website_news:2021201201

មន្ត្រីប្រឆាំងការជួញដូរមនុស្សដាស់តឿនពលរដ្ឋសូមកុំឆ្លងដែនខុសច្បាប់

https://www.postkhmer.com/ ឡាយ សាមាន | Publication date 17 December 2021 | 10:58 ICT

សៀមរាបៈ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានដាស់តឿនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់ល្បិចជនឆបោក ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាអូសទាញ ឱ្យចូលអន្ទាក់របស់ពួកគេ និងសូមកុំឆ្លងដែនខុសច្បាប់ ពីព្រោះវាអាចចូលអន្ទាក់ជនខិលខូចដែលរង់ចាំតែឆ្លៀតឱកាស ដើម្បីធ្វើការកេងប្រវ័ញ្ច និងធ្វើការជួញដូរមនុស្ស។

ក្នុងពិធីបើកទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី ១៥ ឆ្នាំ ២០២១ នៅខេត្តសៀមរាបនៅថ្ងៃទី ១៥ ធ្នូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលោកស្រី ជូ ប៊ុនអេង ថ្លែងថា ស្របពេលប្រជាពលរដ្ឋកំពុងប្រឈមបញ្ហាកូវីដ ១៩ មានជនឆ្លៀតឱកាសបានប្រើល្បិចគ្រប់បែបយ៉ាង ដើម្បីកេងប្រវ័ញ្ច និងជួញដូរមនុស្សតាមគ្រប់រូបភាព។ លោកស្រីបានដាស់តឿនប្រជាពលរដ្ឋឱ្យមានស្មារតីប្រុងប្រយ័ត្នកុំចាញ់បោកកលល្បិច និងការអូសទាញរបស់ជនខិលខូចឱ្យផ្សងព្រេងរកលាភសក្ការៈ ប្រាក់ចំណូលដែលមិនសមហេតុផល។ លោកស្រីមានប្រសាសន៍ថា៖ «ជាពិសេសការឆ្លងដែនខុសច្បាប់ទៅបរទេស ដែលមិនមានសុវត្ថិភាព និងចូលអន្ទាក់ជនល្មើស ដែលតែងតែឆ្លៀតឱកាស យកភាពប្រឈម ការលំបាក របស់ប្រជាពលរដ្ឋ ជាឱកាសកេងប្រវ័ញ្ច ក្នុងការជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមិនលើកលែងទាំងទារក កុមារ និងអនីតិជន»។ លោកស្រីបន្តថា បច្ចុប្បន្ននេះមានការកេងប្រវ័ញ្ចផ្លូវភេទមួយបែបទៀតដែលជាការកេងប្រវ័ញ្ចយកផលប្រយោជន៍ដល់មនុស្ស គ្រប់វិស័យ ជាពិសេសទៅលើកុមារ តាមប្រព័ន្ធអ៊ីនធឺណិតដែលមានការអូសទាញឱ្យឆ្លងដែនប្រថុយប្រថានរកការងារ មុខរបរ គូស្រករនៅក្រៅប្រទេស និងទាក់ទាញឱ្យពពោះជំនួស ដើម្បីលក់ ទិញ នាំទារកឆ្លងដែន និងការលក់ទិញសរីរាង្គជាដើម។ លោកស្រីថា៖ «យើងកំពុងបារម្ភថា កុមារកំពុងត្រូវបានអូសទាញ ឬការគាបសង្កត់ណាមួយពីអ្នកទំនាក់ទំនងតាមប្រព័ន្ធអនឡាញដែលធ្វើឱ្យកុមារគ្មានជម្រើស ធ្វើឱ្យកុមារ ហាក់គ្មានដំណោះស្រាយ ឈានដល់ការធ្វើអត្តឃាតហើយករណីនេះមិនមែនមានតែប្រទេសកម្ពុជាទេ»។

ក្នុងន័យនេះលោកស្រី ជូ ប៊ុនអេង បានលើកជាឧទាហរណ៍ថា៖ «ករណីទាក់ទាញតាមអនឡាញ ដំបូងជនល្មើសសុំធ្វើជាមិត្ត ដល់ពេលទាក់ទងជិតស្និទ្ធ ពេលនោះហ៊ានដោះដូរនូវរូបភាពអាក្រាតកាយ ដែលចំណុចនេះ គឺជាចំណាប់ខ្មាំង បានន័យថា គេមានរូបភាពក្នុងដៃ គេណាត់ជួបខាងក្រៅ ពេលនោះគេយកយើងទៅជួញដូរ តាមអំពើចិត្ត ដោយសារយើងមានចំណុចខ្សោយ»។ ពាក់ព័ន្ធចំណុចនេះ លោកស្រីបានផ្តល់អនុសាសន៍ដល់អាណាព្យាបាលគ្រប់រូបនៅពេលមានកូន ឬសាច់ញាតិជួបបញ្ហានេះ ត្រូវនៅក្បែរ លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ក្មេងរងគ្រោះចៀសវាងទុកក្មេងចោល។ យ៉ាងណាក៏ដោយ លោកស្រី បានគូសបញ្ជាក់ថា ស្ថិតនៅក្នុងដំណាក់កាលនេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តតាមដានបង្ក្រាបអំពើទុច្ចរិតបង្កវិនាសកម្ម រួមទាំងអំពើជួញដូរ និងកេងប្រវ័ញ្ចគ្រប់រូបភាព និងឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅដទៃទៀតឱ្យមានប្រសិទ្ធភាព និងបានព្រមានដល់ជនល្មើសថា រាជរដ្ឋាភិបាលនឹងមិនអត់ឱនដល់អ្នកប្រព្រឹត្តបទល្មើសជួញដូរមនុស្សទេ។

អភិបាលខេត្តសៀមរាបលោក ទៀ សីហា ដែលបានចូលរួមក្នុងកម្មវិធីនោះបានថ្លែងថា រូបភាពនៃអំពើជួញដូរមនុស្សមិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ ដែលកន្លងទៅក៏មានលេចចេញនូវបាតុភាពមួយចំនួនដែលមានទំនោរទៅរកអំពើជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែនផងដែរ។

លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្សលីកាដូបានកត់សម្គាល់ផងដែរថា ដោយសារតែការរីកចម្រើនខាងបច្ចេកវិទ្យាធ្វើឱ្យការកម្ចីឥណទានតាមប្រព័ន្ធអនឡាញ ក៏ជាផ្នែកមួយនៃការជួញដូរវីដេអូអាសអាភាសកុមារផងដែរ ដើម្បីជាថ្នូរនឹងការផ្តល់ប្រាក់កម្ចី។ លោកថា ថ្មីៗនេះមានការរីករាលដាលជាច្រើន ទាក់ទិននឹងកម្ចីអនឡាញហើយការកម្ចីតាមប្រព័ន្ធអនឡាញមួយចំនួនជាការរំលោភបំពានទៅលើសិទ្ធិស្ត្រី ឬកុមារ ពីព្រោះការឱ្យកម្ចីខ្លះមានការឱ្យថតរូបអាក្រាតកាយជាថ្នូរផ្តល់ប្រាក់កម្ចី។

អនុប្រធានអចិន្រៃ្តយ៍ នៃគណៈកម្មាធិការខេត្តសៀមរាបប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី យូ សុភា បានឱ្យដឹងថា ផ្អែកតាមរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់គណៈកម្មការឆ្នាំ ២០២១ សមត្ថកិច្ចជំនាញខេត្ត បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុប ចំនួន ៣៤ ករណី។ លោកស្រីបញ្ជាក់ថា៖ «ក្នុងនោះឃាត់ខ្លួន ជនសង្ស័យបានចំនួន ៣៥ នាក់ (ស្រី ៣ នាក់) ជនជាតិខ្មែរ ៣៣ នាក់ (ស្រី ៣ នាក់) និងជនជាតិបរទេស ២ នាក់ ភេទប្រុស។ រីឯជនរងគ្រោះ ៦៩ នាក់ (ស្រី ៥០ នាក់) ក្នុងនោះអនីតិជនក្រោម ១៥ ឆ្នាំ ២៧ នាក់ (ស្រី ២៥) និងអនីតិជន ១៥ ឆ្នាំ ឡើង ១១ នាក់ ស្រី ៤ នាក់។ លោកស្រីបន្តថា ក្នុងនោះដែរ មានករណីរំលោភសេពសន្ថវៈ ចំនួន ១៦ ករណី ករណីទិញពេស្យាចាកុមារ ៣ ករណី ករណី សច្ចាកម្ម ៣ ករណី ករណីរួមភេទជាមួយអនីតិជនក្រោម ១៥ ឆ្នាំ ៥ ករណី និងករណីប្រឆាំងអនីតិជនក្រោម ១៥ ឆ្នាំ ១ ករណី៕

website_news/2021201201.txt · Last modified: 2021/12/20 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki