website_news:2021200708

ពលករខ្មែរនៅថៃដែលឆ្លងជំងឺកូវីដ-១៩ កំពុងខ្វះសេវាថែទាំសុខភាព

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 19/07/2021 - 14:32

ពលករខ្មែរនៅថៃរាប់រយនាក់ កំពុងប្រឈមកង្វះការថែទាំយកចិត្តទុកដាក់ព្យាបាលពីសំណាក់អាជ្ញាធរថៃ ខណៈដែលពួកគេបានឆ្លងជំងឺកូវីដ-១៩។ មន្រ្តីទទួលបន្ទុកផ្នែកពលកររបស់អង្គការសង់ត្រាល់ ប្រាប់វិទ្យុបារាំងអន្តរជាតិ ពីប្រទេសថៃមកថា ស្ថានភាពពលករខ្មែរដែលឆ្លងជំងឺកូវីដ-១៩នៅពេលនេះ ត្រូវដាក់សម្រាកឲ្យព្យាបាលនៅកន្លែងដែលពួកគេស្នាក់នៅ ដោយសារតែមន្ទីរពេទ្យមួយចំនួននៅប្រទេសថៃប្រឈមនឹងសភាពចង្អៀតណែន។

ទោះបីជាមានការមើលថែខ្លះពីសំណាក់ក្រុមគ្រូពេទ្យក្នុងប្រទេសថៃតាមបណ្តាទីក្រុងមួយចំនួនក្តី ក៏ប៉ុន្តែសម្រាប់ពលករខ្មែរដែលកំពុងរស់នៅទីក្រុងបាងកក កំពុងប្រឈមនឹងស្ថានការណ៍ស្រួចស្រាល់ ដោយសារតែមិនមានស្បៀងអាហារ និងថ្នាំសង្កូវផ្គត់ផ្គង់ នៅខណៈដែលពួកគេកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ និងជំរុំ។ នេះបើតាមការបញ្ជាក់ពីលោកលឹង សុផុន មន្ត្រីអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស Central ប្រាប់វិទ្យុបារាំងអន្តរជាតិពីទីក្រុងឈុនបុរី ប្រទេសថៃនៅថ្ងៃចន្ទទី១៩កក្កដានេះ។ បើតាមលោកលឹង សុផុន ពលករខ្មែរដែលឆ្លងជំងឺកូវីដ-១៩ ជាពលករធ្វើការតាមការដ្ឋានសំណង់ដែលភាគច្រើនពួកគេមិនមានឯកសារគ្រប់គ្រាន់ ទើបថៅកែក្រុមហ៊ុន និងក្រុមគ្រូពេទ្យមិនអើពើ។ ស្ថិតក្នុងស្ថានការណ៍ពិបាកគ្រប់គ្រង ដែលមានចំនួនអ្នកឆ្លងជាប្រចាំថ្ងៃរាប់ម៉ឺននាក់ ជាពិសេសនៅក្នុងទីក្រុងបាងកកផ្ទាល់តែម្តង ក្រសួងការងារថៃកាលពីថ្ងៃទី៥កន្លងទៅ បានចេញនូវសេចក្តីសម្រេចក្នុងការបញ្ឈប់ការធ្វើតេស្តរកជំងឺកូវីដ-១៩ទៅលើពលករប្រមាណ៣ម៉ឺននាក់ ដែលរួមមានទាំងពលករខ្មែរ។ តាមសេចក្តីសម្រេច គឺដោយសារតែមន្ទីរពេទ្យថៃកំពុងប្រឈមខ្វះខាតបរិក្ខាវេជ្ជសាស្រ្ត និងកន្លែងដាក់សម្រាកព្យាបាលថ្ងៃជំងឺកូវីដ-១៩។

លោក ហ្វីល រ៉ូប៊ឺតសុន នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានសរសេរលើបណ្តាញធ្វីតធ័ររបស់ខ្លួន កាលពីថ្ងៃពុធកន្លងទៅថា នេះជាការរើសអើងនិងរំលោភបំពានលើសិទ្ធិទទួលបានការព្យាបាលរបស់ជនចំណាកស្រុកនៅក្នុងប្រទេសថៃ។ ដោយលោកចាត់ទុកថា នេះជាសកម្មភាពមួយគួរឲ្យស្អប់ខ្ពើមនិងមិនអាចទទួលយកបាន។

តាមរយៈស្ថានការណ៍កាន់តែស្រួចស្រាល់នេះ លោកលឹង សុផុន ក៏បានឲ្យដឹងដែរថា ពលករខ្មែរបច្ចុប្បន្នកំពុងស្វះស្វែងរកដំណោះស្រាយ និងការអន្តរាគមន៍តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដោយជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យពួកគេអាចទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យថៃ និងម្យ៉ាងទៀតអាចជួយសម្រួលពួកគេអាចត្រលប់ចូលមកកម្ពុជាវិញ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ បច្ចុប្បន្នកម្ពុជាមានពលករជាង១លានកំពុងរស់នៅប្រកបរបបនៅប្រទេសថៃ ក្នុងបរិការណ៍កូវីដ-១៩។ ចំនួននេះមានការថយចុះជាង១លាននាក់ ដោយសារពួកគេខ្លះបានត្រលប់ចូលមកកម្ពុជាវិញជាបន្តបន្ទាប់៕

website_news/2021200708.txt · Last modified: 2021/07/20 11:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki