website_news:2021200805

មនុស្ស ៣ នាក់ត្រូវចាប់ខ្លួន រឿងបម្រុងនាំមនុស្សឆ្លងដែនទៅថៃ

https://www.postkhmer.com/ អោម ប៊ុនធឿន | Publication date 19 August 2021 | 10:41 ICT

បាត់ដំបងៈ សមត្ថកិច្ចនគរបាលស្រុកកំរៀង កំពុងស៊ើបអង្កេតស្វែងរកមេខ្យល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ក្រោយពីបក្ខពួក ៣ នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៧ ខែសីហា នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្តនីតិវិធីនៅព្រឹកថ្ងៃទី ១៨ ខែសីហា។

លោក ង៉ែត វណ្ណា អធិការរងនគរបាលស្រុកកំរៀង ថ្លែងថាជនសង្ស័យ ៣ នាក់ ក្នុងនោះមាន ២ នាក់ ជាអ្នកដឹកជញ្ជូនមនុស្សមកពីខេត្តកំពង់ចាម និងម្នាក់ទៀតជាអ្នកប្រមូលមនុស្ស។ ចំណែកមេខ្យល់នៅពីក្រោយរឿងនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួន។ លោកថ្លែងថា៖ «មេខ្យល់យើងចែកដាច់ដោយឡែក ចំណែកពួកគាត់នេះជាអ្នកប្រមូលផ្តុំ រកឡានដឹកយកមកឱ្យមេខ្យល់បន្តទៀត ប៉ុន្តែពួកគាត់ហ្នឹងក៏ប្រហាក់ប្រហែលនឹងមេខ្យល់ដែរ។ ដោយឡែកមេខ្យល់តែម្តងយើងស្រាវជ្រាវអត់ទាន់ឃើញទេ ដោយសារគាត់បិទទូរស័ព្ទ»។ លោក វណ្ណា បញ្ជាក់ថា ជនសង្ស័យជាអ្នកដឹកជញ្ជូន និងប្រមូលផ្តុំមនុស្សនេះ បានដឹកមនុស្សទាំងអស់ចំនួន ៤៤ នាក់ ក្នុងនោះមានទាំង អនីតិជនចំនួន ១២ នាក់ មកពីខេត្តកំពង់ចាមទាំងយប់ ប៉ុន្តែបានមកដល់ចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងក្នុងវេលាព្រឹក ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញ ក៏ឃាត់ខ្លួនពួកគេតែម្តង។

លោកថ្លែងថា៖ «យើងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់ ជិះរថយន្តប្រភេទដឹកជញ្ជូនម៉ាកសាំងយ៉ុងចំនួន ២ គ្រឿង ដោយមានប្រជាពលរដ្ឋដែលសន្និដ្ឋានថា ជាពលករ និងកូនចៅរបស់គាត់ជាជនរងគ្រោះក្នុងអំពើនាំចេញនេះចំនួន ៤៤ នាក់ក្នុងនោះ ស្រីចំនួន ១០ នាក់ អនីតិជនចំនួន ១២ នាក់ ស្រីម្នាក់»។ បើតាមលោក វណ្ណា ជនសង្ស័យទាំង ៣ នាក់ ទី ១ មានឈ្មោះ ហេង ច័ន្ទដារា ភេទប្រុស អាយុ ៣៦ ឆ្នាំរស់នៅភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន ទី ២ មានឈ្មោះ ឆេន រ័ត្នវ័ន ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន និងទី ៣ ឈ្មោះ សេង ឈុន ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដើរប្រមូលមនុស្ស។ ដោយឡែក ពលរដ្ឋដែលត្រូវជនសង្ស័យនាំមកទាំងនោះត្រូវសមត្ថកិច្ចធ្វើការអប់រំណែនាំ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕

website_news/2021200805.txt · Last modified: 2021/08/20 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki