website_news:2021220701

តុលាការឧទ្ធរណ៍ជម្រះបណ្តឹងស្រ្តី០២នាក់ ម៉ែ និង កូន ពាក់ព័ន្ធការនាំនារីខ្មែរម្នាក់ទៅលក់នៅចិន

https://cen-news.com/ Posted ByPen Srey NeatJuly 21, 2021

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹក ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ស្រ្តីជាប់ចោទ ០២នាក់ ដែលត្រូវជាម្តាយនិងកូន ជាប់ពាក់ព័ន្ធនឹងការនាំចេញស្ត្រីខ្មែរម្នាក់ នាំចេញទៅរៀបការប្តីនៅចិន ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៦។

លោក ពៅ ភូស៊ុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងក្នុងសវនាការថា ជនជាប់ចោទទាំង០២នាក់ ខាងលើនេះ មាន ឈ្មោះ ទី ១ ឈ្មោះ ជា រឿង ភេទស្រី អាយុ ៥០ ឆ្នាំត្រូវជាម្តាយ និង ទី២ ឈ្មោះ ប៉ាក់ ដានី ភេទស្រី អាយុ ២៦ ឆ្នាំ។ លោកចៅក្រមបានបញ្ជាក់ថា ក្នុងចំណោមជនជាប់ចោទទាំង០២នាក់នេះ ជនជាប់ចោទ ឈ្មោះ ជា រឿង ត្រូវបានតុលាការខេត្តកណ្ដាល កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២ឥ២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ០៤ ឆ្នាំ ចំណែកឯ ឈ្មោះ ប៉ាក់ ដានី ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ កំណត់ ០២ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ការនាំយកចេញ ដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន តាមមាត្រា ១១ នៃ ច្បាប់ស្តីពីជាការបង្រ្កាបអំពើជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ ។

តុលាការខេត្តខេត្តកណ្ដាល ក៏បានបង្គាប់ឲ្យពួកគេទាំងពីរនាក់ រួមគ្នាសងលុយចំនួនមួយម៉ឺនដុល្លារអាមេរិក ទៅយាយរបស់ជនរងគ្រោះ ឈ្មោះ ហង្ស នី ដែលជាភាគីដើមបណ្ដឹង។ លោកបានបន្ថែមថា តែពួកគេបានប្តឹងជំទាស់នឹងសាលក្រមរបស់តុលាការខេត្តកណ្ដាល មកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីសុំបន្ធូរបន្ថយទោស និង បញ្ចុះថ្លៃសងជំងឺចិត្ត។ ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩។ នាពេលសវនាការ, ជនជាប់ចោទទាំង០២ បានឆ្លើយសារភាពកំហុស និង សុំឱ្យតុលាការឧទ្ធរណ៍ បន្ធូរបន្ថយ និង បញ្ចុះការសងជំងឺចិត្ត ពីព្រោះ ពួកគេមិនមានលទ្ធភាពរកលុយសង ដើម្បីសងទៅភាគីរងគ្រោះបាននោះឡើយ។ សំណុំរឿងក្តីនេះ,, សាលាឧទ្ធរណ៍ភ្នំពេញ លើកពេលប្រកាសសាលដីកា នៅព្រឹក ថ្ងៃទី ២ ខែ កក្កដាឆ្នាំ ២០២១៕ ដោយ: ចន្ទា ភា

website_news/2021220701.txt · Last modified: 2021/07/22 11:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki