website_news:2021200508

វៀតណាមនឹងចាត់វិធានការ បណ្ដេញពលករបរទេសខុសច្បាប់ចេញ

https://thmeythmey.com/ 18, May 2021 , 8:29 pm

ជាតិ៖ រដ្ឋាភិបាលវៀតណាម នឹងចាត់វិធានការផ្លូវច្បាប់បណ្ដេញពលករបរទេសខុសច្បាប់ ដែលកំពុងធ្វើការនៅក្នុងប្រទេសខ្លួន ដើម្បីជៀសវាងការប្រើប្រាស់ពលករខុសច្បាប់។ លើសពីនេះ អាជ្ញាធរមូលដ្ឋានវៀតណាម នឹងពង្រឹងការត្រួតពិនិត្យលិខិតអនុញ្ញាតការងារ នៅតាមសហគ្រាស និងគ្រឹះស្ថាននានា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាមចេញថ្ងៃទី១៧ ឧសភា។

ក្រសួងការងារយុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើអាជ្ញាធរខេត្ត និងក្រុងនានារបស់ខ្លួន ឲ្យពិចារណាលើការបណ្ដេញពលករបរទេស ដែលគ្មានលិខិតអនុញ្ញាតធ្វើការងារត្រឹមត្រូវ ឬមិនគោរពវិធានការចេញចូល។ ស្ថានទូតកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ករណីនេះ អាជ្ញាធរមូលដ្ឋាន និងទីភាក់ងារពាក់ព័ន្ធនានា នឹងពង្រឹងការត្រួតពិនិត្យលិខិតអនុញ្ញាតការងារ និងចំនួនរពលករបរទេសនៅតាមសហគ្រាស និងគ្រឹះស្ថាននានា ដោយអនុវត្តតាមនីតិវិធីជាធរមាន ដើម្បីជៀសវាងការប្រើប្រាស់ពលករខុសច្បាប់នៅវៀតណាម»។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី១៨ ឧសភាថា នៅប្រទេសវៀតណាម ពុំមានពលករខ្មែរខុសច្បាប់ធ្វើការ និងរស់នៅឡើយ។ ដូច្នេះ ចំណាត់ការរបស់ប្រទេសវៀតណាមនេះ លោក កុយ គួង ថា មិនមានបញ្ហាប្រឈមដល់ពលករកម្ពុជាទេ។ «ខ្ញុំទទួលព័ត៌មានពីខាងស្ថានទូតយើងនៅទីនោះ គឺយើងអត់មានពលករខុសច្បាប់ទៅធ្វើការវៀតណាមទេកន្លងមក គឺកម្រមានពលករយើងទៅធ្វើខុសច្បាប់ណាស់នៅវៀតណាម។ ប៉ុន្តែក្រែងយើងក្ដាប់ព័ត៌មានមិនឬចន្លោះអី មានតិចតួចយើងមិនដឹងអី។ ប៉ុន្តែមានពលរដ្ឋយើងមួយចំនួនតិចតួចទៅរស់នៅទីនោះ។ ដូច្នេះ មិនមានបញ្ហាប្រឈមឡើយ នៅពេលវៀតណាមចាត់វិធាការនេះ(បណ្ដេញពលករខុសច្បាប់)»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេស ដោយអះអាងថា កន្លងមក អាជ្ញាធរវៀតណាម ធ្លាប់ជូនដំណឹងពីពលរដ្ឋខុសច្បាប់ទៅវៀតណាម ហើយមន្រី្តទូតកម្ពុជាក៏ជួយសម្របសម្រួលដោះស្រាយហើយដែរ។ ប៉ុន្តែករណីនេះ គឺមានចំនួនតិចតួចបំផុត ពោលគឺត្រឹម២ឬ៣ករណីប៉ុណ្ណោះ៕

website_news/2021200508.txt · Last modified: 2021/05/21 12:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki