website_news:2021200507

មេខ្យល់២នាក់ ត្រូវបានឃាត់ខ្លួន ខណៈលួចនាំពលករឆ្លងដែនចូលទឹកដីថៃខុសច្បាប់

https://www.kampucheathmey.com/ ថ្ងៃអង្គារ ១៨ ឧសភា ២០២១ ដោយ Kang Tola

បាត់ដំបង ៖ មេខ្យល់នាំពលករចូលទៅប្រទេស ដោយខុសច្បាប់ចំនួន២នាក់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ បានចុះល្បាតប្រទះឃើញឃាត់ខ្លួន នៅថ្ងៃទី១៧ ខែឧសភាម្សិលមិញខណៈ ដែលពួកគេកំពុងនាំពលករឆ្លងដែនចូលប្រទេសថៃ ដែលទង្វើនេះ បានផ្គើននិងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផង។

លោកវរសេនីយ៍ឯក សុខ ដែន មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥៣ បានឲ្យដឹងនៅថ្ងៃទី១៨ ខែឧសភានេះថា ការបង្ក្រាបករណីខាងលើកងកម្លាំងខិតខំបំពេញភារកិច្ចតាមបទបញ្ជាដែលថ្នាក់ដឹកនាំកំពូលៗពីថ្នាក់ជាតិបានដាក់ចេញនូវវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាទប់ស្កាត់រាល់បទល្មើសមួយចំនួនទៀត និងស្របជាមួយនឹងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីកែវ សេង មេបញ្ជាការកងពលផងដែរ ដែលតែងជំរុញឲ្យដល់បណ្តាកងកម្លាំងតាមគោលដៅតំបន់ព្រំដែនទាំងអស់ ត្រូវរឹតបន្តឹងនូវបញ្ហាសន្តិសុខព្រំដែនឲ្យកាន់តែមានប្រសិទ្ធភាព។ ប្រភពខាងលើបន្តថា ជនសង្ស័យជាមេខ្យល់ទាំង២នាក់មានឈ្មោះ មាន រឿន ភេទប្រុស អាយុ៣៤ឆ្នាំ និងម្នាក់ឈ្មោះ សេង តាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិបឹងរាំងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ឃាត់ខ្លួនបាននៅចំណុចដើមអំពិលទឹកឋិតក្នុងភូមិសាស្ត្រភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលពួកគេកំពុងធ្វើសកម្មភាពនាំពលករ។

លោកវរសេនីយ៍ឯក សុខ ដែន បានបញ្ជាក់បន្តថា ដោយមានការអនុវត្តភារកិច្ចចុះល្បាតតាមបន្ទាត់ព្រំដែនដើម្បីពង្រឹងនូវវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ គឺ២៤ម៉ោងលើ២៤ម៉ោង គិតចាប់តាំងពីទទួលផែនការពង្រឹងវិធានការទប់ស្កាត់នូវជំងឺកូវីដ១៩មក កម្លាំងកងពលតូចថ្មើរជើងលេខ៥៣ បានបំពេញកាតព្វកិច្ចបើកការស្រាវជ្រាវនាំខ្លួនមេខ្យល់មកដល់ពេលនេះបានចំនួន១៣នាក់ បញ្ជូនបន្តអនុវត្តតាមនីតិវិធី។ ចំណែកប្រជាពលរដ្ឋដែលជាពលករបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កបានចំនួនជិត១០.០០០នាក់ផងដែរ៕ ដោយ ៖ សៅ សារិទ្ធ

website_news/2021200507.txt · Last modified: 2021/05/21 12:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki