website_news:2021210903

តុលាការខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនមេខ្យល់ ៦ នាក់រឿងនាំពលករឆ្លងដែនទៅថៃ

https://www.postkhmer.com/ គឹម សារុំ | Publication date 19 September 2021 | 17:13 ICT

បន្ទាយមានជ័យ តុលាការខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៨ កញ្ញាបានសម្រេចបញ្ជូនបុរសជាមេខ្យល់៦នាក់ ឃុំខ្លួនជាបណ្ដោះអាសន្ន ក្នុងពន្ធនាគារខេត្តបន្ទាប់ពីឃាត់ខ្លួនពួកគេ នៅក្រុងប៉ោយប៉ែតករណីលួចនាំពលករឆ្លងដែនទៅប្រថៃ។

លោកស្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យឱ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញាថាជនទាំង៦នាក់នោះមាន ទី១-ឈ្មោះប្រាក់ វណ្ណៈ ភេទប្រុស អាយុ ៣៦ឆ្នាំ ,ទី២-ឈ្មោះផុន សុខហុង ភេទប្រុស អាយុ ២៥ឆ្នាំ,ទី៣-ឈ្មោះវេត សារុំ ភេទប្រុស អាយុ ២៦ឆ្នាំ,ទី៤-ឈ្មោះកែវ សិរី ភេទប្រុសអាយុ ៣១ឆ្នាំ,ទី៥-ឈ្មោះលី ប៊ុនថនភេទប្រុស អាយុ ៣៦ឆ្នាំ។ ពួកគេរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកជនម្នាក់ទៀតឈ្មោះម៉ឺន រុន ភេទប្រុស អាយុ ៣៦ឆ្នាំជនជាតិខ្មែររស់នៅភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកស្រះកែវ ខេត្តស្រះកែវ ប្រទេសថៃ។ជនទាំង៦នាក់ត្រូវបានតុលាការឃុំក្នុងពន្ធនាគារហើយពីថ្ងៃទី១៨កញ្ញា។ លោកស្រី សុជាតិ បានប្រាប់ថា៖ «ពួកគេត្រូវចោទបទ ការនាំចេញដោយ មិនស្របច្បាប់ សម្រាប់នាំឆ្លងដែនតាមមាត្រា១១នៃច្បាប់ការបង្ក្រាបអំពើ ជួញដូរមនុស្ស និងអំពើធ្វើ អាជីវកម្មផ្លូវភេទ»។ ពាក់ព័ន្ធបទចោទតាមមាត្រា១១នៃច្បាប់ការបង្ក្រាប អំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ នេះជនត្រូវចោទត្រូវប្រឈម នឹងការផ្តន្ទាទោស ដាក់ពន្ធនាគារពី៧ទៅ១៥ឆ្នាំបើតុលាការរកឃើញ ថា ពួកគេពិតជាបានប្រព្រឹត្តមែននោះ ។

លោក ព្រំ ពិសិដ្ឋ អធិការរងក្រុងប៉ោយបានប្រាប់នៅរសៀលថ្ងៃទី១៩កញ្ញាថា បុរសជាមេខ្យល់ទាំង៦នាក់នោះត្រូវបានសមត្ថកិច្ចប្រចាំការនៅតាមព្រំដែនខេត្តបន្ទាយមានជ័យឃាត់ខ្លួនបានកាលពីថ្ងៃទី១៧ កញ្ញា ក្នុង២ករណីផ្សេងគ្នាប៉ុន្តែពួកគេសុទ្ធនាំពលករឆ្លងដែនចូលទៅប្រទេសថៃដូចគ្នា។ លោកបានបញ្ជាក់ថា ៖«ពលករប្រុសស្រីដែលទប់ស្កាត់បានគឺយកទៅមណ្ឌលចត្តឡីស័កអស់ហើយ»។

លោក សំរិទ្ធ សុខុន អ្នកនាំពាក្យ សាលាដំបូងខេត្តបន្ទាយមានជ័យមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេនៅថ្ងៃទី១៩ ខែកញ្ញានេះ៕

website_news/2021210903.txt · Last modified: 2021/09/21 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki