website_news:2021230201

ពលករខ្មែរ កាន់តែច្រើនបានសម្រុកចេញពីប្រទេសថៃ តាមច្រកព្រំដែន ខេត្តបាត់ដំបង

http://btv.com.kh/ 22/02/2021

បាត់ដំបង ៖ ពលករខ្មែរកាន់តែច្រើន បានសម្រុកចេញពីប្រទេសថៃ មកកាន់ស្រុកកំណើតវិញ តាមច្រកព្រំដែននានា នៃខេត្តបាត់ដំបង ខណៈមេខ្យល់ជាង២០នាក់ ត្រូវបានឃាត់ខ្លួន។ របាយការណ៍រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ម្សិលមិញ ពលករខ្មែរ ចំនួនជិត៣០០ នាក់ បានចាកចេញមកពីប្រទេសថៃ ឆ្លងកាត់ច្រកព្រំដែននានា នៃខេត្តបាត់ដំបងហើយបើគិតចាប់ពីមានការផ្ទុះឆ្លងរាលដាលកូវីដ១៩ ក្នុងសហគមន៍ប្រទេសថៃនោះ គឺពលករខ្មែរ មកពីប្រទេសថៃ មានចំនួនជាង ៨៤០០នាក់។

របាយការណ៍ បានឱ្យដឹងថា ពលករឆ្លងដែនមកពីថៃ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា កំពុងផ្ទុះ ការឆ្លងរាលដាលក្នុងសហគមន៍សារជាថ្មីផងដែរនេះ គឺត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័កតាមកាលកំណត់ ទាំងអស់ ខណៈអ្នកបញ្ចប់ចត្តាឡីស័ក ចំនួនជាង៤៥០០នាក់ ត្រូវបានអនុញ្ញាតឱ្យចូលសហគមន៍ បាន យកសំណាកចំនួនជាង៨១០០នាក់។ បច្ចុប្បន្ន ក្នុងខេត្តបាត់ដំបង មានមណ្ឌលចត្តាឡីស័កចំនួន១១ នៅ ក្នុងស្រុកកំរៀង សំពៅលូន ភ្នំព្រឹក បវេល ថ្មគោល សំឡូត បាណន់ ឯកភ្នំ រតនមណ្ឌល ស្រុកមោងឫស្សី និងមន្ទីរពេទ្យបង្អែកខេត្ត។

ក្នុងពេលចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការឆ្លងរាលដាល កូវីដ–១៩ កាលពីម្សិលមិញ នៅ តាមស្រុកជាប់ព្រំដែនថៃ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញបន្ថែមឱ្យអាជ្ញាធរស្រុក កំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន សហការជាមួយកងកម្លាំងការពារព្រំដែន បន្តរឹតបន្ដឹងការឆ្លងដែន ដោយពិនិត្យឲ្យបានហ្មត់ចត់នូវសកម្មភាពឆ្លងដែនរបស់ពលករ ត្រូវពិនិត្យសុខភាព ធ្វើចត្តាឡីស័កពួកគេ ឲ្យបានគ្រប់គ្នា ខណៈកម្ពុជា កំពុងមានការឆ្លងកូវីដ–១៩ក្នុងសហគមន៍ជាថ្មីទៀតនោះ ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរទាំងអស់ ខិតខំជួយទប់ស្កាត់កុំឲ្យមានការ រីករាល ដាលខ្លាំងនៃកូវីដ១៩នេះ តាមរយៈវិធានការតាមចាប់ពួកមេខ្យល់ ដែលលួចនាំពលករឆ្លងដែន ខុសច្បាប់ គេចវេះពីការធ្វើចត្តាឡីស័ក ដោយបន្តអំពាវនាវពួកគេ ឲ្យអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល៕ អត្ថបទ៖ បាន សុខរិទ្ធ

website_news/2021230201.txt · Last modified: 2021/02/23 13:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki