website_news:2021220107

ការផ្ទុះឡើងជំងឺកូវីដ-១៩មិនមែនជាមូលហេតុតែមួយដែលធ្វើឲ្យពលករចំណាកស្រុកកម្ពុជាសម្រុកត្រលប់មកពីថៃ

https://www.khmertimeskh.com/ 21-01-2021

ពលករចំណាកស្រុកកម្ពុជាដែលរស់ប្រទេសថៃត្រូវបានរដ្ឋាភិបាលថៃ និងកម្ពុជាណែនាំឲ្យនៅមួយកន្លែងរងចាំការប្រកាសព័ត៌មានបន្ថែម តែប្រជាជនមួយចំនួនហាក់ដូចមិនស្តាប់ការអំពាវនាវនោះទេ។

លោក ឌី ថេហូយ៉ា មន្រ្តីកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បាននិយាយថា ការលំបាកផ្នែកហិរញ្ញវត្ថុ និងការភ័យខ្លាច នៃការដាក់ទណ្ឌកម្មចំពោះការកាន់ឯកសារមិនមាន សុពលភាព ឬផុតកំណត់គឺជាមូលហេតុចំបង ដែលធ្វើឲ្យពលករចំណាកស្រុកកម្ពុជានៅតែបន្តវិលត្រឡប់មកផ្ទះវិញជារៀងរាល់ថ្ងៃ។ លោកបន្តថា៖ «ពួកគេភាគច្រើនមិនមែនត្រលប់មកវិញដោយសារជំងឺកូវីដ-១៩ នោះទេប៉ុន្តែដោយសារពួកគេគ្មានការងារធ្វើ គ្មានថវិការ ដើម្បីផ្គត់ផ្គងតម្រូវការប្រចាំថ្ងៃ ហើយឯកសារស្របច្បាប់របស់ពួកគេនឹងមិនមានសុពលភាពក្នុងពេលឆាប់ៗនេះ»។

ប្រទេសថៃធ្លាប់បានប្រកាសថាពលករចំណាកស្រុក ទោះបីជាពលករខុសច្បាប់ក៏អាចស្នាក់នៅ និងធ្វើការនៅប្រទេសថៃបានរយៈពេល ២ ឆ្នាំដែរ ទោះបីមានលក្ខខណ្ឌច្រើនក៏ដោយ។ ពលករដែលគ្មានឯកសារចាំបាច់ត្រូវស្វែងរកនិយោជិក ហើយនិយោជកត្រូវទិញគម្រោងធានារ៉ាប់រងសុខភាពរយៈពេលពីរឆ្នាំសម្រាប់និយោជិករបស់ពួកគេក្នុងចំណោមលក្ខខណ្ឌផ្សេងទៀត។

លោកថា និយោជកខ្លះសុខចិត្តជ្រើសរើសការបញ្ចប់កិច្ចសន្យាពលកររបស់ពួកគេជាជាងគោរពតាមបទប្បញ្ញត្តិ។ លោកក៏បានបន្តថាដំណើរការចុះឈ្មោះ និងការបន្តឯកសាររបស់ពួកគេមានលក្ខណៈស្មុគស្មាញ ជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលកាន់លិខិតឆ្លងដែនដែលត្រូវផុតកំណត់។ លោកបន្ថែមថា៖ «ស្ថានភាពទូទៅនៃពលករចំណាកស្រុកកម្ពុជាគឺពួកគេមានការលំបាកជាមួយនឹងសុពលភាពនៃឯកសារស្របច្បាប់។ ខ្ញុំគិតថាលិខិតឆ្លងដែនប្រជាជនកម្ពុជារាប់សែននាក់នឹងផុតសុពលភាពក្នុងពេលឆាប់ៗនេះនៅថ្ងៃទី ៣១ ខែមីនាហើយពួកគេទាំងអស់ខ្លាចវិធានការរបស់រដ្ឋាភិបាលថៃ»។ លោកបន្តថាវាអាចចំណាយពេលដល់ទៅ ៥ ខែដើម្បីបន្តលិខិតឆ្លងដែន។ លោកក៏បានបញ្ជាក់ផងដែរថាលោកបានឮពីមនុស្សដែលបានដឹងអំពីស្ថានភាពថាពលករបានទទួលបានការមើលការខុសត្រូវប្រសើរជាងមុនចាប់តាំងពីត្រឡប់មកកម្ពុជា។ យោងតាមលោក ថេហូយ៉ា ខណៈពេលដែលមនុស្សជាច្រើនស្ថិតក្នុងការធ្វើចត្តាឡីស័កនៅក្នុងសាលារៀន ពួកគេត្រូវបានផ្តល់ឲ្យនូវសេវាកម្មជាមូលដ្ឋាន និងអាហារបីពេលក្នុងមួយថ្ងៃ ដែលរដ្ឋាភិបាលត្រូវចំណាយចំនួន ៥ ដុល្លារក្នុងមួយថ្ងៃ។

ពលករចំណាកស្រុកកម្ពុជាម្នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅជិតព្រំដែន បាននិយាយថា នាងបានត្រឡប់មកពីប្រទេសថៃបន្ទាប់ពីធ្វើការជាកសិកររយៈពេលមួយឆ្នាំនៅខេត្តកូរ៉ាត។ ខណៈពេលដែលជំងឺកូវីដ-១៩ ជាបញ្ហាតិចតួចក្នុងការវិលត្រលប់នេះ ដែលមូលហេតុចំបងនោះគឺនាងត្រូវចូលរួមពិធីមង្គលការរបស់គ្រួសារ។ កញ្ញាបន្តថា៖ «នៅមណ្ឌលចត្តាឡីស័ក ខ្ញុំទទួលបានអាហារគ្រប់គ្រាន់ និងមានទីកន្លែងល្អសម្រាប់ស្នាក់នៅ»។ សៀវ គួយអ៊ី

website_news/2021220107.txt · Last modified: 2021/01/22 12:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki