website_news:2021220706

មន្រ្តីទូតកម្ពុជាជំរុញឱ្យមន្ទីរពេទ្យនៅថៃយកចិត្តទុកដាក់ព្យាបាលពលករខ្មែរដែលឆ្លងកូវីដ១៩

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 21/07/2021 - 09:29 ដោយ៖វណ្ណ សុគន្ធា

ក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃពុធនេះ បានចេញមកបញ្ជាក់ឱ្យដឹងថា មន្រ្តីស្ថានទូតកម្ពុជាកំពុងធ្វើការជាមួយអាជ្ញាធរ និងមន្ទីរពេទ្យនៅថៃ ដើម្បីជំរុញឱ្យយកចិត្តទុកដាក់ថែទាំ និងព្យាបាលពលករខ្មែរដែលបានឆ្លងជំងឺកូវីដ១៩។ ការបញ្ជាក់នេះ គឺធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់បានបង្ហាញថា ពលរដ្ឋខ្មែរនៅប្រទេសថៃដែលបានឆ្លងជំងឺកូវីដ១៩ មិនទទួលបានថែទាំ និងព្យាបាលដោយយកចិត្តទុកដាក់ឡើយ។តាមសង់ត្រាល់គឺពលករខ្មែរនៅទីនោះប្រមាណជិត១ម៉ឺននាក់ហើយបានឆ្លងជំងឺកូវីដ១៩។

លោកលឹង សុផុន មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ប្រចាំនៅប្រទេសថៃបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិកាលពីល្ងាចថ្ងៃអង្គារថា ពលករខ្មែរនៅក្នុងប្រទេសថៃប្រមាណ៩ពាន់នាក់ហើយបានឆ្លងជំងឺកូវីដ១៩ ។ ក្នុងនោះ ភាគច្រើននៅក្នុងទីក្រុងបាងកក និងខេត្តដែលជាតំបន់ក្រហមមួយចំនួនទៀតដូចជាខេត្តសាមុត ប្រាកាន ណាក់ខនប៉ាក់ធុម ប៉ាក់ធុមថានី ឈុនប៊ុរី និងខេត្តស្រះកែវជាដើម។ចំពោះពលករខ្មែរដែលឆ្លងកូវីដ១៩ទាំងនេះ លោកលឹង សុផុន បានគូសបញ្ជាក់ថា ពួកគេទទួលបានព្យាបាលមិនដូចគ្នាឡើយ ពោល គឺពលករដែលមានលិខិតឆ្លងដែន មានទិដ្ឋាការ និងប័ណ្ណការងារត្រឹមត្រូវ ហើយមានការយកចិត្តទុកដាក់ពីថៅកែទៀតនោះ គឺពួកគេទទួលបានការព្យាបាលសមរម្យ។ ប៉ុន្តែ ចំពោះពលករដែលមិនទាន់បានប័ណ្ណការងារពេញលេញ អ្នកមានប័ណ្ណផុតសុពលភាព និងពលករខុសច្បាប់វិញ គឺមិនមានការយកទុកចិត្តទុកនាំពួកគេទៅមន្ទីរពេទ្យ និងមិនទទួលបានការព្យាបាលបានដិតដល់ឡើយ។

ជុំវិញបញ្ហានេះ វិទ្យុបារាំងអន្តរជាតិបានព្យាយាមទាក់ទងទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ដើម្បីសុំការបញ្ជាក់ និងបំភ្លឺដែរ តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេមកដល់ពេលនេះ។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានអះអាងជំនួសប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃកំពុងខិតខំសហការជាមួយអាជ្ញាធរ និងក្រុមហ៊ុនថៃ ដើម្បីជួយដល់ពលករខ្មែរដែលកំពុងជួបការលំបាកខ្លាំងនៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះ មន្រ្តីទូតកម្ពុជាក៏កំពុងខិតខំសហការជាមួយមន្ទីរពេទ្យឱ្យយកចិត្តទុកដាក់ព្យាបាលពលករខ្មែរដែលបានឆ្លងជំងឺCovid១៩ផងដែរ។

ចំណែក ចំនួនពលករខ្មែរឆ្លងជំងឺកូវីដ១៩នៅថៃវិញ ក្រសួងការបរទេសកម្ពុជាបានអះអាងថា មិនទាន់មានព័ត៌មានផ្លូវការច្បាស់លាស់នៅឡើយទេ ដោយថា ស្ថានទូតកម្ពុជានៅថៃកំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីផ្ទៀងផ្ទាត់ចំនួន និងឈ្មោះពលករ ព្រោះអាចច្រឡំជាមួយពលករបរទេសផ្សេងៗទៀត។ យ៉ាងណាក៏ដោយ ពលករខ្មែរជាច្រើនចង់វិលត្រឡប់ចូលប្រទេសកំណើតវិញ ដោយសារទី១.ពួកគេបារម្ភពីការឆ្លងជំងឺកូវីដ១៩ និងទី២. ខ្លាចទទួលការព្យាបាលមិនដិតដល់នៅក្នុងប្រទេសថៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកលឹង សុផុន៕

website_news/2021220706.txt · Last modified: 2021/07/22 11:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki