website_news:2021210905

អាជ្ញាធរបញ្ជូនជនសង្ស័យជាមេខ្យល់ ៦នាក់ ទៅតុលាការ រឿងនាំពលករលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃ

https://www.rfa.org/khmer/ ដោយ ខែ សុណង2021-09-18

សមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនមនុស្ស ៦នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ សង្ស័យថា ជាមេខ្យល់នាំពលករលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃ។ មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារពលករចំណាកស្រុក យល់ថា ពលករខ្មែរនៅតែបន្តចាញ់បោកមេខ្យល់ចេញទៅរកការងារធ្វើនៅប្រទេសជិតខាង ព្រោះពួកគាត់ខ្វះខាតជីវភាពចិញ្ចឹមជីវិត ជំពាក់បំណុលធនាគារនិងឯកជន។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប្រឆាំងការជួញដូរមនុស្សអះអាងថា ការចាប់អ្នកពាក់ព័ន្ធការជួញដូរមនុស្សគឺជាវិធានការច្បាប់ ដែលមិនមានការលើកលែង និងស្នើឲ្យពលរដ្ឋអត់ធ្មត់ កុំបន្តឆ្លងដែនទៅធ្វើការខុសច្បាប់ដោយប្រថុយប្រថាន។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង អំពាវនាវឲ្យប្រជាពលរដ្ឋអត់ធ្មត់ រង់ចាំឲ្យស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ បានធូរស្រាល និងមានការរៀបចំឡើងវិញសិន។ អ្នកស្រីថា រដ្ឋាភិបាលនឹងមិនបិទសិទ្ធិពលរដ្ឋមិនឲ្យចេញទៅស្វែងរកការងារនៅក្រៅស្រុកនោះទេ៖ «សម័យកាលកូវីដ ក៏ដូចជាំប្រទេសថៃ ក៏ដូចជាប្រទេសទូទាំងពិភពលោកគេកំពុងតែមានការព្រួយបារម្ភពីអត្រាឆ្លងដែលកំពុងតែរាតត្បាតខ្ពស់។ គេអត់ចង់ឲ្យមានការឆ្លងកាត់ទៅមកទេ តែយើងទោះបីថា យើងត្រូវការ ការងារ ប៉ុន្តែគេចង់ប្រាប់ថា គេក៏កំពុងតែមានការបិទរោងចក្រសហគ្រាសក៏ដូចជាកន្លែងការងារជាច្រើនដោយសារតែការរាតត្បាតនៃកូវីដ-១៩។ អ៊ីចឹងត្រូវអត់ធ្មត់សិនហើយកាន់ប្រទេសយើងក៏អ៊ីចឹងដែរយើងបានប្រាប់ប្រជាពលរដ្ឋយើងថា យើងរស់នៅកន្លែងណា នៅកន្លែងហ្នឹងសិនទៅ។ ប្រសិនបើគាត់ចូលមក កម្ពុជាហើយ ក៏មកនៅក្នុងស្រុកភូមិដូចពេលមុនគាត់ទៅប្រទេសក្រៅអ៊ីចឹង។ ការដែលផ្អាកមិនឲ្យឆ្លងកាត់នៅពេលនេះ ព្រោះតែចង់ការពារទាំងគាត់ខ្លួនឯង ក៏ដូចជាក្រុមគ្រួសារនៅសហគមន៍ ហើយខាងប្រទេសគេហ្នឹងក៏គេមានការប្រុងប្រយ័ត្ន»។

ការលើកឡើងនេះ បន្ទាប់ពីសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនបុរស ៦នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ សង្ស័យថាជាមេខ្យល់ នាំពលករលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃ។ ក្នុងចំណោមជនសង្ស័យទាំង ៦នាក់ មាន ៥នាក់ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងម្នាក់ស្នាក់នៅភូមិ ប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកស្រះកែវ ខេត្តស្រះកែវ ប្រទេសថៃ។

ទាក់ទងរឿងនេះ មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល (Central) កញ្ញា ទ្រី សុភា យល់ថា ពលរដ្ឋនៅតែប្រថុយលួចឆ្លងដែនត្រឡប់ចូលទៅប្រទេសថៃវិញ គឺដោយសារតែពួកគាត់មកដល់ស្រុកកំណើតហើយ មិនបានទទួលជំនួយគាំពារសង្គម ខ្វះខាតជីវភាព និងគ្មានប្រាក់ដោះបំណុល ទើបជំរុញឲ្យពួកគាត់ចង់វិលទៅរកការងារវិញដោយមិនខ្លាចគ្រោះថ្នាក់ និងបារម្ភខ្លាចជំងឺឆ្លង៖ «អ្វីដែលជាចំណុចសំខាន់នោះគឺការផ្ដល់ជំនួយសង្គមដែលមានការគិតបញ្ចូលអំពីផលលំបាកនៃពលករដែលគាត់វិលត្រឡប់មកវិញ។ អ៊ីចឹងយើងឃើញថា មានសកម្មភាពជំនួយសង្គមផ្សេងៗ ក៏ប៉ុន្តែពលករដែលគាត់វិលត្រឡប់ គឺគាត់ពុំទាន់បានទទួលជំនួយទាំងអស់ហ្នឹងទេ ដោយសារយើងដឹងស្រាប់ហើយថា ការដែលគាត់ទៅធ្វើការនៅប្រទេសថៃ យូរអង្វែង គឺគាត់ធ្វើឲ្យបាត់បង់ឱកាសនៅក្នុងការចុះឈ្មោះទទួលបាននូវប្រព័ន្ធគាំពារផ្សេងៗ។ យើងសំណូមពរនេះគឺធ្វើយ៉ាងណា ដើម្បីឲ្យយន្តការនៃការផ្ដល់ជំនួយគាំទ្រ ទៅដល់ពលករដែលគាត់វិលត្រឡប់មកវិញ ហើយគាត់កំពុងជួបប្រទះនូវបញ្ហាបាត់បង់ការងារធ្វើគ្មានប្រាក់ចំណូល ហើយនិងកត្តាជីវភាពផ្សេងៗ ក៏ដូចជាក្ដីបារម្ភនៃការជំពាក់បំណុលធនាគារ»។ មន្ត្រីអង្គការសង់ត្រាល់ ដដែលថា ការបង្កើតឱកាសការងារក្នុងស្រុកគឺជាកត្តាសំខាន់ ដែលអាចដោះស្រាយបញ្ហានេះជូនដល់ពលរដ្ឋបាន ពិសេសពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ អំឡុងវិបត្តិនៃការរាលដាលជំងឺកូវីដ-១៩។

អង្គការសង់ត្រាល់ ឲ្យដឹងថា ចាប់តាំងពីចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២១ មានពលរដ្ឋខ្មែរប្រមាណ ៧៤១នាក់ ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរនៃប្រទេសកម្ពុជានិងថៃ ពាក់ព័ន្ធនិងការលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។ ក្នុងនោះមនុស្សចំនួន ៣៦០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅចាត់ការតាមច្បាប់។ ក្នុងចំណោមអ្នកដែលបានឃាត់ខ្លួនសរុប ៧៤១នាក់ មាន ៣៧៣នាក់ ជាស្ត្រីចាញ់បោកមេខ្យល់ដែលភាគច្រើនជាជនជាតិខ្មែរដូចគ្នា ដែលជាមេខ្យល់នាំពលករទាំងនោះ។ ជនរងគ្រោះបានខាតបង់ប្រាក់សរុបចំនួន ២លាន ៥សែនបាត ឬប្រមាណ ៧ម៉ឺន ៦ពាន់ដុល្លារ៕

website_news/2021210905.txt · Last modified: 2021/09/21 10:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki