website_news:2021211205

ពលករចំណាកស្រុកបង្កការព្រួយបារម្ភករណីឆ្លងវីរុស Omicron

https://www.khmertimeskh.com/ Yim Sreylin / Khmer Times December 20, 2021

នាពេលថ្មីៗនេះ តួលេខនៃពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃវិញ មានការកើនឡើងគួរឲ្យកត់សម្គាល់។ ទោះបីប្រទេសថៃបានបើកព្រំដែនរបស់ខ្លួន ដើម្បីស្វាគមន៍ពលករចំណាកស្រុកស្របច្បាប់ត្រឡប់ទៅធ្វើការវិញក៏ដោយ ក៏ការភ័យខ្លាចនៃការចម្លងវីរុសបម្លែងថ្មី Omicron បាននិងកំពុងរារាំងកម្មករមួយចំនួនមិនឲ្យធ្វើដំណើរផងដែរ។ ពលរករមួយចំនួនភ័យខ្លាចការឆ្លងវីរុស Omicron ហើយមួយចំនួនទៀតព្រួយបារម្ភខ្លាចថាវាអាចបង្កគ្រោះថ្នាក់ដូចវីរុសបម្លែងថ្មី Delta។ ក្នុងខែសីហា ពលករចំណាកស្រុករាប់ពាន់នាក់បានត្រឡប់មកពីប្រទេសថៃ ប៉ុន្តែចំនួនទាំងនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែបន្ទាប់ ដោយច្រកព្រំដែនមួយចំនួនឃើញមានអ្នកត្រឡប់មកពីប្រទេសថៃតិចជាង ៥០ នាក់ក្នុងមួយថ្ងៃ។ ទោះយ៉ាងណានៅចុងខែវិច្ឆិកា និងដើមខែធ្នូ តួលេខបានកើនឡើងគួរឲ្យកត់សម្គាល់ដោយមានពលករជាង ៥០០ នាក់ក្នុងមួយថ្ងៃ។

លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ពលករចំណាកស្រុកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឆ្លងវីរុសបម្លែងថ្មីនៃជំងឺកូវីដ-១៩។ លោកបន្តថា៖ «ពលករចំណាកស្រុកបានខិតខំស្វែងរកការងារធ្វើនៅប្រទេសថៃ ហើយជារឿយៗបានចំណាយប្រាក់យ៉ាងច្រើន ដើម្បីឲ្យទៅពួកមេខ្យល់ ឬដើម្បីឆ្លងដែនខុស ច្បាប់។ ទោះបីជាមានរឿងបែបនេះកើតឡើងក៏ដោយ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងបានឃើញពលករ ចំណាកស្រុកជាង ១០០ នាក់ត្រឡប់មកវិញក្នុងមួយថ្ងៃៗ»។ លោកបន្ថែមថា៖ «ពលករភាគច្រើនបានទទួលការចាក់វ៉ាក់សាំងយ៉ាងពេញលេញដោយរដ្ឋាភិបាលថៃ ខណៈកម្ពុជាក៏កំពុងចាក់ជូនពលករដែលស្ថិតក្នុងមណ្ឌលចត្តាឡីស័កដែរ»។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និយាយថា អាជ្ញាធរនៅតាមព្រំដែនទាំងសងខាងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ហើយចំនួនអ្នកត្រឡប់មកវិញក៏មានការកើនឡើងផងដែរ។ លោកថា៖ «ក្នុងមួយថ្ងៃ មានពលករចំណាកស្រុកជាង ២០០នាក់បានត្រឡប់មកវិញ។ ហើយចំនួនតិចជាង ១០០ នាក់ជាពលករឆ្លងដែនខុសច្បាប់ដែលត្រូវបានអាជ្ញាធរថៃនិរទេសមកវិញ»។ លោកបន្តថា៖ «មន្រ្តីកំពុងតាមដានសុខភាពរបស់ពួកគេយ៉ាងដិតដល់ដោយពិនិត្យមើលថាតើពួកគេមានរោគសញ្ញាឆ្លងឬអត់ អ្វីដែលសំខាន់នោះគឺថាពួកគេត្រូវបានចាក់វ៉ាក់សាំងយ៉ាងពេញលេញ ហើយយើងកម្រនឹងឃើញលទ្ធផលវិជ្ជមានតាមរយៈការធ្វើតេស្តរហ័សនៅតាមព្រំដែនណាស់»។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបាននិយាយកាលពីម្សិលមិញថា ពលករចំណាកស្រុករហូតដល់ ២០០ នាក់បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខណៈច្រកព្រំដែនអូរអន្លង់ទទួលពលករចំណាកស្រុកជាង ១០០ នាក់ក្នុងមួយថ្ងៃ។ លោកបន្តថា៖ «រហូតមកដល់ខែធ្នូ ខេត្តបានទទួលពលករដែលត្រឡប់មកវិញជាង ១០០០ នាក់ ហើយយើងបានសួរដេញដោលពីមូលហេតុដែលពួកគេត្រឡប់មកវិញ ព្រោះខែមុនមានកម្មករតែ ២០ទៅ៣០ នាក់ប៉ុណ្ណោះ»។ លោកបន្ថែមថាពួកគេបានត្រឡប់មកវិញដោយសារតែការភ័យខ្លាចថាពួកគេនឹងឆ្លងវីរុស Omicron ហើយត្រូវប្រឈមនឹងផលលំបាកដូចពីមុន នៅពេលដែលវីរុស Delta បានផ្ទុះឡើងនោះ។

អាជ្ញាធរនៅភាគខាងត្បូងប្រទេសវៀតណាមបានបង្កើនការត្រួតពិនិត្យព្រំដែន បន្ទាប់ពីកម្ពុជាបានរកឃើញករណីឆ្លងវីរុស Omicron ដំបូង។ លោកវរសេនីយ៍ឯក Doan Van An ស្នងការនយោបាយនៃបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Long An បានប្រាប់កាសែត Tuoi Tre (យុវជន) ថាមន្ត្រីការពារព្រំដែនក្នុងស្រុកត្រូវបានក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតនៅពេលបំពេញកាតព្វកិច្ច។ លោកបញ្ជាក់ថាពួកគេត្រូវបានតម្រូវឲ្យល្បាតឲ្យបានញឹកញាប់ជាងមុន ដើម្បីទប់ស្កាត់អ្នកលបចូលតាមព្រំដែន ការរត់ពន្ធ និងសំខាន់បំផុត ដើម្បីការពារហានិភ័យណាមួយនៃការឆ្លងជំងឺកូវីដ-១៩។ ក្នុងរយៈពេលមួយសប្តាហ៍ កម្ពុជាបានកត់ត្រាករណីឆ្លងវីរុស Omicron ចំនួនបួនករណី។

កាលពីម្សិលមិញលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា លោកស្រីយល់ថាឆ្នាំ ២០២២ នឹងក្លាយជាឆ្នាំដែលវីរុស Omicron រីករាលដាលយ៉ាងទូលំទូលាយ រួមទាំងប្រទេសកម្ពុជាផងដែរ។ លោកស្រីនិយាយថា៖ «ដូច្នេះ សូមប្រុងប្រយ័ត្ន និងត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងជាយថាហេតុណាមួយ។ យើងត្រូវតែបន្តរៀនរស់នៅជាមួយជំងឺកូវីដ-១៩ ជាពិសេសវីរុសបម្លែងថ្មី Omicron និងប្រភេទថ្មីផ្សេងទៀត»។លោកស្រីបន្តថា៖ «យើងទាំងអស់គ្នាអាចអនុវត្តវិធានការ ៣កុំ និង ៣ការពារ ហើយទៅទទួលការចាក់វ៉ាក់សាំង។ ការធ្វើដូច្នេះនឹងការពារអ្នកពីការប្រឈមនិងរោគសញ្ញាធ្ងន់ធ្ងរ»។

លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក បាននិយាយកាលពីម្សិលមិញថា លោកស្រីចង់រំលឹកអ្នកគ្រប់គ្នាឲ្យបន្តអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយពេលនេះវីរុស Delta កំពុងចរាចរនៅក្នុងសហគមន៍ រួមជាមួយវីរុស Omicron ដែលកំពុងចរាចរជុំវិញពិភពលោកផងដែរ។ លោកស្រីថា៖«ឥឡូវនេះមិនមែនជាពេលវេលាដើម្បីបន្ធូរបន្ថយវិធានការការពារនោះទេ»។ លោកស្រីបានចង្អុលបង្ហាញថាលោកស្រីបានណែនាំឧបករណ៍សំខាន់ៗចំនួនប្រាំដែលរួមបញ្ចូលគ្នាមានប្រសិទ្ធភាពក្នុងការជៀសវាងពីការឈរលើបន្ទាត់ក្រហម នៅពេលដែលសេវាសុខភាពអាចប្រឈមនឹងចំនួនអ្នកឆ្លងលើសលប់។ ពួកគេក៏នឹងការពារជនងាយរងគ្រោះ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចផងដែរ។ លោកស្រីកត់សម្គាល់ថា៖ «ទីមួយ វ៉ាក់សាំង និងការចាក់វ៉ាក់សាំង៖ ការទទួលចាក់វ៉ាក់សាំងពេញលេញគឺមានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែលមានហានិភ័យខ្ពស់បំផុត។ ទីពី វិធានការសុខភាពសាធារណៈ និងសង្គម៖ រួមបញ្ចូលទាំង វីធានការ ៣កុំ និង ៣ការពារ»។ លោកស្រីបន្តថា៖ «ទីបីគឺសមត្ថភាពថែទាំសុខភាព៖ យើងត្រូវធ្វើឲ្យប្រាកដថា មន្ទីរពេទ្យ និងគ្រែ ICU មានសម្រាប់អ្នកដែលមានជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរ ព្រោះពួកការពិតជាត្រូវការវា។ ទីបួន ការរកឃើញទាន់ពេលវេលា និងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះសញ្ញាណាមួយនៃការកើនឡើង ហើយចុងក្រោយ គឺវិធីសាស្រ្តផ្អែកលើហានិភ័យចំពោះវិធានការព្រំដែនអន្តរជាតិ និងការបើកឡើងវិញដោយសុវត្ថិភាព»៕

website_news/2021211205.txt · Last modified: 2021/12/21 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki