website_news:2021220206

ឃាត់ខ្លួនមេខ្យល់ម្នាក់បម្រុងនាំឆ្លងដែនទៅប្រទេសថៃបញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

https://gntimes.com/features/ February 20, 2021 at 2:40 pm)

បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត នៅវេលាម៉ោងជាង០១នាទីយប់ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើការចុះល្បាតក្នុងភូមិសាស្រ្តក្រុង និងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយបានឃាត់ខ្លួនពលករឆ្លងដែនដោយខុសច្បាប់ចំនួន០៧នាក់ នៅចំណុចមុខបុរីធីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលពលករទាំងនោះត្រូវមេខ្យល់បម្រុងនាំឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេស។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងអាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីសាកសួររួចពលករខាងលើបានប្រាប់ពីតម្រុយមេខ្យល់បម្រុង នឹងនាំពួកគាត់ឆ្លងដែនទៅប្រទេសថៃ។ ចំណែកពលករត្រូវបានកម្លាំងអាវុធហត្ថក្រុងបញ្ជូនទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រហ្មនិមិត្តក្នុងក្រុងប៉ោយប៉ែត។ ក្រោយពីបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងបានឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ ឃីន ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ និងដកហូតវត្ថុតាងរថយន្ត០១គ្រឿង ម៉ាកតូយូតាកាមេរីពណ៌បៃតងចាស់ រួចនាំមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តទៀតថា ក្រោយពីសាកសួរចម្លើយរួចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានទំនាក់ទំនងជាមួយពលករទាំង០៧នាក់ ដើម្បីឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃពិតប្រាកដមែន តាមរយៈដឹកតាមរថយន្តម៉ាកកាមេរីដែលសមត្ថកិច្ចបានដកហូតខាងលើទិសដៅយកចេញតាមច្រកម៉ាឡៃ ដោយយកតម្លៃឈ្នួលដឹកក្នុងម្នាក់២០ម៉ឺនរៀល។

ដោយផ្អែកលើការឆ្លើយបំភ្លឺរបស់ពលករទាំង០៧នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យ បច្ចុប្បន្នជនសង្ស័យឈ្មោះ ឃីន ផល្លា និងរថយន្តត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តចាត់ការបន្តបន្ទាប់មកកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១នេះ៕

website_news/2021220206.txt · Last modified: 2021/02/22 11:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki