website_news:2021220213

កងពលតូចថ្មើរជើងលេខ៥១ បន្ថែមកម្លាំងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ទប់ស្កាត់ពលករ លួចឆ្លងដែនខុសច្បាប់ដើម្បីការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩

https://information.gov.kh/ AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១

លោកឧត្តមសេនីយ៍ត្រី សឹង្ហទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា កម្លាំងអន្តរាគមន៍ត្រូវបញ្ជូន ដាក់បន្ថែមទៅតាមគោលដៅមួយចំនួននៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យដោយសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានក្នុងប្រតិបត្តិការបំពេញបេសកកម្មទប់ស្កាត់ពលករខ្មែរចេញពីប្រទេសលួចឆ្លងដែនដោយខុសច្បាប់គេចវេះពីការធ្វើចត្តា ឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍នោះ។ លោកឧត្តមសេនីយ៍ត្រីបញ្ជាក់ទៀតថា ការបន្ថែមកម្លាំងនេះតបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល,ថ្នាក់ដឹកនាំកងទ័ពជើងគោក,យោធភូមិភាគទី៥និងគណៈបញ្ជាការឯកភាពខេត្តសំដៅទប់ស្កាត់ឱ្យខានតែបាន ការលួចឆ្លងដែនចូលតាមគ្រប់រូបភាពគេចវេះពីការធ្វើចត្តាឡីស័ក តាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល។

នៅក្នុងឱកាសចុះត្រួតពិនិត្យកម្លាំងតាមព្រំដែន លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ក៏បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់បន្តយកចិត្តទុកដាក់ផ្លាស់ប្តូរវេនល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង គ្រប់បណ្តាគោលដៅ ដែលបានកំណត់ និងរកឱ្យឃើញនូវមេខ្យល់ដែលញុះញង់និងលួចនាំពលករចូលតាមគ្រប់រូបភាពដើម្បីកម្លាំងជំនាញចាត់វិធានការទៅតាមផ្លូវច្បាប់។ ទន្ទឹមនោះដែរលោកមេបញ្ជាការក៏បានថ្លែងកោតសរសើរនូវការខិតខំបំពេញការងារប្រកបដោយភាពទទួលខុសត្រូវខ្ពស់របស់កងកម្លាំងទាំងអស់ដែលបានឃាត់អ្នកលួចឆ្លងដែនបានជាបន្តបន្ទាប់។ ជាមួយនោះដែរលោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១បានធ្វើការក្រើនរម្លឹកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពដោយអនុវត្តអនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩នោះ៕ ដោយ ៖ ឈុន សារ៉ាត សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2021220213.txt · Last modified: 2021/02/22 12:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki