website_news:2021210707

ពលករខ្មែរនៅថៃជិត៩ពាន់នាក់ឆ្លងជំងឺកូវីដ-១៩ ខណៈពលករខ្លះប្រឈមការដាច់ស្បៀង

https://vodkhmer.news/ លោក ត្រាន់ តិចសេង| ១៩ កក្កដា ២០២១ម៉ោង ២២:២៩

មន្ត្រីសង្គមស៊ីវិលអះអាងថា មានពលករខ្មែរប្រមាណជិត៩ ០០០នាក់ (៨ ៨៥៤នាក់) បានឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ និងរាប់ម៉ឺននាក់ផ្សេងទៀតកំពុងជាប់ក្នុងតំបន់បិទខ្ទប់ ខណៈតួលេខឆ្លងថ្មីក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ បានហក់ឡើងដល់ជាង១០ ០០០ករណីក្នុងមួយថ្ងៃៗចាប់ពីចុងសប្តាហ៍មុនមក។

មន្រ្តីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រចាំប្រទេសថៃ លោក លឹង សុផុន ប្រាប់ វីអូឌី នៅថ្ងៃទី១៩ ខែកក្កដានេះថា យ៉ាងហោចណាស់ មានពលករខ្មែរប្រមាណជិត៩ ០០០នាក់បានឆ្លងជំងឺកូវីដ-១៩ ក្នុងរលកទី៣ នៃការឆ្លងសហគមន៍ក្នុងប្រទេសថៃ ចាប់ពីខែមេសាមក។ លោកបន្តថា ស្ថានភាពឆ្លងនៅពេលនេះ គឺកំពុងស្ថិតក្នុងការព្រួយបារម្ភខ្លាំង ហើយការចម្លងថ្មីបានចាប់ផ្ទុះឡើងជាបន្តបន្ទាប់នៅតាមសហគមន៍ពលករបរទេសក្នុងវិស័យរោងចក្រ ដែលក្នុងនោះមានពលករកម្ពុជា ភូមា និងឡាវ ខណៈកាលពីខែមុន គឺផ្ទុះនៅតាមសហគមន៍ពលករក្នុងវិស័យសំណង់។

លោកបន្ថែមថា៖ «ឥលូវកន្លែងខ្លះ ពួកគាត់ខ្វះស្បៀងអាហារ ហើយនិងពួកគាត់មានការឆ្លង ហើយពួកគាត់អត់មានថ្នាំគ្រាប់ថ្នាំអី! សូម្បីតែកន្លែង Camp [ខ្ទម] កសាងដែលបងប្អូនពលករស្នាក់នៅហ្នឹង! ពួកគាត់ទាក់ទងមកខ្ញុំ ឱ្យខ្ញុំចុះធ្វើអន្តរាគមន៍ជួយ ដើម្បីឱ្យយកគាត់ចេញពីកន្លែងហ្នឹង ព្រោះអីមានការឆ្លងហើយ តែអត់មានមន្ទីរពេទ្យ ឬអត់មានពេទ្យ ឬថៅកែណាចុះជួយពួកគាត់។» លោកបន្ថែមថា៖ «បងប្អូនពលករដែលគាត់មានការខ្វះខាតហ្នឹង ប្រឈមខ្លាំងមែនទែន! មិនដឹងថាដំណាក់កាលណាទេ! ប៉ុន្តែឃើញមានការព្រួយបារម្ភច្រើនមែនទែន។ ភាគច្រើនពួកគាត់ចង់ត្រឡប់ទៅស្រុកវិញ តែមិនដឹងថាត្រូវត្រឡប់តាមណា។ មួយទៀត បើសិនត្រឡប់ទៅខ្មែរវិញ គាត់ដាក់ចត្តាឡីស័កនៅតាមព្រំដែន ណាមួយគាត់មិនដឹងថាទៅហ្នឹង ខ្លាចយករោគទៅឆ្លងនៅខ្មែរ»។

ពលករខ្មែរបម្រើការនៅរោងចក្រដំឡើងម៉ាស៊ីនដេរនៅខេត្តឈុន បុរី អ្នកស្រី ឈន់ ស៊ាប ប្រាប់ វីអូឌី ឱ្យដឹងថា ពលករខ្មែរធ្វើការជាមួយអ្នកស្រីរាប់សិបនាក់បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ រាប់ទាំងស្វាមីរបស់អ្នកស្រីផងដែរ។ស្រ្តីវ័យ៣៧ឆ្នាំរូបនេះបន្តថា គាត់ត្រូវបានបញ្ជូនទៅមណ្ឌលថែទាំអ្នកជំងឺកម្រិតស្រាលនៅបន្ទាយយោធាមួយកន្លែងក្នុងខេត្ត ខណៈស្វាមីអ្នកស្រីត្រូវបានបញ្ជូនសម្រាកព្យាបាលដាច់ពីគ្នានៅមន្ទីរពេទ្យធំ ដោយសារគាត់មានបញ្ហាសួតធ្ងន់ធ្ងរ។ អ្នកស្រី ឈន់ ស៊ាប និយាយថា៖ «ច្រើនពូ! ខ្មែរយើងនៅច្រើនណាស់ ១០០នាក់ជាងឯណោះ! ចម្រុះពូអើយ មានខ្មែរយើង ភូមា ប្រុសក៏ដោយប្រុស ស្រីក៏ដោយស្រី ច្រើនណាស់»។ ប្រភពដដែលបន្ថែមថា គាត់មិនដឹងឆ្លងជំងឺផ្លូវដង្ហើមថ្មីពីពេលណាឬតាមណានោះទេ ប៉ុន្តែគាត់ថា នៅពេលគាត់មានអាការក្តៅខ្លួន ក្អក និងហត់ ហើយលេបថ្នាំច្រើនថ្ងៃមិនធូរ ក៏សម្រេចទៅធ្វើតេស្តសំណាកនៅថ្ងៃទី១៣ ខែកក្កដា ក៏រកឃើញវិជ្ជមានតែម្តង។ អ្នកស្រីបន្ថែមថា ពលករដែលរកឃើញវិជ្ជមានត្រូវបានបញ្ជូនទៅព្យាបាល ឯអ្នកអវិជ្ជមានត្រូវបន្តការងារដដែល ដោយខាងរោងចក្រមិនមានការផ្អាកដំណើរការនោះទេ។ ពលករចំណាកស្រុកពីខេត្តត្បូងឃ្មុំរូបនេះ បន្តថា គាត់បារម្ភខ្លាចមានបញ្ហាឆ្លងជំងឺសារជាថ្មីនៅពេលត្រឡប់ទៅធ្វើការវិញ ប៉ុន្តែដើម្បីដោះស្រាយបញ្ហាជីវភាព គាត់មិនមានជម្រើសនោះទេ។ អ្នកស្រីនិយាយថា៖ «ចេះតែព្រួយបារម្ភដែរទៅមុខទៀត យើងមិនដឹងធ្វើម៉េច បើយើងវាគ្មានលុយគ្មានកាក់ ចេះតែទ្រាំទៅ»។

ស្វាមីរបស់អ្នកស្រី ឈន់ ស៊ាប ឈ្មោះ នុត ហឿង ឱ្យដឹងថា លោកកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យរបស់រដ្ឋមួយកន្លែងតែម្នាក់ឯង ដោយអ្នកជំងឺដទៃទៀតសុទ្ធតែជាជនជាតិថៃ។ លោកថា លោកមានបញ្ហាក្នុងការទំនាក់ទំនាក់តិចតួច ជាមួយគ្រូពេទ្យ ដោយសារលោកមិនសូវចេះនិយាយភាសាថៃ។ ពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃអស់រយៈពេល៧ឆ្នាំរូបនេះ ប្រាប់ថា គាត់មានអាការក្អក ក្តៅខ្លួន រាក ក្អួតចង្អោរ និងថប់ដង្ហើម ប៉ុន្តែក្រោយពីសម្រាកព្យាបាលបានមួយរយៈដោយការប្រើថ្នាំលេបនិងចាក់មក លោកក៏បានធូរស្រាលច្រើន។ យ៉ាងណា លោកថា លោកមិនទាន់មានកម្លាំងឡើងវិញនៅឡើយ ដោយសារសួតរបស់លោកមានបញ្ហាដោយសារវីរុសកូវីដ-១៩។ ពលករវ័យ៤៤ឆ្នាំរូបនេះបន្ថែមថា លោកបារម្ភពីបញ្ហាសុខភាព បន្ទាប់ពីរងការវាយលុកពីវីរុសផ្លូវដង្ហើមថ្មី ដែលធ្វើឱ្យគាត់មិនមានកម្លាំងគ្រប់គ្រាន់អាចបន្តការងារនៅទីនោះបាន។ លោក នុត ហឿង និយាយថា៖ «យើងខ្លាចយើងជាទៅ ធ្វើការវិញទៅ វាលាប់ឡើងវិញ! សម្រេចចិត្តថា ជាទៅ ប្រហែលជាសុំគេទៅផ្ទះវិញហើយ»។

កាលពីខែមិថុនា រដ្ឋាភិបាលថៃបានសម្រេចបិទខ្ទប់តំបន់លំនៅដ្ឋានរបស់ពលករសំណង់អន្តោប្រវេសន៍នៅទូទាំងក្រុងបាងកក និងតាមបណ្តាខេត្តជុំវិញទីក្រុងដែលមានពលរដ្ឋរស់នៅជាង៨លាននាក់នេះ រយៈពេល១ខែ ដើម្បីកាត់ផ្តាច់រលកចម្លងក្នុងសហគមន៍។ វិធានការនេះបានធ្វើឱ្យពលករមួយចំនួនប្រឈមនឹងបញ្ហាខ្វះស្បៀងអាហារប្រចាំថ្ងៃ។

ពលករខ្មែរម្នាក់បម្រើការផ្នែកសាងសង់អគារសាធារណៈនៅខេត្តណាខនប៉ាធំ លោក មិត្ត សារ៉ា ថ្លែងថា លោកនិងភរិយាកំពុងប្រឈមបញ្ហាដាច់ស្បៀងអាហារនិងលុយកាក់ បន្ទាប់ពីលោកមិនមានការងារធ្វើអស់រយៈពេល២ខែ ហើយត្រូវជាប់ក្នុងតំបន់ក្រហមរយៈពេល១ខែថែមទៀត។ លោកថា បញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ក្នុងប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ដល់ការងារសាងសង់របស់ពលករចំណាកស្រុកក្នុងតំបន់របស់លោកប្រមាណពី៥០ទៅ៦០ភាគរយ។ លោកថា លោកនិងពលករដទៃទៀតដែលស្នាក់នៅនិងធ្វើការជាមួយគ្នាប្រមាណជា២០នាក់បានស្នើក្រុមហ៊ុនឱ្យជួយអន្តរាគមន៍ ប៉ុន្តែក្រុមហ៊ុនមិនទាន់មានចម្លើយនៅឡើយ ក្រៅពីឱ្យរង់ចាំបណ្ណធានារ៉ាប់រងសង្គមពីរដ្ឋ។ លោកបន្ថែមថា៖ «ចាប់អារម្មណ៍ខ្លាំង គឺពេលវេលាដែលយើងមិនបានធ្វើការផង ហើយប្រឈមនឹងការដាច់ស្បៀង ហើយប្រឈមនឹងជំងឺកូរ៉ូណាដែលវានៅជុំវិញខ្លួនយើង ហើយក៏គិតដល់ស្រុកដល់ស្រែដែរ ចង់ត្រឡប់ទៅវិញ»។

បុរសវ័យ៤៤ឆ្នាំ មានកូន៤នាក់ផ្ញើនៅឪពុកម្តាយនៅស្រុកកំណើតនាខេត្តសៀមរាប បន្តថា លោកចង់ត្រឡប់ទៅស្រុកកំណើតវិញ ជួបជុំក្រុមគ្រួសារ ប៉ុន្តែលោកបារម្ភខ្លាចជួបបញ្ហាឆ្លងជំងឺនៅតាមផ្លូវធ្វើដំណើរ និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃនៅព្រំដែនទៀត។ លោកថា៖ «មិនដឹងទៅណាទៅណីទេ ចង់ទៅមុខក៏មិនបាន ថយក្រោយក៏មិនបាន»។

វីអូឌី មិនអាចទាក់ទងស្ថានទូតថៃប្រចាំប្រទេសកម្ពុជា និងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ដើម្បីសុំការអធិប្បាយជុំវិញបញ្ហារបស់ពលករខ្មែរបានទេ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។ ដោយឡែក បើតាមលោក កុយ គួយ ពលករខ្មែរប្រមាណ១លាននាក់កំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ ខណៈរបាយការណ៍ពីអង្គការសង់ត្រាល់ថា ពលករខ្មែរដែលចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសនេះទាំងស្របច្បាប់និងមិនស្របច្បាប់ គឺមានប្រមាណ១លាន៦សែននាក់៕

website_news/2021210707.txt · Last modified: 2021/07/21 11:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki