website_news:2021220403

អ្នកទោសខ្មែរ៣នាក់ក្រុមអាជ្ញាធរថៃដោះលេងឱ្យមានសេរីភាព

https://kohsantepheapdaily.com.kh/ Oddar Meanchey ២១ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១៦:២៨

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃ បានធ្វើការដោះលែងអ្នកទោសខ្មែរចំនួន៣នាក់ឱ្យមានសេរីភាពវិញ រួចនាំខ្លួនប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជា តាមមាត់ច្រកទ្វារអន្តរជាតិជាំ នៅវេលាម៉ោង១និង៤០នាទី នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រុមអ្នកទោសខ្មែរដែលត្រូវអាជ្ញាធរថៃធ្វើការដោះលែងខាងលើ មាន ៖ ១-ឈ្មោះ រ៉ាវ ឡា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិតាប្រុស ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយត្រូវទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ដែលបានចូលតាមច្រកអូស្វាយ និងជាប់គុកនៅខេត្តស៊ីសាកេត។ ២-ឈ្មោះហិន ស្រុន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិវាលពោធិ៍ ឃុំប្លុង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវទាហានថៃចាប់ខ្លួននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលបានចូលតាមច្រកអានសេះ និងជាប់គុកនៅខេត្តអូរប៊ុន ។ ៣- ឈ្មោះប៊ុន ថា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានទាហានថៃចាប់ខ្លួននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ទាំង៣នាក់ ជាប់ទោសពីបទឆ្លងដែនរុករកកាប់ឈើគ្រញួងក្នុងទឹកដីថៃ។

ក្រុមអាជ្ញាធរកម្ពុជា ដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំ បានឱ្យប្រាប់អ្នកសារព័ត៌មានកោះសន្តិភាព ឱ្យដឹងថា ក្រោយពីបានទទួលអ្នកទោសខ្មែរទាំង៣នាក់ពីក្រុមអាជ្ញាធរថៃរួច ខាងសមត្ថកិច្ចកម្ពុជា ក៏បានធ្វើការសាកសួរ និងធ្វើកំណត់ហេតុ រួមទាំងធ្វើកិច្ចសន្យាបញ្ឈប់ឆ្លងដែនដោយខុសច្បាប់បន្តទៀត។ ក្រុមសមត្ថកិច្ចដដែលបានបញ្ជាក់ថា ក្រោយពីបានធ្វើការសាកសួររួច ក៏ត្រូវបានប្រគល់ខ្លួនទៅឱ្យក្រុមគ្រូពេទ្យប្រចាំការច្រកអន្តរជាតិជាំ បាញ់អាកុល វាស់កំដៅ រួចក៏បញ្ជូនបន្តទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាអន្លង់វែងផងដែរ។

គួរំលឹកផងដែថា ក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោសខ្មែរនេះមិនមែនជាលើកទី១ទេ គឺកន្លងមក ក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោសខ្មែរដែលជាប់ទោសពីបទឆ្លងដែនកាប់ឈើគ្រញួង រួចនាំខ្លួនប្រគល់ឱ្យក្រុមអជ្ញាធរកម្ពុជាជាបន្តបន្ទាប់ផងដែរ៕

website_news/2021220403.txt · Last modified: 2021/04/22 11:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki