website_news:2021221206

ថៅកែថៃ ព្រួតវាយពលករខ្មែរបេះផ្លែមៀនម្នាក់ ឱ្យរងរបួសធ្ងន់នៅក្នុងប្រទេសថៃ

https://www.rfa.org/khmer/ ដោយ សន ចាន់រដ្ឋា2021-12-19

ពលករខ្មែរធ្វើការនៅប្រទេសថៃ អះអាងថា ថៅកែជនជាតិថៃព្រួតវាយពលករខ្មែរបេះផ្លែមៀនម្នាក់បណ្ដាលឱ្យរបួសធ្ងន់នៅប្រទេសថៃ។ ជនរងគ្រោះត្រូវបានពលករខ្មែរដូចគ្នាបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្តចាន់បូរី អស់ជាច្រើនថ្ងៃមកហើយ ដោយអាជ្ញាធរមិនទាន់ចាប់ជនដៃដល់មកផ្ដន្ទាទោសបាននៅឡើយ។ មន្ត្រីសង្គមស៊ីវិលយល់ថា មន្ត្រីអគ្គកុងស៊ុលខ្មែរគួរតែអន្តរាគមន៍ទៅអាជ្ញាធរថៃ ដើម្បីជួយដល់ជនរងគ្រោះជាបន្ទាន់។

ជនរងគ្រោះឈ្មោះ ថង ចិន អាយុ ៣៣ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង កំពុងសម្រាកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅទីរួមខេត្តចាន់បូរី ហើយរហូតមកដល់ពេលនេះ នៅមិនទាន់បានធូរស្រាលនៅឡើយទេ បន្ទាប់ពីថៅកែជនជាតិថៃ បានប្រើហិង្សាវាយដំបណ្តាលឲ្យគាត់រងរបួសធ្ងន់ធ្ងរបាក់ឆ្អឹងថ្គាម និងឆ្អឹងជំនីជាច្រើនកន្លែង។ ជនរងគ្រោះលោក ថង ចិន រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែធ្នូថា ថៅកែជនជាតិថៃនៅជាប់កន្លែងលោកធ្វើការនៅឃុំ សាតតន់(Saton) ស្រុកសយដាវ(Soi Dao) ខេត្តចាន់បូរី (Chanburi) បាននាំកម្មករខ្មែរ ៣នាក់ ដោយយកដងរ៉ែកឈើឫស្សីព្រួតវាយលោកបណ្ដាលបាក់ឆ្អឹងថ្គាម និងប្រេះឆ្អឹងជំនីជាច្រើនកន្លែង កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ។ លោកប្រាប់ថា លោកពុំធ្លាប់មានទំនាស់ជាមួយថៅកែថៃនោះទេ ដោយគ្រាន់តែលោកទៅហាមឃាត់កម្មករមួយក្រុមទៀតកុំឱ្យឈ្លោះគ្នា ក៏ស្រាប់តែថៅកែថៃនៅក្បែរនោះនាំកម្មករមកវាយបម្រុងសម្លាប់លោកតែម្ដង៖ «គេហៅកូនចៅគេមកវាយយកបណ្ដោយហ្នឹង ហើយគេថាប៉ះណាអ្នកណាវាយអាហ្នឹង។ និយាយចំពួកហ្នឹង ខ្ញុំមិនទាន់ចូលមកបេះមៀន ថៅកែហ្នឹងធ្លាប់មានរឿងមានអីមកយូរហើយ ហើយកូនចៅគេធ្លាប់មានរឿងមានអីជាមួយកម្មករចាស់គេ ខ្ញុំអត់ដឹងផងហ្នឹង ខ្ញុំជាជនរងគ្រោះ។ ពួកអាហ្នឹងមកដល់ដូចកម្រោលចូលចឹង ខ្ញុំអត់ដឹងខ្យល់អីផង វាយខ្ញុំយកវាយយក។ សុំឱ្យបងជួយឱ្យដឹងដល់ក្រុមគ្រួសារខ្ញុំផង ខ្ញុំអ្នកជនរងគ្រោះ»។ ជនរងគ្រោះលោក ថង ចិន បានទៅប្រទេសថៃ ជាមួយប្រពន្ធដោយស្របច្បាប់ ធ្វើជាកម្មករបេះផ្លែមៀនឱ្យជនជាតិថៃនៅស្រុកសយតាវ (Soi Dao)ខេត្តចាន់បូរី(Chanburi) ជាប់ព្រំដែនខេត្តបាត់ដំបងទើបតែបាន ២ ខែ ក៏ត្រូវថៅកែថៃព្រួតវាយឱ្យរបួសធ្ងន់។

សាក្សីនៅកន្លែងកើតហេតុ ថ្លែងសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា អំពើហិង្សានេះកើតឡើងដោយសារក្រុមថៅកែថៃឈ្មោះចុប (Chob)ដែលបង្កហេតុនោះ មានទំនាក់ទំនងស្នេហាជាមួយពលករខ្មែរមួយក្រុមបេះផ្លែមៀនឱ្យជនជាតិថៃម្ខាងទៀតនៅក្បែរនោះមិនបាន ក៏នាំកូនឈ្នួលរបស់ខ្លួនព្រួតវាយជនរងគ្រោះតែម្ដង។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះប៉ូលិសថៃមិនបានចាប់ជនដៃដល់ណាម្នាក់បាននៅឡើយ ហើយថែមទាំងគំរាមគ្រួសាររងគ្រោះថា ប្រសិនបើពួកគេប្ដឹងប៉ូលិស នោះអាជ្ញាធរថៃនឹងចាប់ពួកគេបញ្ជូនទៅកម្ពុជាវិញទៀតផង៖ «ថៅកែហ្នឹង វានាំកូនចៅវាមកវាយខ្មែរខាងពួកខ្ញុំ វាបញ្ជាថាឱ្យវាយសម្លាប់ចោល។ វាថា លុយវាបិទមាត់ប៉ូលិសអស់ហើយ ហើយគេមកបានឆាតតាមទូរស័ព្ទមកគំរាមពួកខ្ញុំទៀត។ គេបញ្ជាថា វាយទៅគេអ្នកធានាខុសត្រូវ ថៅកែហ្នឹងគេថា គេធានាខុសត្រូវសាហាវណាស់បង សាហាវដូចរឿងចិនអីចឹង។ អត់មានដំណោះស្រាយអីទេ ខ្ញុំស្នើឱ្យស្ថានទូតខ្មែរជួយអន្តរាគមន៍ដល់ពួកគាត់ផង»។

ប៉ុន្តែថៅកែរបស់ជនរងគ្រោះឈ្មោះ បៀរ ប្រាប់វិទ្យុអាស៊ីសេរីថា លោកពុំបានដឹងអ្នកណាវាយកូនឈ្នួលរបស់លោកនោះទេ ព្រោះនៅថ្ងៃកើតហេតុលោករវល់ទៅព្រំដែនកម្ពុជា។ ចំណែកការណ៍ដែលអាជ្ញាធរថៃមិនទាន់ចាប់ជនដៃដល់មកផ្ដន្ទាទោសនោះ លោកអះអាងថា ដោយសារជនរងគ្រោះមិនទាន់បានប្ដឹងទៅប៉ូលិសថៃនៅឡើយ។

ទោះជាយ៉ាងណា មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់(CENTRAL) លោក ឌី ថេហូយ៉ា យល់ថា អាជ្ញាធរថៃត្រូវចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ដោយពុំចាំបាច់ឱ្យជនរងគ្រោះប្ដឹងនោះទេ។ លោកបន្ថែមថា អគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តស្រះកែវក៏ គួរតែប្រញាប់ចុះអន្តរាគមន៍ទៅភាគថៃជួយដល់ជនរងគ្រោះដែរ ក្រោយពីទទួលដំណឹងនេះ។ លោកជឿថា ប្រសិនអាជ្ញាធរខ្មែរនិងថៃមិនសហការគ្នាជួយអន្តរាគមន៍ទេនោះ ជនរងគ្រោះនឹងមិនទទួលបានយុត្តិធម៌ឡើយ៖ «កើតឡើងបែបនេះ គឺដោយសារតែគេអាចនឹងមើលងាយទៅដល់រដ្ឋមួយដែលធ្លាប់តែដាក់ពលរដ្ឋខ្លួនឯងចោលមិនអើពើអីជាដើមអីចឹងទៅ។ អាប្រទេសនៃម្ចាស់ប្រទេសនោះ គឺថា ប្រទេសគោលដៅនោះ ក៏គេមិនសូវអើពើដែរ គេគិតថា បើរកយុត្តិធម៌ចាត់វិធានការទៅក៏បានមិនចាត់វិធានការក៏គ្មានបញ្ហាអី»។

កន្លងមក មានពលករខ្មែរជាច្រើននាក់ត្រូវបានថៅកែជាជនជាតិថៃ វាយធ្វើបាបនិងគំរាមសម្លាប់ ក្នុងពេលពួកគេធ្វើការនៅប្រទេសថៃ ហើយជារឿយៗពួកគេកម្រទទួលបានយុត្តិធម៌ណាស់ ប្រសិនបើពុំមានអន្តរាគមន៍ពីអាជ្ញាធរខ្មែរ និងអង្គការសង្គមស៊ីវិលនៅប្រទេសថៃនោះ។ ជាឧទាហរណ៍ កាលពីខែធ្នូ ឆ្នាំ២០២០ ពលករខ្មែរពីរនាក់ប្ដីប្រពន្ធធ្វើការដកដំឡូងមីនៅខេត្តប្រាជីនបូរី (prachinburi) ត្រូវបានថៅកែថៃយកកាំភ្លើងខ្លីបាញ់ឡើងលើមួយគ្រាប់គំរាមសម្លាប់ ដោយសារខឹងពួកគេឈប់ធ្វើការ ហើយសុំត្រឡប់ទៅកម្ពុជាវិញ។ ថៅកែថៃ បានចោទប្រកាន់ថា ពួកគេជំពាក់ប្រាក់ជិត១ម៉ឺនបាត (១០.០០០) ថ្លៃធ្វើលិខិតឆ្លងដែនមិនទាន់សងនៅឡើយ។ ប៉ុន្តែពលករអះអាងថា ថៅកែថៃរូបនេះបង្ខំឱ្យពួកគេធ្វើការដោយមិនបានបើកប្រាក់ឈ្នួលឡើយ។ ភ្លាមៗនោះពលករខ្មែរមួយគ្រួសារនេះបាននាំគ្នាបីកូនតូចរត់គេចខ្លួនទាំងយប់ ដោយព្រួយបារម្ភខ្លាចថៃបាញ់សម្លាប់ ហើយករណីនេះ អាជ្ញាធរថៃមិនបានចាប់ជនល្មើសមកផ្ដន្ទាទោសបាននៅឡើយ៕

website_news/2021221206.txt · Last modified: 2021/12/22 10:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki