website_news:2021220202

មតិពលករខ្មែរនៅថៃ និងមន្ត្រីសិទ្ធិការងារជុំវិញការវិលត្រឡប់មកលេងស្រុកកំណើតថ្ងៃចូលឆ្នាំ

https://www.rfa.org/ ដោយ ខែ សុណង 2021-02-19

ពលករចំណាកស្រុកដែលកំពុងធ្វើការនៅប្រទេសថៃបារម្ភ មិនបានទៅលេងផ្ទះ ឬជួបជុំសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះទេ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ សង្គមស៊ីវិលយល់ថា មានចំណុចល្អខ្លះ ប្រសិនបើពលករមិនវិលចូលស្រុកវិញក្នុងពេលនេះ។ ពលករមួយចំនួនប្រឈមបាត់បង់ការងារធ្វើនិងគ្មានកន្លែងស្នាក់នៅ ប្រសិនបើហ៊ានចេញពីស្រុកថៃ ទៅលេងស្រុកកំណើតជួបជុំគ្រួសារ ក្នុងពេលដែលប្រទេសថៃ កំពុងរឹតត្បិតនិងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

បុគ្គលិកផ្នែកសំអាតនៅតាមហាងសំអាងកាយ ក្នុងខេត្តឈុនបុរី លោកស្រី ទេស ស្រីយ៉ា ថ្លែងនៅថ្ងៃទី១៨ ខែកុម្ភៈ ថា លោកស្រីនឹងមិនអាចបានទៅលេងផ្ទះទេក្នុងឆ្នាំនេះ ព្រោះថៅកែនឹងមិនអនុញ្ញាតឱ្យគាត់បានចូលធ្វើការវិញឡើយ បើទោះជាលោកស្រីមានច្បាប់ការងារអាចបន្តធ្វើការបានក៏ដោយ។ លោកស្រីបន្តថា ក្នុងកាលៈទេសៈនេះមិនអំណោយផលឱ្យគាត់ទៅផ្ទះទេ ព្រោះនៅពេលត្រឡប់មកវិញ ក្រៅតែពីគ្មានការងារធ្វើ សូម្បីតែកន្លែងស្នាក់នៅក៏គ្មានផង ព្រោះថៅកែនឹងបដិសេធពួកគាត់៖ «ខ្ញុំអត់ទៅទេឥឡូវហ្នឹងព្រោះអីការទៅហ្នឹងគេឃុំខ្លួន១៤ថ្ងៃ ហើយនៅនេះកាលដែលយើងត្រឡប់មកវិញក៏គេអត់ឱ្យត្រឡប់ដែរ បើថា នៅក្នុងប្រទេសថៃឥឡូវហ្នឹងគឺអត់អីទេ បើថាយើងចេញក្រៅប្រទេសគឺមានបញ្ហា។ ខាងខ្មែរក៏មានខាងថៃក៏មានគេអត់ទទួលយើងដូចដំបូងៗអ៊ីចឹងណា។ ទៅណាក៏ខ្លាចព្រោះអត់ដឹងអ្នកនៅខាងណោះ គេមានអីខ្លះ ការមើលថែខាងណោះគេមើលថែប៉ុណ្ណាអី នេះមតិខាងថៅកែថៃ គេអត់ទាន់ចង់ឱ្យចេញទៅស្រុកខ្លួនឯងឥឡូវ បើថាអត់ចាំបាច់ខ្លាំង អត់មាននរណាគេឈឺ ស្លាប់អីចឹងណា ទោះថាស្លាប់ក៏សឹងថាទៅអត់ទាន់ដង្ហើមដែរ ព្រោះអីកាក់ខ្លួនយើងអត់ឱ្យទៅណាអ៊ីចឹងណា»។

ចំណែកសន្តិសុខសណ្ឋាគារនៅតំបន់ប៉ាតាយ៉ា (Pattaya) ប្រទេសថៃ លោក ម៉ាន ម មានប្រសាសន៍ថា លោកពិតជាពិបាកទ្រាំបន្តនឹករលឹកដល់ក្រុមគ្រួសារដែលនឹងជួបគ្នាមួយឆ្នាំបានតែម្ដង។ ប៉ុន្តែលោកថា មិនទៀងដែរ បើសិនជាអាចលោកនឹងវិលទៅលេងគ្រួសារ ដោយប្រកាន់ខ្ជាប់នូវវិធានការការពារ និងអនាម័យឱ្យបានត្រឹមត្រូវ ក្នុងពេលធ្វើដំណើរ នោះនឹងអាចទប់ស្កាត់ការឆ្លងជំងឺបាន៖ «ខ្ញុំអត់មានគម្រោងបានទៅទេ ព្រោះអីជាប់ធ្វើការជាប់ការងារដែរ ប៉ុន្តែបើសិនជាថាទៅក៏ត្រូវតែទៅដែរ បើសិនជាត្រូវទៅ ព្រោះអត់មានច្បាប់ខាងរដ្ឋាភិបាលអីហាមឃាត់បានទេ អត់ទេ ឱ្យតែយើងចេះការពារសុវត្ថិភាពខ្លួនយើង។ កន្លែងទិញសំបុត្រឡានឈ្នួលថៃគេសុទ្ធតែត្រួតពិនិត្យកម្ដៅមុនឡើងឡាន ថៃគេប្រយ័ត្នណាស់ គេប្រយ័ត្នជាងយើង»។

ទោះបីជាយ៉ាងណារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងថា បើគ្រាន់តែចង់មកលេងសប្បាយជួបជុំគ្រួសារក្នុងពិធីបុណ្យទេ គួរកុំទាន់មកលេង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩នេះ។ លោកថ្លែងដូច្នោះនៅពេល សួរសុខទុក្ខពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ។

មន្ត្រីសិទ្ធិការងារ យល់ស្របថា មានចំណុចល្អខ្លះ ប្រសិនបើពលករមិនវិលចូលស្រុកវិញក្នុងពេលនេះ។ មន្ត្រីទទួលបន្ទុកសិទ្ធិការងារនៃអង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា ថ្លែងថា មានកត្តាប្រឈមសំខាន់៤ នោះគឺពលករនឹងចំណាយថ្លៃសោហ៊ុយធ្វើដំណើរខ្ពស់ ប្រឈមឆ្លងមេរោគពេលធ្វើដំណើរ ហើយនៅពេលត្រឡប់ចូលប្រទេសថៃវិញប្រឈមបាត់បង់ការងារ និងប្រឈមផ្លូវច្បាប់ផង ក្នុងពេលដែលប្រទេសថៃកំពុងបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន។ ប៉ុន្តែលោកថា ចំណុចល្អនោះគឺ គាត់បានជួបជុំគ្រួសារសាច់ញាតិ បាត់ក្ដីនឹករលឹក។ លោកសង្កត់ធ្ងន់ថា ការសម្រេចចិត្តយ៉ាងណានោះ គឺជាសិទ្ធិសេរីភាពរបស់ពលករ៖ «បើខ្ញុំវិភាគទៅលើផលវិជ្ជមាននិងអវិជ្ជមានខ្ញុំគិតថា បើសិនគាត់អាចទ្រាំបាននៅខ្ញុំគិតថា វាជាជម្រើសល្អសម្រាប់គាត់ដែរ ពេលដែលគាត់មកវិញមិនប្រាកដថា គាត់បានចូលមកវិញទេ ព្រោះកាលៈទេសៈគេមិនទាន់បើកប្រទេសណា ទៅវិញក្នុងន័យតាមច្រកមិនផ្លូវការ ត្រូវឱ្យលុយគេ ត្រូវប្រឈមការចាប់ពីអាជ្ញាធរអីចឹងទៅ។ តែវាជាជម្រើសរបស់គាត់ទេ ធម្មតាគាត់ចេញពីផ្ទះទៅច្រើនឆ្នាំច្រើនខែ គាត់ត្រូវនឹកត្រូវអី ជួនកាលលុយវាសំខាន់ហើយតែការចង់ជួបកូនជួបម្ដាយក្នុងរដូវបុណ្យទានគឺជាជម្រើសរបស់គាត់ទេ គ្រាន់តែថាអ្វីដែលខ្ញុំលើកឡើងគឺជាចំណុចអវិជ្ជមានបើសិនជាគាត់មកមានចំណុចទាំងហ្នឹងដែលគាត់ត្រូវដឹងខ្លួនព្រោះគាត់ដឹងច្បាស់ហើយអាហ្នឹងណាបាទ»។

ក្នុងស្ថានភាពប្រទេសថៃ រងការរាតត្បាតដោយជំងឺកូវីដ-១៩ ផ្ទុះឡើងលើកទី២ អាជ្ញាធរថៃបានដាក់ប្រទេសក្នុងគ្រាអាសន្នដោយមិនកំណត់ពេលវេលាជាក់លាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។ អាជ្ញាធរថៃ បានអំពាវនាវឱ្យពលករបន្តស្នាក់នៅក្នុងប្រទេស មិនឱ្យចល័តទីតាំងធ្វើការងារពីតំបន់មួយទៅតំបន់មួយនោះទេ។ ក្រសួងការងាររបស់ថៃបានបើករយៈពេលជិត១ខែឱ្យពលករបរទេសចុះឈ្មោះធ្វើកាតពណ៌ស៊ីជម្ពូ ដើម្បីមានសិទ្ធិធ្វើការងារស្របច្បាប់ទៀតផង។ ក្រសួងការងារថៃឱ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៣ កុម្ភៈ មានពលករខ្មែរជាង២សែន៣ពាន់នាក់ បានចុះឈ្មោះ។ ប៉ុន្តែនៅមានពលកររាប់សែននាក់ទៀតមិនទាន់បានចុះឈ្មោះនៅឡើយ។ ជុំវិញបញ្ហានេះ អាជ្ញាធរថៃធ្លាប់ព្រមានចាត់វិធានការលើពលករណាដែលគ្មានឯកសារច្បាប់នេះ នៅថ្ងៃបន្ទាប់ គឺចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ តទៅ។ អ្នកឃ្លាំមើលសិទ្ធិការងារនៅប្រទេសថៃ សង្កេតឃើញថា មកដល់ពេលនេះ ពុំទាន់ឃើញមានវិធានការពីអាជ្ញាធរថៃនៅឡើយ៕

website_news/2021220202.txt · Last modified: 2021/02/22 11:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki