website_news:2021200908

ឃាត់ខ្លួនជនជាតិថៃ៥នាក់ ដែលបម្រុងលបឆ្លងដែនមកធ្វើការនៅក្នុងប្រទេសកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ១៨ កញ្ញា ២០២១ដោយ Kang Tola

ប្រទេសថៃ ៖ ជនជាតិថៃចំនួន ៥ នាក់ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ ៣ សហការជាមួយកម្លាំងអធិការស្រុកគោកខ្យូង ធ្វើការឃាត់ខ្លួននៅក្បែរខ្សែបន្ទាត់ព្រំដែន ថៃ-កម្ពុជា ខណៈដែលពួកគេបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច បានណងយ៉ាកែវ ក្នុងឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេកំពុងធ្វើដំណើរ ជិតដល់ព្រំដែនកម្ពុជា ក្នុងពេលដែលប្រទេសមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ។ ក្រោយពេលឃាត់ខ្លួន ពួកគេ បានអះអាងថា ការលបឆ្លងដែននេះគឺពួកគេមានបំណងចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ព្រោះឮអ្នកស្គាល់គ្នាប្រាប់ថា បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ។

ជនជាតិថៃទាំង៥នាក់ ដែលក្នុងនោះមានប្រុស៣ ស្រី២ បានបន្តថា ពួកគេជិះឡានក្រុងមកពីខេត្តភិចិត្រ ២ នាក់ មកពីខេត្តឈៀងម៉ៃ ១ នាក់ និងមកពីខេត្តស្រះកែវ ២ នាក់ ដោយមកជួបគ្នានៅស្រុកអារញ្ញប្រាថេត ហើយក៏មានរថយន្ត តូយូតា វីហ្គូ ពណ៌ខ្មៅមកដឹកទៅទម្លាក់នៅចំណុច ផ្លូវលូករុង ទើបមានមេខ្យល់ខ្មែរម្នាក់មកទទួល ដោយនាំដើរកាត់ស្រែចំការដើម្បីឆ្ពោះទៅខ្សែបន្ទាត់ព្រំដែន ប៉ុន្តែមុននឹងសមត្ថកិច្ចចាប់ខ្លួន មេខ្យល់នោះបានរត់គេចខ្លួនបាត់ស្រមោល ដោយសារតែគេស្គាល់ភូមិសាស្ត្រច្បាស់។ បច្ចុប្បន្នជនជាតិថៃទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកគោកខ្យូង ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2021200908.txt · Last modified: 2021/09/20 08:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki