website_news:2021210406

កម្ពុជាកំពុងត្រៀមខ្លួនបន្តចូលរួមក្នុងយន្តការកូឡំបូ ដើម្បីលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ពលករទេសសន្តរប្រវេសន៍

https://www.postkhmer.com/ នៅ ស៊ីវុត្ថា | Publication date 21 April 2021 | 09:56 ICT

ភ្នំពេញ៖ កម្ពុជាបាន និងកំពុងត្រៀមខ្លួនក្នុងការបន្តចូលរួមអនុវត្តវត្តយ៉ាងសកម្មនៅក្នុងយន្តការកូឡុំបូ (Colombo Process) ដើម្បីលើកកម្ពស់សិទ្ធិ និងការពារផលប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍ក្នុងអំឡុង និងក្រោយពេលនៃវិបត្តិកូវីដ ១៩។ នេះគឺជាការលើកឡើងរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីផ្ទេរតំណែងប្រធានយន្តការកូឡុំបូ (Colombo Process) ដែលរៀបចំដោយប្រទេសនេប៉ាល់ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១។

លោក អ៊ិត សំហេង បញ្ជាក់ថា តាមរយៈយន្តការនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ណាស់ដល់ការគាំពារ ការការពារសិទ្ធិ និងអត្ថប្រយោជន៍ពលករទេសន្តរប្រវេសន៍ តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ ការអនុម័តលើអនុសញ្ញាអន្តរជាតិ ការចូលរួមគ្រប់យន្តការ វេទិកាទាំងកម្រិតទ្វេភាគី ពហុភាគី ក្របខ័ណ្ឌអាស៊ាន ថ្នាក់តំបន់ និងពិភពលោក ដើម្បីធានាបាននូវកិច្ចគាំពារជូនដល់ពលករទេសន្តរប្រវេសន៍។ បើតាម លោក អ៊ិត សំហេង ពលករទេសន្តរប្រវេសន៍បានចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិតាមរយៈប្រាក់បញ្ញើមកក្រុមគ្រួសារពួកគេ ក្នុងមួយឆ្នាំៗមានទឹកប្រាក់ជាង ២ ពាន់លានដុល្លារអាមេរិក ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ។ ទន្ទឹមនឹងនោះ ពួកគេក៏ទទួលបាននូវចំណេះដឹងថ្មីៗ បទពិសោធន៍ការងារ ជំនាញបច្ចេកទេស និងជំនាញទន់ ដែលជាមូលដ្ឋានគ្រឹះសំខាន់មួយសម្រាប់ពួកគាត់ប្រើប្រាស់នៅថ្ងៃអនាគត។

លោក អ៊ិត សំហេង ថ្លែងថា៖ «យន្តការកូឡុំបូនេះ គឺជាដំណើរការនៃកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពីការគ្រប់គ្រងមុខរបរ/ការងារ និងកម្លាំងពលកម្មដែលធ្វើការដោយមានកិច្ចសន្យាការងារនៅបរទេសសម្រាប់ប្រទេសបញ្ជូនពលករក្នុងតំបន់អាស៊ី»។ យន្តការនេះ ត្រូវបានបង្កើតនៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ក្នុងឆ្នាំ ២០០៣ និងមានគោលបំណងផ្តល់ជាវេទិកាមួយ សម្រាប់ប្រទេសបញ្ជូនពលករក្នុងតំបន់អាស៊ីចូលរួមចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍លើការគ្រប់គ្រងការងារក្រៅប្រទេស ពិគ្រោះយោបល់លើបញ្ហាដែលពលករទេសន្តរប្រវេសន៍ ប្រទេសបញ្ជូន និងប្រទេសគោលដៅជួបប្រទះ ព្រមទាំងលើកឡើងនូវដំណោះស្រាយជាក់ស្តែងសម្រាប់ការពារសុខុមាលភាពរបស់ពលករទេសន្តរប្រវេសន៍។

រហូតដល់បច្ចុប្បន្នមានប្រទេសជាសមាជិកសរុបចំនួន ១២ រួមមាន ប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា ថៃ និងវៀតណាម រួមទាំងមានប្រទេស អង្គការ ស្ថាប័នអន្តរជាតិពាក់ព័ន្ធមួយចំនួនបានចូលរួមជាអ្នកសង្កេតការណ៍៕

website_news/2021210406.txt · Last modified: 2021/04/21 11:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki