website_news:2021211203

ពលករខ្មែរ បានត្រឡប់មកពីក្រៅប្រទេស ជាង២៦ម៉ឺននាក់ ក្នុងនោះមកពីថៃច្រើនជាងគេ

https://dap-news.com/ ByKD102Posted on December 20, 2021

ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២១នេះ មានពលករខ្មែរ ត្រឡប់មកពីក្រៅប្រទេស ជាង២៦ម៉ឺននាក់ ក្នុងនោះ ត្រឡប់មកពីប្រទេសថៃ ច្រើនជាងគេ។ ក្នុងពិធីសម្ពោធអគារមណ្ឌល ទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោកស្រី ជូ ប៊ុនអេង បានថ្លែងថា ពលករកម្ពុជា ដែលបានឆ្លងដែនទៅធ្វើការនៅប្រទេសជិតខាង ជាពិសេសប្រទេសថៃ មានចំនួនច្រើនលើសលុបរហូតដល់ ជាង១លាននាក់ ហើយតែងតែធ្វើចរាចរណ៍ ឆ្លងកាត់ព្រំដែនទាំងរបៀបផ្លូវការ និងរបៀបមិនផ្លូវការ មិនប្រក្រតី មិនទៀងទាត់ ជាហេតុនាំឱ្យមានការពិបាកគ្រប់គ្រង និងប្រឈមគ្រោះថ្នាក់ក្រៃលែង។ លោកស្រី បន្ដថា ជាគោលការណដឹកនាំរបស់ រាជរដ្ឋាភិបាល ជាពិសេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ការរៀបចំទទួលពលករ តាមច្រកព្រំដែនសំខាន់ៗ ដែលមានពលករឆ្លងកាត់ គឺដើម្បីតាមដានគ្រប់គ្រង លំហូរពលករទេសន្ដរប្រវេសក៍ និងទទួលខុសត្រូវចំពោះសុវត្ថិភាព របស់ពលរដ្ឋកម្ពុជាដែលបាន ធ្វើទេសន្ដរប្រវេសក៍ ស្វែងការងារចញ្ចឹមជីវិត តែត្រូវទទួលបានគ្រោះថ្នាក់ផ្សេងៗ និងត្រូវបានអាជ្ញាធរបរទេស បញ្ជូនប្រឡប់មកវិញ ក្នុងស្ថានភាពមិនប្រក្រតី។

លោកស្រី បន្ថែមថា ក្នុងពេលជំងឺដង្ហើមកាច់សហាវ កូវីដ-១៩ បានចាប់ផ្ដើមរាតត្បាតដល់ បណ្ដាប្រទេសក្នុងតំបន់ដែលធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសេដ្ឋកិច្ច ការងាររបស់ពលករ ដែលតាមបណ្ដារោងចក្រ សហគ្រាស កសិដ្ឋាន និងការដ្ឋានការងារ ជាច្រើន ត្រូវបានបិទស្ទើរទាំងស្រុង ធ្វើឲ្យពលករបាត់បងការងារ និងប្រាក់ចំណូល ជាពិសេស ពលករគ្មានជំនាញ និងមានចំណូលទាប។ លោកស្រី បញ្ជាក់ថា «ការបិទព្រំដែនរបស់ ព្រះរាជាណាចក្រថៃ ក្នុងអំឡុងខែមីនា ឆ្នាំ២០២០ បានជំរុញពលករកម្ពុជាវិលត្រឡប់ មកពីប្រទេសថៃយ៉ាងគគ្រឹកគគ្រេង តាមបណ្ដោយបន្ទាត់ព្រំដែន រួមទាំងច្រកព្រំដែនកំរៀង នេះផងដែរ។ នឹងត្រូវការត្រួតពិនិត្យយ៉ាង ត្រឹមត្រូវបំផុតទាំងបញ្ហាសុខភាព ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ-១៩ និងការគ្រប់គ្រងភាពរាយប៉ាយ តាមច្រកមិនផ្លូវការទាំងយប់ ទាំងថ្ងៃ។ គិតមកដល់ចុងឆ្នាំ២០២១ នេះ មានពលករដែលត្រឡប់ មកពីក្រៅប្រទេសរហូតដល់ ជាង២៦ម៉ឺននាក់ ដែលក្នុងនោះ មានការវិលត្រឡប់ ប្រទេសថៃច្រើនជាងគេ»៕

website_news/2021211203.txt · Last modified: 2021/12/21 09:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki