website_news:2021210706

ពលករខ្មែរឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃមួយចំនួនបន្តដង្ហោយហៅរដ្ឋាភិបាលជួយសង្គ្រោះអាយុជីវិត

https://www.rfa.org/khmer/news/ ដោយ មួង ណារ៉េត 2021-07-19

ពលករខ្មែរដែលឆ្លងជំងឺកូវីដ-១៩ នៅប្រទេសថៃថ្លែងថា នៅពេលនេះស្ថានភាពរបស់ពួកគាត់កាន់តែលំបាកហើយគ្មានលទ្ធភាពជួយខ្លួនឯងបានទេ។ ពលការិនីមានស្រុកកំណើតនៅខេត្តបាត់ដំបងលោកស្រី វិត ស្រីមុំ ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី១៨ ខែកក្កដាថា ថៅកែជនជាតិថៃបានបង្ខាំងលោកស្រីនិងពលករខ្មែរជាច្រើននាក់ទៀត នៅក្នុងការដ្ឋានសំណង់នៅក្រុងបាងកកប្រហែល ២ខែហើយ ពុំមានគ្រូពេទ្យណាមកព្យាបាលជំងឺលោកស្រីនៅឡើយទេ។ ស្ត្រីវ័យ៣២ឆ្នាំរូបនេះ បន្ថែមថា សព្វថ្ងៃនេះសុខភាពរបស់លោកស្រីចុះខ្សោយនិងគ្មានកម្លាំងកំហែងដូចពេលមិនទាន់មានជំងឺកូវីដ-១៩ឡើយ ពីព្រោះលោកស្រីគ្មានអាហារហូបចុកគ្រប់គ្រាន់៖ «ដូចអ្នកទោសអីចឹងឯងរាល់ថ្ងៃនេះ គេថាពួកខ្ញុំអ្នកជាប់កូវីដអីចឹងគេមិនឱ្យយើងចេញទៅណាទេ គេថា មានអីហូបក៏ហូបហ្នឹងទៅ។ ខ្ញុំបន់ឱ្យតែបានចេញក្រៅទេ បងគិតមើលយើងជាប់ត្រឹមកន្លះខែអីវាលំបាកហើយ តែពួកខ្ញុំឡើងចង់២ខែហើយ នេះលើសសម័យប៉ុល ពតទៀត ខ្ញុំមិនដែលទាន់ប៉ុល ពត ទេខ្ញុំមកទាន់សម័យកូវីដ គេចាប់ឃុំខ្លួនវេទនា។ ម្យ៉ាងទៀតអារឿងបាយហូប មិនបានហើយម្នាក់ៗភ័យរឿងកូវីដទៀត ព្រោះអីអត់បានទៅពេទ្យសោះ បើមើលនៅក្នុងហ្វេសប៊ុកឃើញតែងាប់ ហើយពួកខ្ញុំចប់កូវីដក៏នៅតែអីចឹង»។

ដូចគ្នានេះដែរ ពលការិនីធ្វើសំណង់នៅទីក្រុងបាងកកម្នាក់ទៀតលោកស្រី ស៊ឹម ស៊ាន ថ្លែងថា លោកស្រីព្រួយបារម្ភខ្លាចធ្លាក់ខ្លួនឈឺធ្ងន់ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនៅស្រុកគេ ដោយខានបានជួបមុខឪពុកម្ដាយ។ ស្ត្រីវ័យ ៣៤ ឆ្នាំរូបនេះបញ្ជាក់ថា ចាប់តាំងពីលោកស្រីឆ្លងជំងឺកូវីដ-១៩មក ហូបចុកក្រៀមក្រោះរហូត។បញ្ហានេះធ្វើឱ្យលោកស្រីមានសុខភាពទ្រុឌទ្រោម និងគ្មានកម្លាំងកំហែងក្នុងខ្លួននោះទេ៖ «វាលំបាកខ្លាំងតែមែនទែន ខ្ញុំមិនដែលធ្លាប់ជួបប្រទះដែរ ពេលមកជួបខ្លួនឯងផ្ទាល់ខ្ញុំវាលំបាកខ្លាំងមិនដឹងនិយាយយ៉ាងណាទេ ណាមួយយើងមិនមានអីហូបណាមួយយើងមិនដឹងចេញទៅណាក៏វាធុញថប់វាមិនដឹងថា បានចេញថ្ងៃណាទេ។ កាលខ្ញុំឈឺដើមទ្រូងខ្លាំង កាលគេទើបត្រួតសុខភាពរួច ឈឺខ្លាំងមែនទែន ខ្ញុំដើរមួយទល់ព្រឹកខ្ញុំមិនដែលហ៊ានដេកទេ ខ្ញុំខ្លាចតែដេកទៅវាថប់វាទៅមែនទែន»។

ពលករខ្មែរនៅកណ្ដាលទីក្រុងបាងកកមួយក្រុមនេះ មានគ្នាជាង ៧០ នាក់ ពួកគាត់បានឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នាប្រហែល ២ខែមកហើយ មិនទាន់បានជាសះស្បើយនៅឡើយទេ។ ពួកគាត់ត្រូវបានថៅកែថៃបង្ខាំងនៅក្នុងការដ្ឋានសំណង់ ដោយផ្ដល់ស្បៀងអាហារបន្តិចបន្តួចសម្រាប់ហូបចុកប៉ុណ្ណោះ។ អាជ្ញាធរថៃបន្តបិទខ្ទប់ទីក្រុងបាងកកនិងខេត្តចំនួន ៥ នៅជុំវិញនោះ ព្រមទាំងខេត្តចំនួន ៤ ទៀតនៅភាគខាងត្បូងជាប់ប្រទេសម៉ាឡេស៊ី (Malaysia) រហូតដល់ថ្ងៃទី២ ខែសីហា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ វិធានការរបស់អាជ្ញាធរថៃនេះ ហាមឃាត់មនុស្សធ្វើដំណើរចាប់ពីម៉ោង៩យប់ដល់ម៉ោង ៤ ទៀបភ្លឺ និងហាមការប្រមូលផ្ដុំគ្នាលើសពី ៥ នាក់។ ប្រសិនបើជនណាល្មើសនឹងបម្រាមនេះអាចនឹងត្រូវមានទោសដាក់ពន្ធនាគារ ១ឆ្នាំ និងពិន័យជាប្រាក់ ៤ម៉ឺនបាត ឬស្មើប្រមាណ ១ពាន់ ៣០០ដុល្លារ (១.៣០០)។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីសុំអត្ថាធិប្បាយជុំវិញក្ដីកង្វល់របស់ពលករខ្មែរនេះបានទេនៅថ្ងៃទី១៨ ខែកក្កដា។ ប៉ុន្តែមន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ទទួលបន្ទុកផ្នែកពលករលោក គឹម ចំរើន បានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៨ ខែកក្កដាថា អាជ្ញាធរថៃនឹងបិទខ្ទប់ខេត្តចំនួន៣បន្ថែមទៀត នៅក្បែរទីក្រុងបាងកក រួមមានខេត្តឈុនបុរី (Chhunbori) ឆាក់ឈើងសៅ (Chhak Cheungsao) និង ខេត្តអយុទ្យា (Ayutthaya) ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា។ ក្នុងស្ថានភាពបែបនេះ លោកអំពាវនាវសុំឱ្យពលករខ្មែរទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃឱ្យបានខ្ជាប់ខ្ជួន ដើម្បីឱ្យរួចផុតពីការឆ្លងជំងឺកាចសាហាវនេះ។

ទោះជាយ៉ាងណា មន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករលោក ឌី ថេហូយ៉ា មានប្រសាសន៍ថា វិធានការរបស់អាជ្ញាធរនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលករខ្មែរ ដែលរដ្ឋាភិបាលកម្ពុជាគួរតែជួយសង្គ្រោះអាយុជីវិតរបស់ពួកគាត់ជាបន្ទាន់។ លោកបញ្ជាក់ថា រដ្ឋាភិបាលថៃមិនសូវអើពើជួយដល់ពលករខ្មែរនោះទេ ហើយពលករភាគច្រើនកំពុងស្នាក់នៅក្នុងការដ្ឋានសំណង់យ៉ាងលំបាកលំបិនតាមយថាកម្ម ដោយគ្មានថ្នាំព្យាបាលជំងឺពួកគាត់នោះឡើយ៖ «បើនិយាយពីអសុវត្ថិភាពវាអសុវត្ថិភាពទាំងអំពីជំងឺឆ្លង ទាំងការទទួលរងការគាបសង្កត់ កេងប្រវ័ញ្ច និងការជួញដូរអីជាដើមហ្នឹង អីចឹងវាអសុវត្ថិភាពទាំងអស់។ យើងឃើញថា រកកន្លែងណាថា សុវត្ថិភាពហ្នឹង មិនឃើញទេ មកទល់ពេលនេះ យើងអាចនិយាយបានថា ដូចជាក្បាលអ្នកណាសង់អ្នកហ្នឹង។ ខ្ញុំក៏មើលថា រដ្ឋាភិបាលថៃក្ដី រដ្ឋាភិបាលខ្មែរក្ដី ហ្នឹងក៏ក្រពុលមុខជាមួយនឹងរឿងផ្សេងៗ អារឿងផ្សេងៗហ្នឹងហើយដែលធ្វើឱ្យពួកគាត់មិនយកចិត្តទុកដាក់ជួយដល់ជនរងគ្រោះ»។

របាយការណ៍របស់អង្គការសង់ត្រាល់បង្ហាញថា បច្ចុប្បន្នមានពលករខ្មែរធ្វើការស្របច្បាប់ និងមិនស្របច្បាប់មានជិត ២លាន (២.០០០.០០០) នាក់ ធ្វើការនៅប្រទេសថៃ។ ក្រសួងសុខាភិបាលថៃឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា មានពលករខ្មែរជាង ៨ពាន់ ៦០០នាក់ (៨.៦២៥) ហើយបានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានពលករមួយចំនួនកំពុងធ្លាក់ខ្លួនឈឺធ្ងន់៕

website_news/2021210706.txt · Last modified: 2021/07/21 11:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki