website_news:2021210704

ពលករខ្មែរនៅម៉ាឡេស៊ីត្អួញត្អែរពីទុក្ខលំបាកខ្លាំងក្រោយពេលបាត់បង់ការងារជាច្រើនខែដោយសារកូវីដ

https://www.rfa.org/khmer/ ដោយ មាន ឫទ្ធិ2021-07-19

ពលករខ្មែរជាច្រើននាក់ រស់នៅប្រទេសម៉ាឡេស៊ី កំពុងជួបទុក្ខលំបាកក្នុងជីវភាព ក្រោយពេលបាត់បង់ការងារធ្វើ និងប្រឈមផ្លូវច្បាប់ អំឡុងពេលប្រទេសនេះរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិល ជំរុញរដ្ឋាភិបាលកម្ពុជាឱ្យប្រើប្រាស់តួនាទីរបស់ខ្លួនជួយដោះស្រាយទុក្ខលំបាករបស់ពលករ ដែលកំពុងនៅក្រៅប្រទេសទាំងនោះ។ ពលករខ្មែរជាច្រើននាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី កំពុងដាច់ស្បៀងអាហារ ស្របពេលរដ្ឋាភិបាលប្រទេសមួយនេះរឹតបន្តឹងលើពលករបរទេសធ្វើការខុសច្បាប់ និងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។

ពលការិនីម្នាក់មានស្រុកកំណើតនៅខេត្តតាកែវ កញ្ញា សៀង វណ្ណៈ រៀបរាប់ប្រាប់ថា កញ្ញាបាត់បង់ការងារ ៦ខែមកហើយ ដោយបច្ចុប្បន្នកញ្ញាកំពុងស្នាក់នៅផ្ទះជួលរបស់កម្មករដែលមានកម្មករខ្មែរជាងប្រមាណ ១រយនាក់។ កញ្ញាបន្តថា អាជ្ញាធរម៉ាឡេស៊ីបន្តរឹតបន្តឹងនិងហាមឃាត់មិនឱ្យពលករបរទេសចល័តទីកន្លែងធ្វើការ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដនេះទេ។ កម្មការិនីរូបនេះឱ្យដឹងទៀតថា កញ្ញាកំពុងធ្វើការងារខុសច្បាប់ ដោយសារតែថៅកែនៅកន្លែងការងារចាស់ដកហូតលិខិតឆ្លងដែន ហើយថៅកែនោះថែមទាំងតម្រូវឱ្យកញ្ញាបង់ប្រាក់ចំនួន ៥.០០០រីងហ្គីត ឬប្រមាណ ១.៣០០ដុល្លារ ដើម្បីយកលិខិតឆ្លងដែនត្រឡប់មកវិញ ប៉ុន្តែនាងមិនមានប្រាក់នោះទេ។ កញ្ញាស្នើឱ្យស្ថានទូតខ្មែរជួយផ្តល់ស្បៀងហារ និងអន្តរាគមន៍ដើម្បីវិលត្រឡប់ទៅស្រុកកំណើតវិញ៖ «ដំបូងឡើយខ្ញុំមកធ្វើនេះស្របច្បាប់ទេ ដល់ពេលការអនុញ្ញាតលើលិខិតឆ្លងដែនខ្ញុំថ្លៃពេក ដូចថា ចំណូលខ្ញុំបានប៉ុណ្ណឹង អត់មានលទ្ធភាព។ លិខិតឆ្លងដែនខ្ញុំផុតទៅហើយ ឥឡូវលិខិតឆ្លងដែននៅថៅកែខ្ញុំដាច់ខែហ្នឹង។ ដល់ពេលអ៊ីចឹងយើងទាមទារទៅយករបស់យើងមកវិញ គេទារបង់ថ្លៃអ៊ីចឹង ខ្ញុំសុខចិត្តចោលលិខិតឆ្លងដែន»។

ស្រដៀងគ្នានេះដែរ ពលការិនីធ្វើការនៅម៉ាឡេស៊ីម្នាក់ទៀត លោកស្រី ទឹម សោភ័ណ្ឌ រៀបរាប់ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៩ កក្កដាថា រោងចក្រផលិតស្រោមដៃដែលលោកស្រីធ្វើការបានព្យួរការងារជាងពីរខែមកហើយ ដូច្នេះលោកស្រីនិងការកម្មករខ្មែរជាច្រើននាក់ទៀតកំពុងជួបទុក្ខលំបាកផ្នែកជីវភាពដោយខ្វះហារហូបចុក និងបង់ថ្លៃបន្ទប់ជួលជាដើម។ ស្ត្រីវ័យ៣៣ឆ្នាំរូបនេះលើកឡើងទៀតថាលោកស្រី និងកម្មករផ្សេងទៀតមិនអាចចេញទៅរកការងារធ្វើនៅកន្លែងផ្សេងបាននោះទេ ដោយសារពួកគាត់បារម្ភពីវិធានការរបស់អាជ្ញាធរម៉ាឡេស៊ី៖ «ពិបាកព្រោះអីខ្ញុំអត់ហ៊ានចេញទៅណាផង ទៅរកអីក៏ខ្លាចទៅរកអីក៏ខ្លាចនៅស្រុកគេតាមច្បាប់គេខ្លាចគេចាប់អីទៅពិបាក យើងអត់មានលុយអីផង ណាមួយមិនមែនស្រុកយើងហ្នឹងទៀត ខ្ញុំសុំឱ្យជួយខាងខ្ញុំធ្វើម៉េចឱ្យខ្ញុំមានកម្លាំងទៅមុខទៅដើម្បីរកលុយចិញ្ចឹមបងប្អូនកូនចៅពុកម៉ែនៅស្រុកខ្មែរទៀតមិនដឹងធ្វើមិច ខ្ញុំឱ្យគាត់ជួយពួកខ្ញុំនៅខាងម៉ាឡេស៊ីនេះ បើពួកខ្ញុំដួលពួកគាត់នៅខ្មែរបានអីហូប»។ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង និងមន្ត្រីទទួលបន្ទុកការងារស្ថានទូតខ្មែរប្រចាំម៉ាឡេស៊ី លោក លី ហា ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះ បានទេ នៅថ្ងៃទី១៩ កក្កដា។ ប៉ុន្តែស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៤ កក្កដា បានជូនដំណឹងទៅពលរដ្ឋ ពលករ-ពលការិនីខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសនេះថា រដ្ឋាភិបាលម៉ាឡេស៊ីបានបន្តកម្មវិធីធ្វើមាតុភូមិនិវត្តន៍ឡើយវិញដោយស្ម័គ្រចិត្ត (Repatriation Recalibration Programme) រហូតដល់ថ្ងៃទី៣១ ខែធ្នូ រហូតដល់បញ្ចប់កម្មវិធីចាក់វ៉ាក់សាំង។ ស្ថានទូតខ្មែរឱ្យដឹងថា អគ្គនាយកដ្ឋានអន្តរប្រវេសន៍ម៉ាឡេស៊ីបានរៀបចំបញ្ជរពិសេសនៅអាកាសយាន្តដ្ឋានអន្តរជាតិកូឡាឡាំពួរ (KLIA) ដើម្បីជួយសម្រួលដល់ជនបរទេសខុសច្បាប់ទាំងអស់ ដែលមានបំណងវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។ សេចក្តីជូនដំណឹងបញ្ជាក់ថា ជនបរទេសខុសច្បាប់ទាំងអស់ត្រូវបំពេញឯកសារនិងលក្ខខណ្ឌដូចជាថតចម្លងលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ ដោយភ្ជាប់សំបុត្រយន្តហោះត្រឡប់ទៅប្រទេសកំណើត រួមជាមួយការបង់ថ្លៃផាកពិន័យចំនួន ៥០០រីងហ្គីត ឬប្រមាណជិត ១៣០ដុល្លារ ហើយត្រូវធ្វើតេស្ដអវិជ្ជមានកូវីដ១៩ (RT-PCR Test)។

ទោះជាយ៉ាងណា ពលករខ្មែរធ្វើការនៅប្រទេសម៉ាឡេស៊ី អះអាងថា ស្ថានទូតខ្មែរនៅប្រទេសនេះហាក់មិនអើពើពីទុក្ខលំបាកពលរដ្ឋខ្មែរនេះទេ។ ពួកគាត់ចង់វិលត្រឡប់ទៅស្រុកខ្មែរវិញដែរ ព្រោះខ្លាចអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនផង និងដោយសារអត់ការងារធ្វើផង ប៉ុន្តែពេលនេះពួកគាត់មិនមានប្រាក់សម្រាប់ធ្វើដំណើរ ជាពិសេស ពួកគេពិបាកទាក់ទងមន្ត្រីស្ថានទូត ដើម្បីសុំកិច្ចអន្តរាគមន៍។

ជុំវិញរឿងនេះមន្ត្រីអង្គការសង់ត្រាល់ (CENTRAL) ទទួលបន្ទុកសិទ្ធិការងារលោក ឌី ថេហូយ៉ា សង្កេតឃើញថា អំឡុងពេលរីករាលជំងឺកូវីដ១៩ ពលករខ្មែរធ្វើការនៅក្រៅប្រទេសពុំសូវទទួលបានកិច្ចអន្តរាគមន៍ពីស្ថានទូតខ្មែរនោះទេ។ លោកយល់ថា ពលករដែលជួបទុក្ខលំបាកគួរហ៊ានរាយការណ៍ពីស្ថានភាពរបស់ខ្លួនទៅរដ្ឋាភិបាល ឬមន្ត្រីស្ថានទូត ឬអង្គការសង្គមស៊ីវិល និងបង្ហាញទុក្ខកង្វល់របស់ខ្លួននៅលើបណ្ដាញសង្គម ដើម្បីជំរុញឱ្យរដ្ឋាភិបាលឆ្លើយតបបន្ទាន់អំពីបញ្ហាទាំងអស់នេះ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ទទូចឱ្យរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតគួរសហការជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីសម្របសម្រួលផ្លូវច្បាប់ និងឆ្លើយតបបន្ទាន់ជុំវិញទុក្ខកង្វល់របស់ពលករខ្មែររស់នៅសមរម្យ៖ «អ៊ីចឹងភាគីសំខាន់បួន ទីមួយខ្លួនគាត់ផ្ទាល់មានន័យថាពលករផ្ទាល់ក៏ត្រូវតែបង្ហាញទុក្ខកង្វល់របស់ខ្លួនឯង ទីពីរគឺស្ថានទូតស្ថានកុងស៊ុលដែលតំណាងឱ្យរដ្ឋហ្នឹងគួរដឹងរៀបចំយ៉ាងមិចដើម្បីរកដំណោះស្រាយឱ្យពួកគាត់ ទីបីពាក់ព័ន្ធនឹងប្រទេសដែលទទួលត្រូវដឹងពីស្ថានភាពបែបហ្នឹងដែលត្រូវពិភាក្សាយោបល់យ៉ាងមិចរវាងរដ្ឋកម្ពុជាជាមួយនឹងប្រទេសដែលទទួលហ្នឹងត្រូវរកដំណោះស្រាយឱ្យពួកគាត់ ទី៤ អង្គការសង្គមស៊ីវិលធ្វើការលើវិស័យហ្នឹងនៅប្រទេសម៉ាឡេស៊ីសហការគ្នាតើយើងអាចធ្វើបានកន្លែងណា»។

លោក ឌី ថេហូយ៉ា គូសបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២០ កម្មករខ្មែរធ្វើការនៅក្រៅប្រទេសប្រឈមបញ្ហាអស់សុពលភាពឯកសារស្របច្បាប់ ដែលពួកគេរងគ្រោះដោយសារការកេងប្រវ័ញ្ចកម្លាំងពលកម្ម បាត់បង់ការងារសម្រាប់ផ្គត់ផ្គង់ជីវភាព ប្រឈមការគំរាមកំហែងផ្លូវច្បាប់ និងមិនទទួលបានការយកចិត្តទុកដាក់ត្រឹមត្រូវផ្នែកសុខភាពអំឡុងពេលអាជ្ញាធរប្រទេសដែលពួកគេធ្វើការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩។ របាយការណ៍របស់អង្គការសង់ត្រាល់បង្ហាញថា គិតត្រឹមឆ្នាំ២០២០ ពលករខ្មែរស្របច្បាប់ និងពលករខុសច្បាប់ មានចំនួនប្រមាណជាង ១០ម៉ឺននាក់ (១០០.០០០) កំពុងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី។

អាជ្ញាធរម៉ាឡេស៊ីបន្តបិទខ្ទប់ប្រទេសនេះរយៈពេលជិត២ខែមកហើយ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ហើយវិធានការរបស់អាជ្ញាធរម៉ាឡេស៊ីនេះ ហាមឃាត់អ្នកធ្វើដំណើរចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៨ព្រឹក និងហាមការប្រមូលផ្តុំគ្នាជាដើម។ ប្រសិនបើជនណាល្មើសនឹងបម្រាមនេះអាចនឹងត្រូវមានទោសដាក់ពន្ធនាគារ ៦ខែ ទៅ ១ឆ្នាំ និងពិន័យប្រាក់ ១ម៉ឺនរីងហ្គីត ឬស្មើប្រមាណ ២. ៥០០ដុល្លារ៕

website_news/2021210704.txt · Last modified: 2021/07/21 11:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki