website_news:2021220204

នគរបាលការពារព្រំដែនទឹក ចាប់ឃាត់ខ្លួនមនុស្ស៤នាក់ មានម្នាក់ជាមេខ្យល់ធំនាំពលករឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ចូលមកកម្ពុជា

https://khmernote.com.kh/news/ ព័ត៌មានជាតិ February 19, 2021 Khmernote Media

កោះកុង÷ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំពោះវិធានការបង្ការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ នៅវេលាម៉ោង១ និង២៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងល្បាតរបស់វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុង ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានចាប់ឃាត់ទូក១គ្រឿង និងមនុស្ស៣នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនទឹកខេត្តកោះកុង។

បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពល: ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានប្រាប់អោយដឹងថា នៅវេលាខាងលើកម្លាំងល្បាតរបស់វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុងបានធ្វើការល្បាតត្រួតពិនិត្យជួបទូក១គ្រឿង ដឹកមនុស្ស៣នាក់ ដែលលួចឆ្លងដែនខុសច្បាប់ ចេញពីខ្លង ស្រ៊ុន ខេត្តត្រាត ប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមផ្លូវសមុទ្រ ហើយត្រូវបានកម្លាំងយើងធ្វើការចាប់ឃាត់នៅត្រង់ចំណុចភូមិសាស្រ្តកោះនូ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពល: បានបញ្ជាក់ថា ជនទាំង៣នាក់ ដែលកម្លាំងរវសេនាតូចការពារព្រំដែនទឹកលេខ២៦៩ ចាប់ឃាត់ខ្លួនទី១.ង៉ែត សៀង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ អ្នកបើកបរទូក មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ទី២.ឈ្មោះ លន់ ឈំ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូក មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ទី៣.ឈ្មោះ អូន វ៉ាត ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពលកររស់នៅប្រទេសថៃ មានទីលំនៅស្រុកកំចាយមា ខេត្តព្រៃវែង។ ឯកឧត្តមប្រធាននាយកដ្ឋាន បញ្ជាក់ទៀត ក្រោយពេលចាប់ឃាត់ខ្លួនជនទាំង៣នាក់ កម្លាំងបានប្រគល់ទៅអោយក្រុមការងារចត្តាឡីស័កខេត្តកោះកុង ដើម្បីអនុវត្តនីតិវិធីបន្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពល: បញ្ជាក់បន្តថា ក្រោយពេលចាប់ឃាត់ខ្លួនជនទាំង៣នាក់ខាងលើរួចមក នៅវេលាម៉ោង៨ និង២០នាទី ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនមេខ្យល់ធំម្នាក់ទៀតឈ្មោះ ម៉ៅ ស៊ុនឡាយ ភេទប្រុស អាយុ៦៦ឆ្នាំ មានទីលំនៅសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួចប្រគល់អោយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត៕

website_news/2021220204.txt · Last modified: 2021/02/22 11:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki