website_news:2021220401

កម្លាំងនគរបាលខេត្តកំពត បង្ក្រាបបក្ខពួកមេខ្យល់២នាក់ទៀត ពាក់ព័ន្ធនឹងប្រតិបត្តិការចាប់បានជនជាតិវៀតណាម៧នាក់ និងខ្មែរម្នាក់នៅខេត្តកែបកាលពីយប់

http://freshnewsasia.com/ 2021-04-22 09:12am

(កំពត)៖ កម្លាំងនគរបាលខេត្តកំពត បានស្រាវជ្រាវ និងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ២នាក់ទៀត ដែលជាបក្ខពួកមេខ្យល់ ពាក់ព័ន្ធនឹងប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនជនជាតិវៀតណាមចំនួន៧នាក់ ឆ្លងដែនពីខេត្តព្រះសីហនុ ទៅកាន់វៀតណាម កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នៅខេត្តកែប។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា ក្រោយការស្រាវជ្រាវ និងកិច្ចសហការពីនគរបាលខេត្តកែប កម្លាំងរបស់លោក បានឃាត់ជនសង្ស័យ២នាក់ទៀត ដែលជាបក្ខពួកមេខ្យល់នាំជនជាតិវៀតណាមទាំង៧នាក់ ចេញពីខេត្តព្រះសីហនុ ទៅកាន់ប្រទេសវៀតណាម។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ គឺម្នាក់ជាអ្នកត្រៀមដឹកតាមម៉ូតូយកទៅដល់ព្រំដែនវៀតណាម តាមផ្លូវវៀង និងម្នាក់ទៀតជាអ្នកដែលបានយករថយន្តហាយឡិនដឺទៅលាក់ទុក ក្រោយទឹកជនជាតិវៀតណាម មកដល់គោលខេត្តកែប។ សម្រាប់ជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចកំពុងសួរនាំបន្តទៀត ដើម្បីចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តកែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៧នាក់ (ស្រី៥នាក់) និងខ្មែរម្នាក់ ដែលបានលួចរត់គេចខ្លួនចេញពីខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តកំពត និងខេត្តកែប គោលបំណងឆ្ពោះទៅកាន់ប្រទេសវៀតណាម។

លោកអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានឲ្យដឹងថា សម្រាប់ជនជាតិវៀតណាមចំនួន៧នាក់ និងខ្មែរម្នាក់ នឹងត្រៀមបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសតាមច្បាប់ ពីបទបំពាននឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីប្រគល់បន្តឲ្យមន្ទីរសុខាភិបាលខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក រង់ចាំយកសំណាកវត្ថុវិភាគ៕

website_news/2021220401.txt · Last modified: 2021/04/22 11:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki