website_news:2021210701

លោក ហ៊ុន ម៉ានិត ស្នើឱ្យបណ្តាខេត្តនៅទូទាំងប្រទេសរៀបចំកន្លែងធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរវិលមកពីថៃ

https://www.postkhmer.com/national/ មុំ គន្ធា | Publication date 20 July 2021 | 13:12 ICT

ភ្នំពេញៈ ប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញចូលប្រទេសនិងចត្តាឡីស័ក លោក ហ៊ុន ម៉ានិត ស្នើឱ្យខេត្តនៅទូទាំងប្រទេស ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កសម្រាប់ត្រៀមទទួលពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ដែលតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមខេត្ត ឬស្រុកកំណើតរបស់ពួកគេរយៈពេល ២១ ថ្ងៃ ដើម្បីតាមដានរកវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta)។

យោងតាមសារសំឡេងដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ២០ ខែកក្កដានេះ លោក ហ៊ុន ម៉ានិត លើកឡើងថា លោកបានធ្វើការពិភាក្សាគ្នាជាមួយគណៈកម្មការប្រតិបត្តិ និងគណៈកម្មការអន្តរក្រសួង ដោយសម្រេចឱ្យគ្រប់ខេត្តទាំងអស់ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កដើម្បីទទួលពលករមកពីតាមព្រំដែន។ បើតាមលោក ហ៊ុន ម៉ានិត ការធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃនេះ គឺការធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនៅតាមខេត្តចំនួន ១៤ ថ្ងៃ និងធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃទៀតក្នុងស្រុកកំណើតរបស់ពួកគេ។

លោកបញ្ជាក់ថា៖ «តាមការពិនិត្យ គឺវីរុសបំប្លែងថ្មីប្រភេទដែលតា គឺក្នុងរយៈពេល ១៤ ថ្ងៃ យើងមិនអាចទាន់មើលឃើញទេ។ ដូចនេះហើយ យើងប្រហែលជាត្រូវការរៀបចំមណ្ឌលចត្តាឡីស័ក ដោយកំណត់អ្នកស្រុកណា គឺត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅស្រុកនោះ បន្ទាប់ពីខាងព្រំដែនបញ្ជូនពួកគាត់មកកាន់ខេត្តកំណើតរបស់ពួកគាត់»។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ១៦ ខែកក្កដា បានឱ្យដឹងថា ប្រទេសកម្ពុជា បានរឃើញវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) សរុបចំនួន ៧៥ ករណីហើយ ជាករណីនាំចូលទាំងអស់។ ប៉ុន្តែដោយសារតែការបារម្ភពីការឆ្លងចូលនៃវីរុសបំប្លែងថ្មីនេះចូលទៅក្នុងសហគមន៍ ទើបមានការកែប្រែនូវការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលចូលមកក្នុងប្រទេសកម្ពុជា៕

website_news/2021210701.txt · Last modified: 2021/07/21 11:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki