website_news:2021211204

មេឃុំ ចៅសង្កាត់ កុំទាន់ចុះហត្ថលេខាលើករណីជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១

(ស្ទឹងត្រែង)៖ មុននឹងចុះហត្ថលេខា ទៅលើករណីជ្រើសរើសពលករទៅធ្វើការងារនៅក្រៅប្រទេស លោកមេឃុំ ចៅសង្កាត់ ត្រូវពិនិត្យឱ្យបានច្បាស់លាស់បំផុត ទៅលើឈ្មោះក្រុមហ៊ុន បុគ្គលិកក្រុមហ៊ុន ចៀសវាងនាំពលករទៅខុសទិសដៅ ដែលនាំឱ្យពួកគេជួបការលំបាកកំឡុងពេលទៅធ្វើការការងារនៅប្រទេសទេសនោះ។ តែយកល្អបំផុតមេឃុំ ចៅសង្កាត់ មិនត្រូវចុះហត្ថេខានោះទេ ត្រូវទាក់ទងមកមន្ទីរជំនាញបណ្តុះបណ្តាលវិជ្ជាជីវ ប្រសិនបើមានក្រមហ៊ុនឯកជនណាមួយ មកទំនាក់ទំនងជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស ព្រោះថាមានតែមន្ត្រីជំនាញទេ ទើបដឹងពិតប្រាកដពីលក្ខណ:របស់ក្រុមហ៊ុននោះ។ នេះបើតាមការបញ្ជាក់របស់លោក ប៊ូ វីរុន ប្រធានមន្ទីរបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងកម្មវិធីបើកកិច្ចប្រជុំលើកទី១ នៅថ្ងៃទី២០ ខែធ្នូរ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។ លោក ប៊ូ វីរុន បានបន្តឱ្យដឹងថា កន្លងមកប្រជាពលរដ្ឋខេត្តស្ទឹងត្រែងធ្លាប់មានពលករចាញ់បោកមេខ្យល់ ឫក្រុមហ៊ុន ជាច្រើនករណីផងដែរ ដូចជាពលការនីម្នាក់ជាកូនរបស់លោកមេឃុំ នៃឃុំព្រះរំកិល ស្រកបុរីអូរស្វាយសែនជ័យ បានចាញ់បោកក្រុមហ៊ុនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ លោក ប៊ូ វីរុន បញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនខ្លះបានក្ស័យធន តែបុគ្គលិកក្រុមហ៊ុននោះ នៅតែបន្តសកម្មភាពដើរជ្រើសរើសពលករតាមភូមិ ទៅធ្វើការងារនៅក្រៅប្រទេសដដែល ។ ពេលជ្រើសរើសពលករបាន គេលក់ឱ្យក្រុមហ៊ុនដទៃផ្សេងវិញ ដើម្បីបានភាគលាភ។

ក្នុងឱកាសនោះផងដែរ លោក ញ៉ែម សារី អភិបាលរងខេត្តដែលជាតំណាងលោកស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្ត បានគាំទ្រការលើកឡើងរបស់ប្រធានមន្ទីរបណ្តុះបណ្តាលវិជ្ជាជីវ: និងស្នើសុំដល់លោកមេឃុំ ចៅសង្កាត់ ត្រូវអនុវត្តតាមស្មារតីនៃអង្គប្រជុំថ្ងៃនេះ ចៀសវាងបន្តធ្វើខុសទៅថ្ងៃមុខទៀត ដើម្បីភាពសុខដុមរម្យនា សន្តិសុខ សណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង។ ជាមួយគ្នានោះផងដែរលោក ញ៉ែម សារី បានជម្រុញមេឃុំ ចៅសង្កាត់ ជួយណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលបោះបង់ការសក្សា ពុំមានការងារធ្វើ ឱ្យមកចុះឈ្មោះចូលរៀនវគ្គជំនាញនៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ: ដោយឥតបង់ថ្លៃ ដែលមានទីតាំងនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃផ្សាយព័ត៌មាននេះទៅ ជាបន្តបន្ទាប់ដោយមិនកំណត់ចំនួននោះទេ។ សូមបញ្ជាក់ថាកិច្ចប្រជុំថ្ងៃនេះមានការអញ្ជើញចូលរួមពីមន្ទីរបណ្តុះបណ្តាលវិជ្ជាជីវ មន្ទីរកិច្ចការនារី មន្ទីរទេសចរណ៍ មេឃុំ ចៅសង្កាត់ ក្រោមកិច្ចឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាលស្វិសខនថាក់(SWISCONTACT)ផងដែរ៕

website_news/2021211204.txt · Last modified: 2021/12/21 09:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki