website_news:2021220105

ជនប្រុស-ស្រី ២ នាក់ ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធនាំពលករទៅប្រទេសថៃ

https://www.postkhmer.com/ គឺម សារុំ | Publication date 21 January 2021 | 17:30 ICT

ជនប្រុស-ស្រី ២ នាក់ ត្រូវបានចាប់បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃរសៀលនេះ ក្រោយពីឃាត់ខ្លួនកាលពីថ្ងៃទី ១៩ ខែមករា នៅឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការនាំពលករ ប្រមាណជាង ៣០ នាក់ទៅធ្វើការនៅប្រទេសថៃ។ លោក ប៊ន វ៉ាន់ដារ៉ា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបាត់ដំបងឲ្យដឹងនាថ្ងៃនេះថា ជនសង្ស័យមានឈ្មោះ ប៉ាត ម៉ៅ ភេទប្រុស អាយុ ៤៥ ឆ្នាំ និងឈ្មោះ ប៉ែន សាម៉ន ភេទស្រី អាយុ ៤១ ឆ្នាំ ត្រូវបានសមត្ថកិច្ចលោកបញ្ជូនបន្តទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលនេះហើយ។ ពួកគេជាប់ពាក់ព័ន្ធនាំពលករខ្មែរប្រុសស្រីទៅប្រទេសថៃ។ លោកបន្តថា ករណីនេះជនសង្ស័យឈ្មោះ ប៉ាត ម៉ៅ បានឆ្លើយសារភាព ប៉ុន្តែស្រ្តីឈ្មោះ ប៉ែន សាម៉ន ឆ្លើយថា គាត់មិនបាននាំពលករទៅប្រទេសថៃទេ ប៉ុន្តែលេខទូរស័ព្ទរបស់គាត់ គឺពិតជាបានទាក់ទងទៅពលករទាំងនោះប្រាកដមែន។ តែទោះយ៉ាងណាលោកទុកសមត្ថកិច្ចនេះជូនតុលាការសាកសួរពួកគេបន្តទៀត។ លោក ដារ៉ា ថ្លែងថា៖ «នៅនគរបាលមូលដ្ឋានឆ្លើយម្នាក់អត់ម្នាក់។ លុះមកដល់ការិយាល័យខ្ញុំ ក៏អ៊ីចឹងទៀត តែខ្ញុំបញ្ជូនពួកគេទៅតុលាការឲ្យសាកសួរបន្តទៀត»។

បើតាមលោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀងប្រាប់នៅថ្ងៃនេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចលោកទទួលបន្តពីនគរបាលការពារព្រំដែនគោកលេខ ៨១៩ ឈរជើងនៅស្រុកកំរៀង។ ក្រោយមកនៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២១ សមត្ថកិច្ចបានសាកសួរឈ្មោះ ប៉ាត ម៉ៅ ហើយបុរសនេះបានឆ្លើយសារភាពថា កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ២២ និង ០០ នាទី ដោយមានឈ្មោះ ប៉ែន សាម៉ន ហៅ ម៉ៅ ភេទស្រី រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងបានទូរស័ព្ទប្រាប់គាត់ឲ្យចាំជួយជូនពលករខ្មែរចេញទៅប្រទេសថៃ ប៉ុន្តែមិនបានប្រាប់ចំនួននោះទេ។រីឯថ្លៃឈ្នួលគឺឈ្មោះ ប៉ែន សាម៉ន ប្រាប់ថាពលករម្នាក់គេឲ្យ១ម៉ឺនរៀលថ្លៃនាំឆ្លងដែន។លោកអធិការបន្តតាមសម្តីជនសង្ស័យឈ្មោះ ប៉ាត ម៉ៅ ថា បន្ទាប់ពីបាននិយាយស្រុះស្រួលគ្នាមកគាត់បានដើរទៅចាំនៅចំណុចច្រក ស៊ុន សេន ស្ពានបីស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង រហូតដល់ម៉ោង ១២ កន្លះរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែមករា ក៏ឃើញរថយន្ត ២ គ្រឿង ដឹកមនុស្សពេញរថយន្ត ហើយដាក់ពលករប្រុសស្រីចុះពីរថយន្ត។ បន្ទាប់មកគាត់បាននាំពលករដើរចូលទៅទឹកដីថៃ ហើយក៏ត្រូវទាហ៊ានថៃចាប់ខ្លួន និងពលករយកមកប្រគល់ជូនសមត្ថកិច្ចកម្ពុជាតែម្តង។

បើតាមលោកអធិការ ចំពោះចម្លើយរបស់ស្រ្តីឈ្មោះ ប៉ែន សាម៉ន ហៅ ម៉ៅ បានឆ្លើយថាខ្លួនមិនដែលបានស្គាល់ឈ្មោះ ប៉ាត ម៉ៅ ទេ ចំណែកឯលេខទូរស័ព្ទដែលតេទៅ គឺជាលេខរបស់ខ្លួនពិតប្រាកដមែន។ ចំណែកឯពលករប្រុសស្រី ចំនួន ៣៦ នាក់ ត្រូវបាននគរបាលការពារព្រំដែនគោកលេខ ៨១៩ ធ្វើការអប់រំឲ្យត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន៕

website_news/2021220105.txt · Last modified: 2021/01/22 12:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki