website_news:2021220404

អាជ្ញាធរម៉ាឡេស៊ីនឹងចាប់ខ្លួនពលករខុសច្បាប់រួមទាំងពលករខ្មែរកាន់លិខិតឆ្លងដែនពិសេសដែលអស់សុពលភាព

https://www.rfa.org/khmer/news/ ដោយ អាស៊ីសេរី 2021-04-21

ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី (Malaysia) ជូនដំណឹងដល់សិស្ស/និស្សិត និងពលករខ្មែរដែលមានទីលំនៅអចិន្រ្តៃយ៍ ឬ បណ្តោះអាសន្ន ដែលមានទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ហៅថា«ស្ពេសហ្សល់ ផាស (Special Pass)»ដែលអស់សុពលភាពត្រូវចាកចេញពីប្រទេសម៉ាឡេស៊ីមិនឱ្យហួសថ្ងៃទី២១ មេសានោះឡើយ។ ហេតុផល គឺដោយសារ នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី នឹងចាប់ផ្តើមអនុវត្តច្បាប់ និងបទបញ្ញត្តិផ្សេងៗរបស់ រដ្ឋាភិបាលម៉ាឡេស៊ី។ ស្ថានទូតបញ្ជាក់ថា ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅម៉ាឡេស៊ី ហើយកាន់ Special Pass ដែលអស់សុពលភាព ចាប់ពីថ្ងៃទី២១ ខែមេសាទៅ នឹងប្រឈមការលំបាកក្នុងការត្រឡប់ទៅស្រុកកំណើតវិញ។ ប៉ុន្តែពួកគាត់អាចដាក់ពាក្យស្នើសុំយក Special Pass ដើម្បីពន្យាពេលនៃការស្នាក់នៅបាន ដោយត្រូវសុំការបញ្ជាក់យល់ព្រម និងសម្របសម្រួលដោយស្ថានទូតខ្មែរប្រចាំម៉ាឡេស៊ីមុននឹងដាក់ពាក្យស្នើសុំបន្តទៅនាយកដ្ឋានអន្តោប្រវេសន៍ របស់ប្រទេសនេះ។

កន្លងមក រដ្ឋាភិបាលម៉ាឡេស៊ី បានអនុញ្ញាតឱ្យពលករបរទេសដែលស្នាក់នៅខុសច្បាប់ បានវិលត្រឡប់ទៅប្រទេសកំណើតខ្លួនដោយស្ម័គ្រចិត្ត ដែលអនុវត្តចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ចុងខែមិថុនា ឆ្នាំ២០២១។បន្ទាប់ពីខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរម៉ាឡេស៊ីនឹងអនុវត្តច្បាប់ ចំពោះពលករខុសច្បាប់ ដោយពួកគេត្រូវប្រឈមនឹងការចាប់ខ្លួនដាក់ពន្ធនាគារ បង់ថ្លៃផាកពិន័យ ឬវាយនឹងរំពាត់ ជាដើម។ ប្រជាពលរដ្ឋខ្មែរ នៅម៉ាឡេស៊ីមួយចំនួនឱ្យដឹងថា ពួកគាត់ចង់វិលត្រឡប់ទៅស្រុកខ្មែរវិញដែរ ប៉ុន្តែពួកគាត់ពុំមានប្រាក់ និងពិបាកទំនាក់ទំនងសុំអន្តរាគមន៍ ពីសា្ថនទូតខ្មែរនៅម៉ាឡេស៊ី ដោយសារអាជ្ញាធរម៉ាឡេស៊ី កំពុងបង្កើនការត្រួតពិនិត្យតឹងតែង អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩នេះ៕

website_news/2021220404.txt · Last modified: 2021/04/22 11:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki