website_news:2021210510

ពលករចំណាកស្រុក កំពុងស្វែងរកជំនួយពីស្ថានទូតកម្ពុជាក្នុងប្រទេសថៃ

https://www.khmertimeskh.com/ យិន សឿម / ខ្មែរថាមស៍

ពលករចំណាកស្រុកកម្ពុជានៅប្រទេសថៃ កំពុងស្វែងរកជំនួយពីស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកដើម្បីជួយដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។

លោក នន់ សារិន ដែលធ្វើការនៅក្នុងរោងចក្រត្រីខកំប៉ុងនៅខេត្តសាមុតប្រាកាន ប្រទេសថៃ បាននិយាយកាលពីម្សិលមិញថា គាត់កំពុងតស៊ូដើម្បីរស់បន្ទាប់ពីបានឆ្លងជំងឺកូវីដ-១៩។ ក្នុងអំឡុងពេលនៃការព្យាបាល ក្រុមគ្រួសាររបស់គាត់មិនមានប្រាក់ចំណូលហើយរោងចក្រមិនបានផ្តល់ជំនួយ ដូច្នេះទើបគាត់ស្នើសុំជំនួយពីស្ថានទូតកម្ពុជា។ គាត់បាននិយាយថា៖«សូមជួយរកដំណោះស្រាយសម្រាប់ពលករចំណាកស្រុកដែលកំពុងជាប់គាំង»។ គាត់មានដើមកំណើតមកពីស្រុកកំចាយមារ ខេត្តព្រៃវែង បាននិយាយថាកន្លែងដែលគាត់រស់នៅសព្វថ្ងៃនេះមានពលករចំណាកស្រុកជាច្រើនកំពុងប្រឈមនឹងបញ្ហាដូចគាត់។

លោក គុយ បូរ៉ា ដែលធ្វើការនៅរោងចក្រជាមួយគាត់បាននិយាយថា រោងចក្របានបិទទ្វារកាលពីសប្តាហ៍មុនដោយសារជំងឺរាតត្បាតនេះ ហើយឥឡូវនេះគាត់អាចមានលទ្ធភាពទិញអង្ករនិងស៊ុតសម្រាប់គ្រួសាររបស់គាត់ប៉ុណ្ណោះ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់កាសែតខ្មែរថាមស៍ថា ពលករខ្មែរនៅប្រទេសថៃចាំបាច់ត្រូវរាយការណ៍ព័ត៌មាននេះទៅស្ថានទូតជាមុនសិន។ ទោះយ៉ាងណាលោកនឹងពិនិត្យជាមួយស្ថានទូតដើម្បីដឹងថាតើស្ថានទូតបានទទួលសំណើណាមួយពីពលករចំណាកស្រុកដែរឬទេ។ លោកបាននិយាយថា៖«យើងមានសមត្ថភាពជួយកម្មកររបស់យើងដើម្បីដោះស្រាយបញ្ហា»។

មន្ត្រីកម្មវិធីការធ្វើចំណាកស្រុករបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) លោកឌី ថេហូយ៉ាបាននិយាយថាលោកមិនបានដឹងថាតើមានពលករចំណាកស្រុកប៉ុន្មាននាក់នៅក្នុងប្រទេសថៃបានធ្វើតេស្តរកកូវីដ-១៩នោះឡើយ ដូច្នេះលោកមិនអាចអត្ថាធិប្បាយអំពីបញ្ហានេះបានទេ៕

website_news/2021210510.txt · Last modified: 2021/05/21 12:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki