website_news:2021210705

ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស APHR ជំរុញរដ្ឋាភិបាលថៃនិងម៉ាឡេស៊ីជួយការពារនិងព្យាបាលជំងឺកូវីដ១៩ដល់ពលករចំណាកស្រុកដោយគ្មានការរើសអើង

https://www.rfa.org/khmer/news/ ដោយ មាន ឫទ្ធិ 2021-07-19

ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR ជំរុញដល់បណ្ដារដ្ឋាភិបាលនៅតំបន់ អាស៊ាន ជាពិសេសរដ្ឋាភិបាលថៃ (Thailand) និងម៉ាឡេស៊ី (Malaysia) ឱ្យចាត់វិធានការការពារ និងព្យាបាលជំងឺកូវីដ-១៩ ដល់មនុស្សគ្រប់រូប ដោយគ្មានការរើសអើងពាក់ព័ន្ធនឹងស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ។ ការជំរុញនេះ ធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ស្របពេលដែលករណីឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី ព្រមទាំងនៅតាមបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។

តំណាងរាស្ត្រឥណ្ឌូណេស៊ី (Indonesia) និងជាសមាជិក សភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR លោកស្រី មឺរស៊ី បារេនស៍ (Mercy Barends) ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា ស្របពេលដែលយើងទាំងអស់គ្នាកំពុងរងការប៉ះពាល់ដោយសារជំងឺរាតត្បាតសាកលនេះ រដ្ឋាភិបាលនានាកំពុងផាត់ចោលពលករចំណាកស្រុក ចេញពីគោលនយោបាយគាំពារសង្គម និងសុខភាពសាធារណៈរបស់ពួកគេ។ លោកស្រីថា ការណ៍នេះ បានទុកឱ្យពលករចំណាកស្រុកទាំងនោះ ប្រឹងប្រែងតស៊ូរស់នៅដោយខ្លួនឯង។ លោកស្រីព្រមានថា ប្រទេសទាំងអស់នឹងមិនអាចរួចផុតពីវិបត្តិសុខភាពនេះបានឡើយ ប្រសិនបើប្រទេសទាំងនោះមិនផ្តល់នូវការថែទាំដល់មនុស្សគ្រប់រូប រួមទាំងពលករចំណាកស្រុកផង។ តំណាងរាស្ត្រឥណ្ឌូណេស៊ីរូបនេះ ផ្តល់អនុសាសន៍ថា គោលនយោបាយរបស់រដ្ឋាភិបាលត្រូវធានាថា ពលករចំណាកស្រុកមានលទ្ធភាពទទួលបានដូចៗគ្នានូវជំនួយ ការធ្វើតេស្ត សេវាថែទាំព្យាបាលសុខភាព និងការចាក់វ៉ាក់សាំងជាបន្ទាន់ដោយគ្មានការភ័យខ្លាចឡើយ។

ស្របពេលដែលប្រទេសថៃ និងប្រទេសម៉ាឡេស៊ី មានការកើនឡើងជារៀងរាល់ថ្ងៃនៃករណីឆ្លង និងស្លាប់ពីជំងឺកូវីដ-១៩ ពលករចំណាកស្រុកនៅក្នុងប្រទេសទាំងពីរនេះ កំពុងទទួលរងនូវផលប៉ះពាល់ឆ្ងាយដាច់ពីពលរដ្ឋនៃប្រទេសទាំងនេះ។ ករណីឆ្លងរាលដាលយ៉ាងខ្លាំងត្រូវបានគេរកឃើញក្នុងចំណោមសហគមន៍របស់ពលករចំណាកស្រុក ដោយសារតែស្ថានភាពរស់នៅរបស់ពួកគេខ្វះអនាម័យ និងមានភាពចង្អៀតណែន ដែលធ្វើឱ្យពួកគេត្រូវប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។ ក្នុងពេលជាមួយគ្នានេះ ពលករចំណាកស្រុកជាច្រើនបានបាត់បង់ការងារធ្វើ បាត់បង់ចំណូលប្រចាំថ្ងៃ ហើយត្រូវប្រឈមនឹងកង្វះស្បៀងអាហារ និងទឹកស្អាតប្រើប្រាស់។ ពួកគេបន្តជួបនូវការរើសអើងដែលបានរារាំងពួកគេមិនឱ្យទទួលបាននូវសេវាថែទាំព្យាបាលសុខភាព និងជំនួយផ្សេងៗពីរដ្ឋាភិបាល។

ជាក់ស្តែង ពលករចំណាកស្រុកខ្មែរនៅទូទាំងប្រទេសថៃ មានប្រមាណ៩ពាន់នាក់ហើយ បានឆ្លងជំងឺកូវីដ-១៩ ស្ថិតក្រោមការបិទខ្ទប់របស់អាជ្ញាធរថៃ ខ្វះខាតចំណីអាហារ និងសេវាថែទាំសុខាភិបាល។ អាជ្ញាធរថៃផ្ដល់អាទិភាពដល់ពលរដ្ឋថៃរបស់ខ្លួនមុនពលករខ្មែរ និងពលករចំណាកស្រុកជនជាតិផ្សេងទៀត ក្នុងការទទួលការព្យាបាល និងថែទាំសុខភាព។ ពលករខ្មែរទាំងនេះ បន្តអំពាវនាវឱ្យរដ្ឋាភិបាលថៃ និងខ្មែរ ជួយសង្គ្រោះអាយុជីវិតរបស់ពួកគាត់ជាបន្ទាន់ ខណៈស្ថានភាពឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមសហគមន៍របស់ពួកគាត់កាន់តែដុនដាប៕

website_news/2021210705.txt · Last modified: 2021/07/21 11:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki