website_news:2021220102

ពលករខ្មែរមកពីថៃឆ្លងកូវីដកើនឡើងដល់៨១នាក់ ក្នុងនោះមានស្ត្រីដល់ទៅ៦២នាក់

https://kohsantepheapdaily.com.kh/ ២១ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១០:៣៦

រាជធានីភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃទី ២១ ខែមករានេះ កម្ពុជាបានរកឃើញមានអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥នាក់ទៀត ដែលក្នុងនោះ ៤នាក់ ជាពលករខ្មែរ មកពីប្រទេសថៃ ដែលនាំឲ្យចំនួនពលករខ្មែរធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញកើតជំងឺកូវីដ១៩ កើនឡើងដល់ ៨១នាក់ ក្នុងនោះស្ត្រីគឺមានចំនួនដល់ទៅ ៦២ នាក់ ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២១ ខែមករា ។

ប្រភពដដែលបានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥នាក់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ គឺមានមនុស្ស ៤នាក់ ជាពលករធ្វើដំណើរមកពីប្រទេសថៃ ដែលក្នុងនោះ៣នាក់គឺមកដល់ខ្មែរតាំងពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ និងម្នាក់ទៀត មកដល់កម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ខណៈអ្នករកឃើញវិជ្ជមានអ្នកទី ៥ មិនមែនជាពលករមកពីថៃ គឺជា ជាស្ត្រីជនជាតិខ្មែរ ធ្វើដំណើរមកពីអាមេរិក មកដល់កម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។ យ៉ាងណាមិញ ក្រសួងសុខាភិបាល ក៏បានប្រកាសពីករណីជាសះស្បើយកូវីដ១៩ ចំនួន ៤នាក់ ដែលជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលដើមខែមករា ឆ្នាំ២០២១ នេះ បានបញ្ជាឲ្យកម្លាំងទាំងអស់ចាត់វិធានការតឹងរ៉ឹងនៅតាមព្រំដែន ដើម្បីធានាឲ្យបានថា ពលករខ្មែរទាំងអស់ដែលវិលត្រឡប់ពីថៃចូលកម្ពុជា នឹងត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ ហើយក៏មានការបញ្ជួនកម្លាំងទៅព្រំដែនសហការជាមួយនឹងមន្ត្រីសុខាភិបាល ក៏ដូចជាការបង្កើតមណ្ឌលចត្តាឡីស័កនៅតាមខេត្តតាមបណ្តោយព្រំដែនថៃផងដែរ ៕

website_news/2021220102.txt · Last modified: 2021/01/22 11:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki