website_news:2021200905

ថៃស្នើកម្ពុជា បញ្ជូនពលករខ្មែរចាក់វ៉ាក់សាំងរួច ទៅធ្វើការក្នុងប្រទេសខ្លួន ខណៈគេកំពុងខ្វះកម្លាំងពលកម្ម

https://news.btv.com.kh/ 09/17/2021 01:09 PM

ភ្នំពេញ៖ អាជ្ញាធរនៃប្រទេសថៃ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ជួយបញ្ជូនពលករខ្មែរ ដែលបានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ រួចរាល់ហើយនោះ ទៅធ្វើការនៅតាមរោងចក្រ ក្នុងប្រទេសរបស់ខ្លួន ខណៈប្រទេសគេបានកំពុងប្រឈមខ្លាំង ក្នុងការខ្វះកម្លាំងពលកម្មនោះ។

ក្នុងជំនួបជាមួយ សុខ សុក្រឹត្យា រដ្ឋលេខាធិការកក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម Niphon BUNYAMANEE អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានថ្លែងកោតសរសើរ ចំពោះវិធានការដោះស្រាយវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ។ ជាមួយគ្នានោះអនុរដ្ឋ មន្ត្រីក្រសួងមហាផ្ទៃថៃ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា សហការរៀបចំលក្ខខណ្ឌពិសេសណាមួយ ក្នុងការបញ្ជូនពលករខ្មែរ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ ដើម្បីទៅធ្វើការនៅប្រទេសថៃវិញ ព្រោះនៅតាមរោងចក្រឧស្សាហកម្ម និងរោងចក្រផលិតកម្មផ្សេងៗនៅប្រទេសថៃ កំពុងប្រឈមការខ្វះខាតកម្លាំងពលកម្ម ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានស្នើភាគីថៃ កំណត់វិធានសុវត្ថិភាពលើការធ្វើពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរទំនិញតាមព្រំដែន សហការក្នុងការទប់ស្កាត់ការជួញដូរមនុស្សឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ និងអាជ្ញាធរថៃ ជួយជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនពលករខ្មែរ ដោយឥតគិតថ្លៃផង ។

កាលពីពេលថ្មីៗ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបានចាត់ទុកកម្ពុជា ជាប្រទេសមានសុវត្ថិភាពបំផុត នៅក្នុងតំបន់អាស៊ាន ក្នុងការទទួលភ្ញៀវទេសចរណ៍បរទេស ៕ អត្ថបទ បាន ចក់

website_news/2021200905.txt · Last modified: 2021/09/20 08:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki