website_news:2021210504

សាលាដំបូងខេត្តបាត់ដំបង បានសាកសួរបុរសជាមេខ្យល់ម្នាក់ រឿងនាំពលរដ្ឋខ្មែរ ឆ្លងដែនទៅថៃ

https://www.postkhmer.com/ គឹម សារុំ | Publication date 19 May 2021 | 18:54 ICT

បាត់ដំបងៈ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែឧសភានេះ បានសាកសួរបុរសជាមេខ្យល់ម្នាក់ រឿងគម្រោងនាំពលរដ្ឋខ្មែរ៦នាក់ ចេញទៅប្រទេសថៃ តាមច្រករបៀងព្រំដែន ក្នុងតំបន់ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ លោក ផាន់ រតនា អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង មិនអាចទាក់ទង ដើម្បីសុំការបញ្ជាក់ពីចំណាត់ការរបស់តុលាការបានទេនៅថ្ងៃទី១៩ឧសភានេះ។

ទោះជាយ៉ាងណាក៏ដោយ លោក ប៊ន វណ្ណារ៉ា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានថ្លែងឱ្យដឹងនៅថ្ងៃទី១៩ ឧសភាថា ជនសង្ស័យឈ្មោះ អ៊ុល ផេន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ លោក វណ្ណា ថ្លែងថា៖«តុលាការកំពុងសាកសួរបុរសមេខ្យល់នោះហើយ ព្រោះគាត់ជាប់ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស។ នៅក្នុងកំណត់ហេតុបញ្ជូនទៅតុលាការ គឺខ្ញុំចោទបឋមពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនតាមមាត្រា១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ បើយោងតាមបញ្ញត្តមាត្រា១១នៃច្បាប់នេះ អាចនឹងត្រូវជាប់ពន្ធនាគារពី៧ទៅ១៥ឆ្នាំ»។ លោក វណ្ណា ថ្លែងថា លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង តែងតែដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩។

ជាក់ស្តែងកាលពីថ្ងៃទី១៨ខែឧសភា កម្លាំងចម្រុះសឹករងស្រុកសំពៅលូន ឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូន ដូចជាវរសេនាតូចលេខ៨១៧និង៥៣៣និងកម្លាំងមូលដ្ឋាន បានធ្វើការឃាត់ខ្លួនបានមេខ្យល់ម្នាក់និងពលករជាមនុស្សពេញវ័យ ស្រី២នាក់និងប្រុសម្នាក់ រួមកូនៗរបស់ពួកគេ មានក្មេងប្រុស២នាក់ និងក្មេងស្រីម្នាក់ អំឡុងពេលដែលពួកគេ បម្រុងឆ្លងដែនចូលប្រទេសថៃ តាមច្រករបៀងជាប់ភូមិសាស្ត្រចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។ លោកបន្ថែមថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំក្រុមជនរងគ្រោះទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកសំពៅលូននិងនាំយកទៅមណ្ឌលចត្តាឡីស័ក ចំណែកបុរសជាមេខ្យល់ឈ្មោះ អ៊ុល ផេន បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ដោយឡែកកាលពីល្ងាចថ្ងៃទី១៧ ឧសភា នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចចម្រុះប្រចាំការនៅស្រុកអូរជ្រៅ បានឃាត់ខ្លួនពលករប្រុសស្រីចំនួន២៦នាក់ បម្រុងឆ្លងដែនចូលប្រទេសថៃ ក្នុងនោះមានមនុស្សស្រីចំនួន១៣នាក់។

លោក ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងនៅថ្ងៃទី១៩ ឧសភាថា ពលករប្រុសស្រីទាំង២៦នាក់នោះ គ្មានមេខ្យល់ណាជាអ្នកនាំផ្លូវនោះទេ គឺពួកគាត់ប្រមូលផ្តុំគ្នាបម្រុងឆ្លងដែនចូលប្រទេសថៃដោយខ្លួនឯងទេ។ ប៉ុន្តែដោយសារមានបុរសម្នាក់ជាអ្នកឃ្វាលគោឃើញពួកគេ កំពុងអង្គុយប្រមូលផ្តុំគ្នាលាក់ខ្លួនក្បែរគុម្ពឫស្សីស្ថិតក្បែរច្រករបៀងក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយពលរដ្ឋរូបនោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។ លោកបន្ថែមថាពលករប្រុសស្រីទាំង២៦នាក់ ពួកគេមកពីខេត្តកំពង់ធំ បាត់ដំបង បន្ទាយមានជ័យ និងខេត្តតាកែវ ដែលពួកគេត្រូវបានបញ្ជូនទៅតាមខេត្តរៀងៗខ្លួនវិញអស់ហើយ ដើម្បីធ្វើចត្តាឡីស័ក៕

website_news/2021210504.txt · Last modified: 2021/05/21 12:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki