website_news:2021220902

អាជ្ញាធរខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំត្រួតពិនិត្យ និងដាក់ផែនការពង្រឹងការត្រួតពិនិត្យសន្តិសុខ បទល្មើស និងការទប់ស្កាត់ពលករឆ្លងដែនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

http://nokorwatnews.com/ 20 កញ្ញា 2021

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដាក់ផែនការ ពង្រឹងការត្រួតពិនិត្យសន្តិសុខ បទល្មើស និងការទប់ស្កាត់ពលករឆ្លងដែនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាមួយលោកមេបញ្ជាការ មេបញ្ជាការរងកងពល សឹករងខេត្ត ស្នងការ និងមេបញ្ជាការគ្រប់ផ្នែកឈរជើងតាមខ្សែបន្ទាត់ព្រំដែន និងអភិបាលក្រុង និងស្រុកទាំង៥ នៅសាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។ នាឱកាសនោះ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត បានណែនាំដល់មេបញ្ជាការកងកម្លាំងចម្រុះមានកម្លាំងនគរបាលការពារព្រំដែន អាវុធហត្ថ កម្លាំងយោធាទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ឱ្យបានតឹងរឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានរំលឹកបន្ថែមដល់កងកម្លាំង មន្ត្រីសុខាភិបាលនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕ ដោយ៖សហការី

website_news/2021220902.txt · Last modified: 2021/09/22 09:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki