website_news:2021220905

ករណីឆ្លងក្នុងសហគមន៍កើនឡើងនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ

https://www.khmertimeskh.com/ យឹម ស្រីលីន / ខ្មែរថាមស៍

បណ្តាខេត្តដែលមានព្រំដែនជាប់ប្រទេសថៃ កំពុងប្រឈមមុខនឹងការផ្ទុះឡើងនូវករណីឆ្លងក្នុងសហគមន៍ដែលនេះជាការដាក់សម្ពាធលើអាជ្ញាធរដើម្បីដោះស្រាយស្ថានភាពនេះ។ ករណីទី ២ គឺករណីឆ្លងក្នុងសហគមន៍ដែលបណ្តាលមកពីអ្នកដឹកទំនិញ និងជំនួយការរបស់ពួកគេ ដែលបានចម្លងមេរោគតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយអ្នកលក់នៅតាមផ្សារ ហើយការចម្លងបន្តទៅសមាជិកគ្រួសារ ឬអ្នកលក់ និងអ្នកដើរទិញឥវ៉ាន់ផ្សេងទៀត។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខេត្តបានប្រឈមនឹងការកើនឡើងនូវករណីឆ្លងក្នុងសហគមន៍ និងឆ្លងករណីនាំចូលក្នុងចំណោមពលករចំណាកស្រុក។ លោកនិយាយថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដែរ ករណីឆ្លងក្នុងសហគមន៍បានកើនដល់ជាង ២០០ ករណីជារៀងរាល់ថ្ងៃ ខណៈករណីឆ្លងនាំចូលដោយពលករចំណាកស្រុកមានចំនួនជាង ៥០ ករណីក្នុងចំណោមពលករចំនួន ២០០ នាក់»។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានប្រាប់កាសែតខ្មែរថាមស៍ថា ការកើនឡើងនូវករណីឆ្លងដោយសារការផ្ទុះឡើងក្នុងសហគមន៍ បានបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចនៅក្នុងខេត្តហើយពួកគេកំពុងតស៊ូ ដើម្បីទប់ទល់នឹងស្ថានភាពនេះ។ លោកថានេះគឺដោយសារតែប្រជាជនភាគច្រើនមិនសហការតាមរយៈការផ្តល់ព័ត៌មានទាន់ពេលវេលាអំពីករណីឆ្លងថ្មីៗ។ លោកបានឲ្យដឹងថា៖ «នៅថ្ងៃសុក្រនេះយើងរកឃើញករណីឆ្លងចំនួន ៤៨៣ នាក់ខណៈករណីឆ្លងចំនួន ២២២ នាក់ផ្សេងទៀតត្រូវបានរកឃើញនៅថ្ងៃសៅរ៍។ ម្សិលមិញ (ថ្ងៃអាទិត្យ) មានករណីវិជ្ជមានចំនួន ២៤៨ នាក់ទៀតរួមជាមួយករណីជាសះស្បើយចំនួន ៧៧ នាក់និងករណីស្លាប់ចំនួន ២ នាក់ផងដែរ»។

ទន្ទឹមនឹងនេះនៅខេត្តឧត្តរមានជ័យលោក លឹម សុខតូ អភិបាលរងខេត្តបានប្រាប់ខ្មែរថាមស៍កាលពីម្សិល មិញថា ចំនួនពលករចំណាកស្រុកដែលឆ្លងដែន និងអ្នកដែលឆ្លងជំងឺកូវីដ ១៩ បាននិងកំពុងធ្លាក់ចុះ។ លោកនិយាយថា៖ «នៅថ្ងៃសៅរ៍នេះពលករចំណាកស្រុកចំនួន ៨៤ នាក់បានឆ្លងដែនពីប្រទេសថៃឆ្លងកាត់តាមច្រកអន្តរជាតិអូរស្មាច់ដោយមានតែករណីឆ្លង ៦ ប៉ុណ្ណោះត្រូវបានរកឃើញ។ ទោះយ៉ាងណា នៅពេលអ្នកលក់ប្រមាណចំនួន ៤៩១ នាក់ទទួលការតេស្ត ពេលនោះករណីឆ្លងបានកើនឡើងដល់ ៣៧ នាក់ដែលទាំងនេះត្រូវបានចាត់ថ្នាក់ជាករណីឆ្លងក្នុងសហគមន៍»។ លោកបន្តថា៖ «ម្សិលមិញ (ថ្ងៃអាទិត្យ) ពលករចំណាកស្រុកចំនួន ៨៤ នាក់បានឆ្លងដែនដោយមានតែ ពលករចំនួន ៣ នាក់ប៉ុណ្ណោះដែលរកឃើញថាវិជ្ជមានកូវីដ-១៩។ ទន្ទឹមនឹងនោះពលរដ្ឋចំនួន ១.៥៥២ នាក់ទៀតត្រូវបានធ្វើតេស្តទូទាំងខេត្ត លើកលែងតែពលករចំណាកស្រុក ហើយមានតែចំនួន ៣២ នាក់ប៉ុណ្ណោះដែលរកឃើញថាវិជ្ជមានកូវីដ-១៩»។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ខ្មែរថាមស៍កាលពីថ្ងៃសៅរ៍ថា ពលករ ចំណាកស្រុកចំនួន ១៥៤ នាក់បានឆ្លងដែនពីប្រទេសថៃ។ ក្នុងនោះមានករណីវិជ្ជមានចំនួន ៤ ត្រូវបានរកឃើញ។ ហើយពលករចំណាកស្រុកចំនួន ១៨៧ នាក់ផ្សេងទៀតបានឆ្លងកាត់ព្រំដែនកាលពីថ្ងៃអាទិត្យ ដែលមានករណីវិជ្ជមានចំនួន ១៣ នាក់ត្រូវបានរកឃើញ។ ចំណែកនៅក្រុងប៉ោយប៉ែតវិញលោក កែវ តារារស្មី អភិបាលរងក្រុង និងជាអ្នកនាំពាក្យសាលាក្រុងបានឲ្យដឹងថា ករណីឆ្លងក្នុងសហគមន៍បានមានការកើនឡើងជារៀងរាល់ថ្ងៃ។ លោកនិយាយថា៖ «គិតត្រឹមថ្ងៃសុក្រ ពលរដ្ឋសរុបចំនួន ៣៩៩ នាក់ត្រូវបានធ្វើតេស្តនិងមានចំនួន ៨៣ នាក់វិជ្ជមានកូវីដ-១៩។ ហើយក្នុងចំណោមមនុស្ស ៣៩៦ នាក់ដែលត្រូវបានធ្វើតេស្តនៅថ្ងៃសៅរ៍មានចំនួន ៩០ នាក់បានរកឃើញថាវិជ្ជមានកូវីដ-១៩។ កាលម្សិលមិញ (ថ្ងៃអាទិត្យ) មនុស្សចំនួន ២៩០ នាក់ត្រូវបានធ្វើតេស្តក្នុងចំណោមនោះមានចំនយន ៣៣ នាក់វិជ្ជមានកូវីដ-១៩»៕

website_news/2021220905.txt · Last modified: 2021/09/22 09:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki