website_news:2021210902

សង់ត្រាល់ថាមានពលករខ្មែរខុសច្បាប់ជាង៧០០នាក់ឆ្លងដែនចូលប្រទេសថៃនៅក្នុងពេលផ្ទុះកូវីដ-១៩

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 19/09/2021 - 08:13

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ បានអះអាងថា មានពលករខ្មែរខុសច្បាប់ប្រមាណជាង៧០០នាក់បានធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃ គិតត្រឹមរយៈពេល៧ខែឆ្នាំ២០២១នេះ។ ជាការកត់សម្គាល់ ការចំណាកស្រុកនេះ ធ្វើឡើងនៅក្នុងកាលៈទេសៈដែលប្រទេសទាំងពីរ ទាំងកម្ពុជា ទាំងថៃ កំពុងរងការយាយីដោយវិបត្តិកូវីដ-១៩ ជាពិសេសវីរុសកូវីដ-១៩ប្រភេទ«ដែលតា»។ តែយ៉ាងណាពីខាងអាជ្ញាធរព្រំដែនបញ្ជាក់ថា ពលករខ្មែរខុសច្បាប់ចំណាកស្រុកទៅកាន់ប្រទេសថៃពេលនេះ មានចំនួនតិចតួច និងត្រូវបានបង្រ្កាបជាញឹកញយ។ គឺនៅក្នុងរបាយការណ៍ស្តីពីបញ្ហាប្រឈមរបស់ពលករកម្ពុជាក្នុងអំឡុងពេលនៃការផ្ទុះមេរោគកូវីដ-១៩ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បានរកឃើញថា មានពលករខ្មែរខុសច្បាប់ចំនួន៧៤១នាក់ បានធ្វើចំណាកស្រុកទៅក្នុងប្រទេសថៃ និងត្រូវបានអាជ្ញាធរប្រទេសទាំងពីរបង្រ្កាបបាន ហើយក្នុងនោះមានពលករចំនួន៣៦០នាក់ ត្រូវបានបញ្ជូនទៅដោះស្រាយតាមផ្លូវច្បាប់។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអាទិត្យទី១៩កញ្ញាថា មូលហេតុដែលធ្វើឲ្យពលករខ្មែរនៅតែប្រថុយប្រថានឆ្លងដែនត្រលប់ទៅកាន់ប្រទសថៃដោយខុសច្បាប់ ទាំងដែលស្ថានភាពប្រទេសទាំងពីរកំពុងជួបវិបត្តិកូវីដ-១៩នោះ គឺដោយសារតែការមិនមានមុខរបរ និងការងារជាក់លាក់ពេលពួកគេត្រលប់ចូលមកកម្ពុជាវិញ ជាហេតុឲ្យពួកគេមិនអាចទទួលបានចំណូលប្រចាំថ្ងៃ។ រីឯបញ្ហាមួយទៀតនោះ គឺជាបំណុល ដែលពួកគេមិនទាន់មានលទ្ធភាពសងទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។ ទាំងនេះសុទ្ធតែជាមូលហេតុ ដែលលោកមឿន តុលា បានអះអាងថាជំរុញឲ្យពលករបង្ខំចិត្តត្រលប់ទៅកាន់ប្រទេសថៃ បើទោះបីប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាពឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរក្តី។ ជាការកត់សម្គាល់ លោកមឿន តុលា ថា ការធ្វើចំណាកស្រុកខុសច្បាប់ពេលនេះ គឺធ្វើឡើងនៅតាមច្រករបៀងតូចៗនៃព្រំដែនប្រទេសទាំងពីរ ហើយភាគច្រើនគឺពលករត្រូវបានមេខ្យល់បញ្ចុះបញ្ចូលឲ្យទៅរកការងារធ្វើវិញ។ បើតាមសង់ត្រាល់ ពលករទាំងនោះត្រូវចំណាយទឹកប្រាក់សរុបប្រមាណ២.៥លានបាត ឬ៧៦០០០ដុល្លារអាមេរិក។

យ៉ាងណាមិញ លោក សឿម ប៊ុនរិទ្ធី អភិបាលរងខេត្តបាត់ដំបង បានកត់សម្គាល់ថា មួយរយៈចុងក្រោយពុំសូវមានពលករខ្មែរចំណាកស្រុកខុសច្បាប់ចេញទៅប្រទេសថៃនោះទេ ដោយលោកបញ្ជាក់ថា មានត្រឹម៣ទៅ៤នាក់ក្នុងមួយថ្ងៃ និងត្រូវបានអាជ្ញាធរបង្រ្កាបនិងអប់រំជាប្រចាំ។ បើតាមអាជ្ញាធរខេត្តព្រំដែនជាប់ប្រទេសថៃរូបនេះ បើទោះបីជាពលករអាចឆ្លងដែនទៅដល់ទឹកដីប្រទេសថៃ ក៏ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ដែរ។ បន្ថែមពីនេះដែរ អភិបាលរងខេត្តបាត់ដំបងរូបនេះ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិទៀតថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏ពុំសូវមានពលករខ្មែរត្រលប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិខេត្តបាត់ដំបងដែរ។ ដោយបច្ចុប្បន្ន មានពលករចំនួន១៦៣១នាក់ប៉ុណ្ណោះកំពុងបន្តធ្វើចត្តាឡីស័កបន្ទាប់ពីត្រលប់មកពីប្រទេសថៃវិញ។

គួរបញ្ជាក់ថា តាមរបាយការណ៍ក្រសួងសុខាភិបាលថៃ គិតត្រឹមថ្ងៃទី២២កក្កដា មានពលករខ្មែរសរុបចំនួន ១០៤៥៥នាក់ បានធ្វើតេស្តរកមេរោគកូវីដ-១៩ ក្នុងនោះពលករចំនួន ១០២២៦នាក់ បានឆ្លងជំងឺកូវីដ១៩នៃរលកទី៣ ចាប់ពីថ្ងៃទី១មេសាមក។ នេះបើតាមរបាយការណ៍របស់សង់ត្រាល់៕

website_news/2021210902.txt · Last modified: 2021/09/21 10:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki