website_news:2021220705

ក្រសួងការបរទេស នៅមិនទាន់ទទួលបានព័ត៌មានផ្លូវការ អំពីចំនួនពលករខ្មែរ ឆ្លងជំងឺកូវីដនៅថៃ នៅឡើយទេ

https://cen-news.com/ Posted ByPen Srey NeatJuly 20, 2021

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅមិនទាន់មានព័ត៌មានផ្លូវការ អំពីចំនួនពលករខ្មែរដែលឆ្លងជំងឺកូវីដ នៅក្នុងប្រទេសថៃនៅឡើយទេ។ ដោយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងតែធ្វើការជាមួយអាជ្ញាធរថៃ។ នេះបើតាមការបញ្ជាក់របស់លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅមុននេះបន្តិច។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានធ្វើឡើង បន្ទាប់ពី ន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ ប្រចាំនៅប្រទេសថៃ បានផ្សព្វផ្សាយព័ត៌មានថា គិតមកដល់ជិតចុងខែកក្កដា ឆ្នាំ២០២១នេះ ពលករខ្មែរប្រមាណ ៩ពាន់នាក់ហើយ ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ បានឆ្លងជំងឺកូវីដ-១៩ ខណៈពលករខ្មែរជាស្រ្តីម្នាក់នៅថៃ ទើបនឹងបាត់បង់ជីវិតដោយសារជំងឺនេះ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានបញ្ជាក់ថា “យើងមិនទាន់មានព័ត៌មានផ្លូវការច្បាស់លាស់ អំពីចំនួនពលករខ្មែរដែលឆ្លង Covid ទេ។ ស្ថានទូតកំពុងធ្វើការជាមួយអាជ្ញាធរថៃ ផ្ទៀងផ្ទាត់ចំនួន និងឈ្មោះពលករ ព្រោះអាចច្រឡំជាមួយពលករឡាវ និងមីយ៉ាន់ម៉ា”។

ចំណែកលោក លឹង សុផុន មន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ប្រចាំ នៅប្រទេសថៃ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ពលករខ្មែរប្រមាណ ៩ពាន់នាក់ ដែលឆ្លងកូវីដ-១៩ ភាគច្រើនជាពលករសំណង់។ ពលករខ្មែរដែលធ្វើការផ្នែកសំណង់ក្នុងទីក្រុងបាងកក មានប្រមាណ ៧ម៉ឺននាក់ ហើយពួកគេ ប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ខ្លាំងជាងគេ។ ប្រភពដដែលបានបន្តថា ពលករខ្មែរដែលឆ្លងជំងឺកូវីដ-១៩ កំពុងជួបការលំបាកជាច្រើន ដូចជា បាត់បង់ការងារ បាត់បង់ចំណូល ខ្វះថវិកា និងខ្វះស្បៀង ជាដើម។ ពលករខ្មែរខ្លះ ដែលឆ្លងជំងឺកូវីដ-១៩ មិនបានទៅព្យាបាលត្រឹមត្រូវនៅមន្ទីរពេទ្យឡើយ បើទោះបីជារដ្ឋាភិបាលថៃ ប្រកាសថា នឹងព្យាបាលគ្រប់ជនបរទេសទាំងស្របច្បាប់ទាំងខុសច្បាប់ក៏ដោយ។ ពលករខ្មែរ ដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ ភាគច្រើនគឺជាអ្នក ដែលគ្មានឯកសារគ្រប់គ្រាន់ ឬមិនស្របច្បាប់ ហើយថៅកែ មិនបានយកចិត្តទុកដាក់។ នេះបើតាមព័ត៌មានពីលោក សុផុន ដដែល ដោយលោក បន្ថែមថា មានតែពលករខ្មែរ ដែលមានឯកសារគ្រប់គ្រាន់ ឬស្របច្បាប់ និងត្រូវបានថៅកែយកចិត្តទូកដាក់ប៉ុណ្ណោះ ដែលទទួលបានការព្យាបាលត្រឹមត្រូវនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ប្រទេសថៃមានឆ្លងជំងឺកូវីដ១៩ មានចំនួន ៤២៦,៤៧៥ នាក់ , អ្នកជាសះស្បើយមានចំនួន ២៩៦,២០៨ នាក់ អ្នកកំពុងព្យាបាលមានចំនួន ១២៦,៧៦៥នាក់ និងស្លាប់មានចំនួន ៣៥០២នាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ

website_news/2021220705.txt · Last modified: 2021/07/22 11:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki