website_news:2021220106

សង្គមស៊ីវិលខ្មែរ៖ វិធានការឃ្លាំមើលពលករពីអាជ្ញាធរថៃ ជាវិធានការល្អ តែគួរមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 20/01/2021 - 08:11 ដោយ៖ ជួប នរក្សា

ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី២០ មករានេះ បានចេញមកកំណត់ចង្អុលអំពីខេត្តដែលកំពុងរងការយាយីខ្លាំងពីការចម្លងនៃជំងឺកូវីដ១៩ រួមមានទាំងខេត្តសាមុតសាខនផងដែរ។ បើតាមអាជ្ញាធរថៃ ខេត្តសាមុតសាខន នឹងត្រូវដាក់ការឃ្លាំមើលយ៉ាងតឹងរ៉ឹងបន្ថែមទៀតទៅលើពលករ ដែលកំពុងធ្វើការនៅទីនោះ ដើម្បីគ្រប់គ្រងស្ថានការណ៍កូវី១៩ ឲ្យបានប្រសើរ។ ក៏ប៉ុន្តែ មន្រ្តីផ្នែកពលករនៅអង្គការសង់ត្រាល់កម្ពុជា ថា អាជ្ញាធរគួរមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ បន្ថែមលើវិធានការនេះ។

លោក ឌី ថេហូយ៉ា មន្ត្រីទទួលបន្ទុកផ្នែកពលករទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះថា វិធានការតាមដានឃ្លាំមើលរបស់មន្រ្តីសុខាភិបាលថៃ ទៅលើពលករដែលកំពុងធ្វើការនៅក្នុងខេត្តសាមុតសាខននៅពេលនេះ ជាវិធានការមួយល្អ ព្រោះថា នៅក្នុងខេត្តសាមុតសាខន មានពលករខ្មែរកំពុងធ្វើការប្រមាណជាង២០ម៉ឺននាក់ក្នុងចំណោមពលករខ្មែរសរុបជាង២លាននាក់ ដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃបច្ចុប្បន្ន។ វិធានការនេះនឹងអាចទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩បានរហ័ស នៅស្ថានភាពនៃការរាលដាលជំងឺកូវីដ១៩ចូលសហគមន៍នៅប្រទេសថៃនេះ។ នេះបើតាមលោក ឌី ថេហូយ៉ា។

លោក Taweesilp Visanuyothin អ្នកនាំពាក្យនៃមជ្ឈមណ្ឌលស្ថានភាពកូវី១៩ថៃ បានលើកឡើងថា ស្ថានភាពកូវីដ១៩ នៅតែគួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសថៃ។ បើតាមអ្នកនាំពាក្យ អាជ្ញាធរថៃនឹងដាក់វិធានការចាត់តាំងមន្រ្តីសុខាភិបាលចុះឃ្លាំមើលនិងតាមដានសុខភាពពលករជាប្រចាំនៅខេត្តសាមុតសាខន។ វិធានការនេះ គឺមន្រ្តីសុខាភិបាលថៃនឹងចុះត្រួតពិនិត្យ និងតាមដានរោងចក្រដែលពលករខ្មែរ និងពលករផ្សេងទៀតធ្វើការចំនួន៦០០រោងចក្រ ជាប្រចាំថ្ងៃ ក្នុងចំណោមរោងចក្រសរុបចំនួន ១២០០០រោងចក្រនៅក្នុងខេត្តសាមុតសាខន។ ក៏ប៉ុន្តែបើតាមមន្រ្តីផ្នែកពលកររូបនេះ ថា អាជ្ញាធរថៃគួរណាបន្ថែមការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យពលករទាំងអស់អាចចូលរួមបានដោយមិនមានការភិតភ័យ និងជាពិសេសអាជ្ញាធរថៃត្រូវធានាបាននូវសុពលភាពស្របច្បាប់ដល់បណ្តាពលករខ្មែរ ដែលកំពុងធ្វើការនៅទីនោះ ដើម្បីធ្វើយ៉ាងណា កុំឲ្យពួកគេមានការកង្វល់ ក៏ដូចជាការប្រឈមមុខនឹងបញ្ហាច្បាប់ណាមួយ។

សូមរំលឹកជូនថា តុល្យការចុងក្រោយ ករណីវិជ្ជមានកូវី១៩ នៅថៃបានកើតមានសរុបចំនួន ១២៥៩៤ និងករណីវិជ្ជមានកូវីដ១៩ក្រោយព្រឹត្តិការណ៍សហគមន៍នៅផ្សារបង្គារ ខេត្តសាមុតសាខន មានចំនួន ៨៣៧៥។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យមជ្ឈមណ្ឌលស្ថានភាពកូវីដ១៩ថៃ កាលពីអង្គារទី១៩ម្សិលមិញ។ ទន្ទឹមនឹងការផ្ទុះនៅប្រទេសថៃនេះដែរ ក្រសួងសុខាភិបាលកម្ពុជា ក៏បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ជាពលករ ចំនួន៧៧នាក់ ក្នុងចំណោមពលករប្រមាណជាង៧០០០នាក់ក្រោយត្រលប់មកពីប្រទេសថៃវិញ៕

website_news/2021220106.txt · Last modified: 2021/01/22 12:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki