website_news:2021201001

ក្រុមការងារអន្តរក្រសួងស្ថាប័ន ជួបពិភាក្សា ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងវឌ្ឍនភាព លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់កម្ពុជា

https://cen.com.kh/ Posted ByPen Srey NeatOctober 19, 2021

ភ្នំពេញ ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាប្រធានក្រុមការងារសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារអន្តរក្រសួងស្ថាប័នដើម្បីជួបពិភាក្សា ជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ពាក់ព័ន្ធនឹងវឌ្ឍនភាព លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់កម្ពុជា។ កិច្ចប្រជុំពិនិត្យនិងពិភាក្សា ស្តីពីវឌ្ឍនភាពការងារប្រយុទ្វប្រឆាំងអំពើជួញដូរមនុស្ស មានការចូលរួមពីតំណាងពីក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងធនាគារជាតិនៃកម្ពុជា និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

កិច្ចប្រជុំបានពិភាក្សាលើបញ្ហា ពាក់ព័ន្ធនឹង ទី១.ការកាត់ទោសជនល្មើសជួញដូរមនុស្ស ទី២.ទិន្នន័យជាក់លាក់និងស៊ីជម្រៅ នៃការកាត់ទោសបទល្មើសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ទី៣.ការចុះធ្វើអធិការកិច្ចការងារលើកន្លែង ដែលមានហានិភ័យខ្ពស់ ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដូចជាការដ្ឋានសំណង់ ឡឥដ្ឋ និងកន្លែងសេវាកម្សាន្តជាដើម ទី៤.ការធ្វើអធិការកិច្ចលើស្ថាប័ន ផ្តល់ប្រាក់កម្ចីនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងទី៥. វឌ្ឍនភាពលើការកំណត់អត្តសញ្ញាណជនរងគ្រោះ។

ទន្ទឹមនេះ ប្រតិភូសហរដ្ឋអាមេរិក ក៏មានបំណងឈ្វេងយល់បន្ថែមនូវការងាររបស់ក្រសួងអប់រំ យុវជននិងកីឡា ដែលបានបញ្ចូលមេរៀននៃការទប់ស្កាត់អំពើជួញដូរមនុស្ស ទៅក្នុងកម្មវិធីសិក្សាអប់រំផងដែរ។ គណៈប្រតិភូអាមេរិក ក៏បានសម្តែងនូវការកោតសរសើរ ដល់រាជរដ្ឋាភិបាល លើវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការបង្រ្កាបអំពើជួញដូរមនុស្ស ក៏ដូចជាការប្រមូលទិន្នន័យពាក់ព័ន្ធ នឹងអំពើជួញដូរមនុស្សនៅកម្ពុជា។

ក្រសួង ស្ថាប័នជំនាញ បានពន្យល់យ៉ាងក្បោះក្បាយនូវចំណុចទាំងនេះ ដូចជាតំណាងក្រសួងយុត្តិធម៌ បានពន្យល់ ក៏ដូចជាផ្តល់នូវឧទាហរណ៍ក្នុងការអនុវត្តច្បាប់ ដោយគ្មានការអត់ឱនរបស់កម្ពុជា ចំពោះអ្នកដែលប្រព្រឹត្តិនិងពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ហើយកំពុងរៀបចំប្រព័ន្ធកុំព្យូទ័រសម្រាប់ប្រមូលទិន្នន័យ ដើម្បីធានាបានភាពកាន់តែសុក្រិត្យនៃច្បាស់លាស់នៃទិន្នន័យ ផងដែរ។

ទន្ទឹមនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានលើកឡើងអំពីការធ្វើអធិការកិច្ចការងារ និងយន្តការដែលបានបង្កើត ដើម្បីធ្វើអធិការកិច្ចការងារក្នុងវិស័យសំណង់ កសិកម្ម កម្មន្តសាល និងឡឥដ្ឋ ដែលជា វិស័យមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ ចំណុចទី៤ ឆ្លើយតបដោយធនាគារជាតិនៃកម្ពុជា និងចំណុចទី៥ដោយ គ.ជ.ប.ជ ហើយក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហាញពីខ្លឹមសារនៃការដាក់បញ្ចូល ការទប់ស្កាត់អំពើជួញដូរមនុស្ស ទៅក្នុងកម្មវិធីសិក្សាថ្នាក់បឋមសិក្សា មធ្យមសិក្សា និងបង្កើតសម្ភារៈឧប្បទ្ទេសសម្រាប់គ្រូបង្រៀនផងដែរ។ ក្រសួងអប់រំនឹងផ្តល់ឯកសារមេរៀននេះដល់ភាគីអាមេរិកដើម្បីស្វែងយល់បន្ថែម។

កិច្ចប្រជុំបានបញ្ចប់ទៅដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងទទួលបានលទ្ធផលជាវិជ្ជមាន ហើយភាគីទាំង២ បានឯកភាពគ្នា ថានឹងបន្តកិច្ចសន្ទនាជាទៀងទាត់ ជាពិសេសបង្កើនកិច្ចសន្ទនាឱ្យបានញឹកញាប់រវាងមន្រ្តីបច្ចេកទេសនៃភាគីទាំងពីរ ក្នុងគោលបំណងពង្រឹងកិច្ចសហការ ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យថ្មី។

ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលរបស់លោកប្តេជ្ញាចិត្ត ក្នុងការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការជួញដូរមនុស្សឲ្យនៅសល់កម្រិតទាបបំផុត ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបញ្ជាក់ថា ជាទូទៅសហរដ្ឋអាមេរិក គាត់មានការប្តេជ្ញាចិត្តថា ជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សគ្រប់ប្រទេស។ ដោយឡែកកម្ពុជា គាត់ប្តេជ្ញាចិត្តថា នឹងបន្តគាំទ្រ ដើម្បីធ្វើយ៉ាងណាឲ្យសកម្មភាពជួញដូរមនុស្ស ត្រូវបានកាត់បន្ថយ៕ រក្សាសិទ្ធិដោយ ៖ កូលាប

website_news/2021201001.txt · Last modified: 2021/10/20 10:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki