website_news:2021220303

សមត្ថកិច្ចបញ្ជូនខ្លួនបុរសម្នាក់ ដែលលួចនាំពលករឆ្លងដែនចូលប្រទេសថៃ មកកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់

http://plus.freshnewsasia.com/ 2021-03-21 04:07pm

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនបុរសម្នាក់ដែលលួចដឹកជញ្ជូនពលករខ្មែរចំនួន ១៥នាក់ ឆ្លងដែនទៅប្រទេសថៃ មកកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ។

បើតាមលោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ មឿន សារឿន ភេទ ប្រុស អាយុ៤១ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯកបានថ្លែងថា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកម៉ាឡៃ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាវរសេនាតូចការពារព្រំដែនគោកលេខ៥១១ នៃកងពលតូចដថ្មើរជើងលេខ៥១ បានធ្វើការទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ចំនួន ១៥នាក់ ក្នុងនោះមានស្រី៦នាក់ មកពីខេត្តចំនួន៣ រួមមាន៖ ខេត្តបន្ទាយមានជ័យ ចំនួន១១នាក់ ខេត្តសៀមរាប ចំនួន៣នាក់ និងខេត្តបាត់ដំបងចំនួន ១នាក់ នៅចំណុចដីរបស់ឈ្មោះទ្រី ភាព ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ដើម្បីធ្វើការសួរនាំ។

ក្នុងនោះពលករទាំង១៥នាក់ បានធ្លើយប្រាប់សមត្ថកិច្ចថា ពួកគាត់ត្រូវបានឈ្មោះ ទូច ភេទប្រុស អាយុប្រហែល២០ឆ្នាំ នៅធ្វើការប្រទេសថៃ ឱ្យទំនាក់ទំនងជាមួយឈ្មោះ មឿក សុភា ភេទប្រុស អាយុប្រហែល២៩ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ពេលពួកគាត់មកដល់ស្រុកម៉ាឡៃ មានឈ្មោះ មឿន សារឿន បានឌុបពួកគាត់មកដាក់នៅចំណុចដីឈ្មោះ ទ្រី ភាព ដើម្បីឆ្លងដែន។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ មឿន សារឿន ជាអ្នកដឹកជញ្ជូនពលករបានសារភាពថា ខ្លួនពិតជាបានដឹកពលករទាំងនោះមែនឱ្យឈ្មោះ មឿក សុភា ដោយពលករម្នាក់ឈ្មោះ មឿក សុភា ឱ្យតម្លៃ ១០,០០០រៀល។

ដោយឡែកលោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការបារអនីតិជន បានឱ្យដឹងថា ដោយផ្អែកលើការបំភ្លឺរបស់ពលករទាំង ១៥នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ មឿន សារឿន ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំពោះមេខ្យល់ឈ្មោះ មឿក សុភា កម្លាំងនគរបាលមូលដ្ឋានកំពុងស្រាវជ្រាវ ដើម្បីឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

website_news/2021220303.txt · Last modified: 2021/03/22 13:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki