅថៃ ត្រូវបានតុលាការខេត្តបន្ទាយមានជ័យឃុំក្នុងពន្ធនាគារកាលពីថ្ងៃទី ១៦ ឧសភា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបាន ១ ថ្ងៃ នៅក្នុងភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈពលករប្រុសស្រី ៨ នាក់ទៀត ត្រូវនាំយកទៅធ្វើចត្តាឡីស័ក។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់នៅថ្ងៃទី ១៧ ឧសភាថា បុរសមេខ្យល់នោះឈ្មោះ វណ្ណៈ វណ្ណ អាយុ ២៩ ឆ្នាំ រស់នៅភូមិតាគ្រី ឃុំគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ បុរសរូបនេះត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញដីកាឃុំខ្លួននៅពន្ធនាគារខេត្ត កាលពីថ្ងៃទី ១៦ ឧសភា។ ចំណែកពលករ ៨ នាក់ ត្រូវបានបញ្ជូនទៅទីតាំងធ្វើចត្តាឡីស័កក្នុងខេត្ត។ លោកបានថ្លែងថា៖ «ជនសង្ស័យត្រូវបានចោទពីបទនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនតាមបញ្ញត្តិមាត្រា១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»។

មាត្រា១១ នៃច្បាប់នេះចែងថា ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ក្នុងគោលដៅឬនាំយកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ទៅ ១៥ ឆ្នាំ។ ដូច្នេះបើតុលាការរកឃើញថា ជននេះពិតជាបានប្រព្រឹត្តមែននោះនឹងត្រូវជាប់ពន្ធនាគារដូចដែលច្បាប់បានបញ្ញត្តិខាងលើប្រាកដ។ លោក ព្រហ្ម ថេង បានរំឭកប្រាប់ថា ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ ខណ:ជនសង្ស័យជាមេខ្យល់រូបនេះកំពុងនាំផ្លូវពលករបម្រុងឆ្លងដែនទៅប្រទេសថៃ ត្រង់ចំណុចភូមិសាស្ត្រ អូរព្រំដែន ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ការបង្ក្រាបនេះក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។

បើតាមលោក ព្រហ្ម ថេង ដែលបានស្រង់សម្តីលោកវរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ម្នាក់នេះនិងរថយន្ត១ គ្រឿង ជាមួយពលករប្រុសស្រីចំនួន៨នាក់ទៀត (ប្រុស ៣ ស្រី ៥ នាក់) ខណៈកំពុងបម្រុងឆ្លងដែនចូលទៅដីថៃ។

លោកបញ្ជាក់ប្រាប់ថា កិច្ចប្រតិបត្តិការនេះ គឺកម្លាំងកងរាជអាវុធហត្ថរបស់លោកបានសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក និងសមត្ថកិច្ចស្រុកម៉ាឡៃ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់បំណងទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩។ លោក ព្រហ្ម ថេង បានបញ្ជាក់បន្ថែមថា ជាញឹកញាប់គេសង្កេតឃើញថា នៅភូមិសាស្ត្រឃុំបឹងបេង ក្នុងស្រុកម៉ាឡៃ គឺមេខ្យល់តែងនាំពលករឆ្លងដែនចូលប្រទេសថៃ ពីព្រោះតំបន់នោះនៅជាប់ព្រំដែនកម្ពុជា-ថៃ ហើយជាដីគោកផង។ ហេតុដូច្នេះហើយទើបបង្កលក្ខណៈងាយស្រួលដល់មេខ្យល់ក្នុងការនាំមនុស្សចូលទៅក្នុងដីថៃ។ តែក៏ត្រូវបានកម្លាំងសមត្ថកិច្ចដែលយាមកាមចាប់ខ្លួនបានជាបន្តបន្ទាប់ផងដែរ៕

website_news/2021200502.txt · Last modified: 2021/05/21 11:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki