website_news:2021210702

ប្រទេសថៃ៖ ពលករចំណាកស្រុកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាទទួលបានការស្នាក់នៅបន្ត

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថៃ បានអនុម័តទៅលើសំណើរដើម្បីអនុញ្ញាតឱ្យក្រុមពលករចំណាកស្រុកចំនួន ៤ ក្រុម ដែលមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា បន្តការស្នាក់ នៅនិងធ្វើការនៅប្រទេសថៃដោយស្របច្បាប់រហូតដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំក្រោយ ដើម្បីអនុញ្ញាតឱ្យពួកគេធ្វើការបែងចែកស្ថានភាពការងារ និងការអនុញ្ញាតការងារដូចដែលបានតម្រូវដោយបទបញ្ជាកាលពីពេលមុន។

កាសែត Bangkok Post បានដកស្រង់សំដីរបស់រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin ដែលបាននិយាយថា សេចក្តីសម្រេចនេះត្រូវបានឈានដល់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី ១៣ ខែកក្កដាកន្លងទៅ។ កាលពីមុន រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យពលករចំណាកស្រុកមកពីប្រទេសទាំងនេះស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសនេះជាបណ្តោះអាសន្នតាមរយៈសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តីចំនួន ៣ ដែលរួមមានសេចក្តីសម្រេចកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ សេចក្តីសម្រេចកាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០ និងសេចក្តីសម្រេចកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ មានពលករចំណាកស្រុកជាច្រើននាក់ទៀតដែលមានប័ណ្ណការងារហួសសុពលភាពបន្ទាប់ពីពួកគេមិនបានស្វែងរកនិយោជកថ្មីក្នុងរយៈពេល ៣០ថ្ងៃដែលជាតម្រូវការរបស់ច្បាប់ បន្ទាប់ពីការចាកចេញ ឬការបាត់បង់ការងារពីមុន។ ទោះជាយ៉ាងណា ការពន្យាពេលការអនុញ្ញាតិរបស់ពួកគេ គឺនឹងត្រូវបញ្ចប់នៅពេលឆាប់ៗនេះ ហើយជាមួយនឹងការបិទខ្ទប់នៅតាមព្រំប្រទល់ដោយសារតែជំងឺរាតត្បាតរ៉ាំរ៉ៃកូវីដ-១៩ ពលករចំណាកស្រុកទាំងនោះភាគច្រើនប្រថុយនឹងភាពខុសច្បាប់ប្រសិនបើមិនមានវិធានការណ៍អ្វីមួយណានោះ។

កាលពីថ្ងៃទី ២៦ ខែមករា រដ្ឋាភិបាលថៃបានសម្រេចចផ្តល់សិទ្ធិដល់ពួកគេបន្ថែមទៀតដែលអនុញ្ញាតឱ្យពលករចំណាកស្រុកស្នាក់នៅរហូតដល់ចន្លោះពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ៦ ខែកញ្ញា អាស្រ័យទៅលើកាលបរិច្ឆេទផុតកំណត់នៃប័ណ្ណការងាររបស់ពួកគេ។ ទោះជាយ៉ាងណា ជាមួយនឹងជំងឺរាតត្បាតដែលនៅតែមិនមានសញ្ញានៃការបន្ធូរបន្ថយនោះ ឥឡូវនេះពលករចំណាកស្រុកកំពុងប្រឈមនឹងការបាត់បង់ឋានៈជាពលករចំណាកស្រុកស្របច្បាប់នៅក្នុងប្រទេសថៃ។ លោករដ្ឋមន្រ្តី Suchart បាននិយាយថា រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យពលករចំណាកស្រុកមកពីប្រទេសទាំងនេះស្នាក់នៅ និងធ្វើការរហូតដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំក្រោយ ដើម្បីអនុញ្ញាតឱ្យពួកគេបែងចែកស្ថានភាពការងាររបស់ពួកគេ និងចុះឈ្មោះសម្រាប់ប័ណ្ណការងារ៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2021210702.txt · Last modified: 2021/07/21 11:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki