website_news:2021210505

គ្រប់ផ្នែកពាក់ព័ន្ធ ត្រូវរួមគ្នាលុបបំបាត់អំពើហិង្សា ព្រមទាំងការរំលោភបំពានលើស្ត្រី និងកុមារ

https://www.rasmeinews.com/ 19 May, 20210

ដោយ: បូកគោ/កំពត: អំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាការរំលោភបំពានផ្លូវភេទ នៅតែបន្តកើតមាន ហើយជនរងគ្រោះភាគច្រើនជាស្ត្រី និងអនីតិជន។ ដូច្នេះ គ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវរួមសហការគ្នា ដើម្បីលុបបំបាត់ឱ្យអស់ចំពោះរូបភាពដែលសង្គមស្អប់ខ្ពើមទាំងនោះ។ នេះជាការអំពាវនាវរបស់អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរកិច្ចការនារីខេត្ត។

លោក ជាវ តាយ បានមានប្រសាសន៍ថា បច្ចុប្បន្នអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទនៅតែបន្តកើតមានជាហូរហែ។ ទាំងនេះ បានបង្កក្តីកង្វល់យ៉ាងធ្ងន់ធ្ងរសម្រាប់សង្គមជាតិ។ ក្នុងនោះភាគច្រើននៃជនរងគ្រោះ គឺកុមារីជាអនីតិជន និងស្ត្រី។ ដូច្នេះ មន្ត្រីនៃមន្ទីរកិច្ចការនារីត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងសមត្ថកិច្ច ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធលើកិច្ចការស្ត្រី និងកុមារក្នុងការរួមគ្នាបំបាត់ឱ្យអស់នូវរូបភាពអវិជ្ជមានទាំងនោះ។ លោកអភិបាលខេត្តបានបន្តថា ដើម្បីទទួលបានភាពជោគជ័យសម្រាប់ផែនការសកម្មភាពខាងលើ មន្ទីរកិច្ចការនារីដែលជាអង្គភាពជំនាញត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារស្ត្រី និងអនីតិជនឱ្យបានទូលំទូលាយដល់គ្រប់មូលដ្ឋានទូទាំងខេត្តបន្ថែមទៀត។ ពិសេសត្រូវតាមដានឃ្លាំមើលឱ្យគ្រប់ជ្រុងជ្រោយចំពោះស្ត្រី និងកុមារដែលងាយទទួលរងនូវការរំលោភបំពាន ក៏ដូចជាប្រឈមនឹងអំពើហិង្សានានា។

តាមរបាយការណ៍បានបញ្ជាក់ថា កន្លងមក មន្ទីរកិច្ចការនារីខេត្តកំពត បានខិតខំយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាព ក៏ដូចជាការពារចំពោះស្ត្រី និងកុមារ។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ កន្លងទៅ មន្ទីរកិច្ចការនារីបានអន្តរាគមន៍អំពើហិង្សាក្នុងគ្រួសារបានចំនួន៨ករណី ដោយបញ្ជូនទៅតុលាការ៥ករណី និងសម្របសម្រួលក្រៅប្រព័ន្ធតុលាការចំនួន៣ករណី។ ជាមួយគ្នានោះ ក៏បានអន្តរាគមន៍ចំពោះអំពើរំលោភបំពានផ្លូវភេទ៥ករណី រួចបញ្ជូនទៅតុលាការតាមនីតិវិធី៕

website_news/2021210505.txt · Last modified: 2021/05/21 12:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki