website_news:2021221109

យោធាថៃ ឃាត់ខ្លួនពលករខ្មែរប្រុសស្រី ឆ្លងដែនខុសច្បាប់ ២១នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ១៩:០៦

បន្ទាយមានជ័យ៖ សេចក្ដីរាយការណ៍ពីសមត្ថកិច្ច តាមបន្ទាត់ព្រំដែន បានឲ្យដឹងថា នៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២១ កម្លាំងទាហានថៃ ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញក្រុមបុគ្គល ដែលគួរឲ្យសង្ស័យ ដើរមកតាមច្រករបៀង សំដៅចូលប្រទេសថៃ ត្រង់បរិវេណភូមិភូ ណាំឃ្លៀង ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចំនួន ១១នាក់ ក្នុងនោះ មានប្រុស ៥នាក់ ស្រី៥ និងក្មេងម្នាក់ ទើបនាំខ្លួនយកទៅសួរនាំ។

ពេលសមត្ថកិច្ចថៃសាកសួរ ពលករខ្មែរខាងលើ បានប្រាប់ថា ពួកគេមានទីលំនៅក្នុងខេត្តសៀមរាប ចំនួន ២នាក់ បាត់ដំបងចំនួន ២នាក់ ព្រៃវែងចំនួន ៤នាក់ ក្រចេះម្នាក់ តាកែវ ២នាក់ ចង់ស៊ីឈ្នួលកាប់អំពៅ ក្នុងស្រុកគោកឃ្យូង ខេត្តស្រះកែវ ដែលមានថៅកែជាជនជាតិថៃ ឈ្មោះ ទុយ ដោយមានការទំនាក់ទំនងពីជនជាតិខ្មែរ ដែលស្នាក់នៅប្រទេសថៃ អោយពួកគេ ធ្វើដំណើរមកស៊ីឈ្នួលកាប់អំពៅជាមួយគ្នា ដោយពលករទាំងនោះ ត្រូវចំណាយលុយឲ្យមេខ្យល់នាំផ្លូវក្នុងម្នាក់ ១៥០០បាត អោយលុយមុនក្នុងម្នាក់ ៥០០បាត និងនៅពេលទៅដល់កន្លែងធ្វើការត្រូវចំណាយបន្ថែមក្នុងម្នាក់១០០០បាតទៀត។ ក្រោយសួរចម្លើយ សមត្ថកិច្ចថៃ ក៏បញ្ជូនទៅឲ្យជំនាញខ្លងលឹក ដើម្បីចាត់ការតាមច្បាប់បន្ត។

ក្នុងថ្ងៃដដែលនេះដែរ កម្លាំងទាហានថៃ ប្រចាំស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានប្រទះឃើញក្រុមបុគ្គលគួរឲ្យសង្ស័យផងដែរ ខណៈដើរមកតាមច្រករបៀង សំដៅចូលទឹកដីថៃ ត្រង់បរិវេណភូមិទព័សៀម ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវចំនួន ៩នាក់ ក្នុងនោះ ស្រី ៤នាក់។ ក្រោយសមត្ថកិច្ចថៃសួរនាំជំហ៊ានដំបូង បានឲ្យដឹងថា ពលរដ្ឋខ្មែរខាងលើ ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ៨នាក់ និងបាត់ដំបងម្នាក់ ទៅធ្វើការសំណង់ នៅខេត្តមីនបុរី និងក្រុងបាងកក ដោយចំណាយលុយក្នុងម្នាក់ ចាប់ពី ៧០០០ទៅ ៩០០០បាត និងចំណាយលុយឲ្យអ្នកនាំផ្លូវខាងដីខ្មែរ ក្នុងម្នាក់ ចំនួន ១០០០បាត ទៅ ៣០០០បាត និងចំណាយបន្ថែម ៦០០០បាត នៅពេលទៅដល់គោលដៅ។ ក្រោយសួរនាំ សមត្ថកិច្ចថៃ ក៏បញ្ជូនទៅឲ្យជំនាញស្រុកតាប្រាយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត៕ ណុប រក្សា

website_news/2021221109.txt · Last modified: 2021/11/22 10:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki