website_news:2021221203

សមាគមមួយប្រកាសជ្រើសរើសពលករពី១៥,០០០ទៅ២ម៉ឺននាក់ទៅធ្វើការនៅថៃក្នុង១ខែ

https://www.kampucheathmey.com/ ថ្ងៃអង្គារ ២១ ធ្នូ ២០២១ដោយ Sokhom Khon

សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានប្រកាសជ្រើសរើសពលករពី១៥,០០០ទៅ២ម៉ឺននាក់ក្នុង១ខែៗ ដើម្បីទៅធ្វើការនៅប្រទេសថៃនាពេលខាងមុខនេះ។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែធ្នូនេះថា ការជ្រើសរើសពលករខ្មែរទៅធ្វើការនៅថៃនេះ គឺអាស្រ័យទៅលើតម្រូវការជាក់ស្តែងរបស់និយោជកថៃ។លោកបានបន្តថា ប៉ុន្តែកន្លងមកនិយោជកថៃត្រូវការពលករយើងប្រមាណពី១៥.០០០ ទៅ២ម៉ឺននាក់ក្នុង១ខែៗ។ ដូចនេះការផ្គត់ផ្គង់របស់យើងគឺក្នុងរង្វង់នេះ។ លោកបានបន្តទៀតថា ចំពោះលក្ខខណ្ឌដែលត្រូវជ្រើសរើស គឺពលករដែលមានសុខភាពល្អ មានកម្លាំង និងមានឆន្ទះក្នុងការធ្វើការងារ ព្រោះគាត់មិនមានឆន្ទះក្នុងការធ្វើការទេ គឺបរាជ័យព្រោះថាការងារដែលទៅធ្វើនេះ គឺជាការងារតាមរោងចក្រសហគ្រាស។ ដូច្នេះធ្វើការមានពេលមានម៉ោងត្រឹមត្រូវ ហើយប្រសិនបើគាត់ធ្វើការអត់កើតវានឹងជះដល់កម្លាំងពលកម្មផ្សេងទៀត ហើយខាងរោងចក្រក៏ពិបាកនឹងទទួលយកពួកគាត់ដែរ។ លោកបានបន្ថែមថា«អីចឹងលុះត្រាគាត់ឧស្សាហ៍ព្យាយាមតាំងចិត្តធ្វើការទៅដើម្បីសន្សំប្រាក់ព្រោះយើងមិនចង់ឱ្យគាត់ទៅហើយមិនសល់អ្វីនោះទចង់ឱ្យសល់លុយកាក់ ដើម្បីមកបង្កើតមុខរបរតាមភូមិស្រុកវិញបានឬសង់ផ្ទះសម្បែងបានពេលត្រឡប់មកវិញយើងចង់បានអីចឹង»។

លោកបានបន្ថែមថា បច្ចុប្បន្ននេះកម្ពុជានៅមិនទាន់អាចបញ្ជូនពលករ MOU ទៅធ្វើការនៅប្រទេសថៃនៅឡើយទេ ដោយសារយើងត្រូវការរៀបចំឯកសារឡើងវិញសារជាថ្មីទៅតាមនីតិវិធីតម្រូវការជាក់ស្តែងរបស់ប្រទេសថៃ លោកបានបន្តថា រដ្ឋាភិបាលថៃបានតម្រូវឱ្យនិយោជកថៃត្រូវទិញប័ណ្ណធានារ៉ាប់រងសម្រាប់ទុកចំណាយទៅលើការព្យាបាលពេលដែលពលករខ្មែរមានឆ្លងជំងឺកូវីដ១៩ ព្រោះថារាល់ការព្យាបាលជាបន្ទុករបស់និយោជកទាំងស្រុង។លោកបានបន្តទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃត្រូវមានលក្ខខណ្ឌមួយចំនួនដូចជាត្រូវមានកាតចាក់វ៉ាក់សាំងធ្វើតេស្តរកជំងឺកូវីដ១៩ រយៈពេល៧២ម៉ោងតាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ១៩។ ពេលទៅដល់ព្រំដែនពលករខ្មែរដែលចាក់វ៉ាក់សាំង២ដូសរួចហើយត្រូវធ្វើចត្តាឡ័ស័ករយៈពេល៧ថ្ងៃហើយពលករដែលអត់ទាន់បានចាក់វ៉ាក់សាំងទេ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លោក អន ប៊ុនហាក់ បានបន្ថែមទៀតថា តាមផែនការយើងអាចបញ្ជូនពលករMOUទៅធ្វើការនៅប្រទេសថៃប្រមាណពី២ទៅ៣ពាន់នាក់នាពាក់កណ្តាលឬចុងខែមករាឆ្នាំ២០២២ហើយនៅខែកុម្ភៈឬខែមីនាអាចបញ្ជួនកើនឡើងជាង១ម៉ឺននាក់៕ អត្ថបទ៖ សំអឿន

website_news/2021221203.txt · Last modified: 2021/12/22 10:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki